ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រីអតីតCNRP ២រូប មិនបានសិទ្ធិធ្វើនយោបាយវិញ ដោយសារខុសបម្រាមតុលាការ
16, Jul 2021 , 4:59 pm        
រូបភាព
ភ្នំពេញ៖ លោក ជូង ជូងី និងលោក ញឹម គឹមញ៉ុល ជាសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ មិនបានសិទ្ធិធ្វើនយោបាយវិញ ដោយសារប្រព្រឹត្តផ្ទុយពីបម្រាមធ្វើសកម្មភាពនយោបាយរបស់តុលាការកំពូល ។


 
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ថា ក្រសួងមិនបានបញ្ជូនសំណើសុំសម្បទានយោបាយអ្នកទាំងពីររូបនេះ ទៅប្រមុខរដ្ឋាភិបាល ដើម្បីថ្វាយទៅព្រះមហាក្សត្រ ប្រោសប្រទានសិទ្ធធ្វើនយោបាយឱ្យពួកគេឡើយ។ បើតាមលោក សុភ័គ មន្ត្រីអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះ បានអនុវត្តផ្ទុយពីការសម្រេចរបស់តុលាការកំពូល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដែលហាមពួកគេ ធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។
 
ចំពោះករណីលោក ជូង ជូងី នោះ គឺពាក់ព័ន្ធនឹងបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពីបទរារាំងពលរដ្ឋ ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត កាលពីឆ្នាំ២០១៨។ នេះបើតាមលោក ខៀវ សុភ័គ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖«បើរូបគាត់(ជូង ជូងី) ជាប់នីតិវិធីតុលាការអ៊ីចឹង ឱ្យក្រសួងមហាផ្ទៃ រៀបចំស្នើសុំសម្បទានយោបាយវិញ គឺវាខុសច្បាប់ ព្រោះមនុស្សនៅជាប់ពិរុទ្ធ»។
 
កាលពីថ្ងៃទី២៤ ខែកក្កដា ២០១៨ គណបក្សប្រជាជនកម្ពុជា បានស្នើទៅ គ.ជ.ប ចាត់វិធានការតាមផ្លូវច្បាប់ចំពោះលោក ជូង ជូងី ក្រោមហេតុផលថា មន្ត្រីអតីតបក្សសង្គ្រោះជាតិរូបនេះ បានរារាំងពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ តាមរយៈសំណេលើបណ្ដាញសង្គមហ្វេសប៊ុក។ ភ្លាមៗនោះ ស្រាប់តែគ.ជ.ប បានដាក់បណ្ដឹងទៅស្ថាប័នពាក់ព័ន្ធឱ្យចាត់វិធានការលើលោក ជូង ជូងី។
 
តាមរយៈបណ្ដឹងដោយឡែកពីគ្នា របស់គ.ជ.ប នោះ បានដាក់ទៅក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បិទបណ្ដាញទំនាក់ទំនងសង្គមរបស់លោក ជូង ជូងី។ បណ្ដឹងមួយទៀត គ.ជ.ប បានដាក់ទៅក្រសួងយុត្តិធម៌ ឱ្យពិនិត្យ និងចាត់វិធានការចំពោះមន្ត្រីអតីតគណបក្សសង្គ្រោះជាតិរូបនេះ ដែលត្រូវបានតុលាការកំពូលហាមធ្វើសកម្មភាពនយោបាយ ក្នុងចំណោមមនុស្ស១១៨នាក់។
 
រីឯបណ្ដឹងមួយទៀត គ.ជ.ប បានដាក់ទៅគណៈមេធាវី ចាត់វិធានការលោក ជូង ជូងី ដែលបកស្រាយរដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ និងច្បាប់បោះឆ្នោតលើបណ្ដាញសង្គមហ្វេសប៊ុក។ ចំណាត់ការរបស់គ.ជ.ប ពេលនោះ ក្រោយពិនិត្យឃើញថា ទង្វើរបស់លោក ជូង ជូងី នេះ វាស្របទៅនឹងសកម្មភាពេបស់លោក សម រង្ស៊ី ប្រធានចលនាសង្ក្រោះជាតិនៅក្រៅប្រទេស ដែលបានអំពាវនាវប្រជាពលរដ្ឋឱ្យធ្វើពហិការបោះឆ្នោត និងយុទ្ធនាការម្រាមដៃស្អាត ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយ ។ 
 
តែយ៉ាងណាលោក ជូង ជូងី អះអាងថា ខ្លួនមិនបានប្រព្រឹត្តសកម្មភាពផ្ទុយពីបម្រាមនយោបាយ ដូចការចោទប្រកាន់នោះទេ ។ សមាជិកគណៈកម្មាធិការនាយកCNRPរូបនេះ បានអះអាងថា ការបកស្រាយរបស់លោក ពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋបោះឆ្នោតនោះ គឺវាស្របតាមច្បាប់ ក្រមព្រហ្មទណ្ឌ និងរដ្ឋធម្មនុញ្ញ ដោយមិនផ្ទុយពីច្បាប់ឡើយ។ 
 
ក្រោយពន្យល់ពីទស្សនខ្លួនហើយ មេធាវីអតីតគណបក្សសង្គ្រោះជាតិរូបនេះ យល់ឃើញថា ការមិនផ្ដល់សិទ្ធិនយោបាយឱ្យលោកវិញនេះ បង្ហាញពីការបំពានរបស់អ្នកមានអំណាចមកលើពលរដ្ឋ និងសង្គម។ ថ្លែ លោក ជូង ជូងី ដែលបានដាក់ពាក្យស្នើសុំសម្បទានយោបាយវិញ កាលពីថ្ងៃទី២៤ កក្កដា ២០២១ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«អាហ្នឹង(បង្ហាញថា)ស្រុកខ្មែរយើង វាមិនទាន់ទៅជានីតិរដ្ឋ គឺអំណាចវានៅតែលើអ្នកមានអំណាច ដែលគេចង់ធ្វើអី គេធ្វើស្រេចតែចិត្តគាត់ គាត់ផ្តល់តែភាពឈឺចាប់ដល់ប្រជាពលរដ្ឋស្លូតត្រង់ »។ 
 
ក្រៅពីលោក ជូង ជូងី ក៏មានលោក ញឹម គឹមញ៉ុល ជាសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ មិនបានសិទ្ធិធ្វើនយោបាយវិញ ដោយសារជាប់បណ្ដឹងពាក់ព័ន្ធនឹងការញុះញុងពលរដ្ឋនៅខេត្តព្រះសីហនុ ឱ្យចូលរួមសកម្មយុទ្ធនាការម្រាមដៃ៩ ដើម្បីគាំទ្រចំពោះគម្រោងលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិក្រៅប្រទេស វិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា ២០១៩។ សកម្មភាពនេះ ត្រូវបានរដ្ឋាភិបាលបានចាត់ទុកជាផែនការប៉ុងប៉ងធ្វើរដ្ឋប្រហារ ហើយឈានទៅដល់ចាប់ខ្លួនអ្នកពាក់ព័ន្ធទៀតផង។
 
ប៉ុន្តែបើលោក ជូង ជូងី និងលោក ញឹម គឹមញ៉ុល ជាសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ ដោះស្រាយបណ្ដឹងទាំងនោះហើយ ទើបពួកគេគឺអាចទទួលបានសម្បទានយោបាយវិញ។ នេះបើតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៕
 
 

Tag:
 ខៀវ សុភ័គ
  ជួង ជូងី
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com