អន្តរជាតិ
ចិន ដាក់ឱ្យប្រើប្រព័ន្ធជួញដូរកាបូនដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុល
16, Jul 2021 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ចិន ដែលប្រទេសបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាសធំបំផុតលើពិភពលោក បានប្រកាសប្រើប្រាស់ប្រព័ន្ធជួញដូរកាបូននៅថ្ងៃទី១៦ ខែកក្កដា។ ប្រព័ន្ធជួញដូរកាបូននេះ នឹងក្លាយជាឧបករណ៍សំខាន់មួយក្នុងយុទ្ធសាស្ដ្ររបស់ចិនលើការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការសម្រេចផែនការអព្យាក្រឹត្យកាបូននៅឆ្នាំ២០៦០។

 
ក្នុងសេចក្ដីប្រកាសថ្ងៃទី១៦ ខែកក្កដា ក្រសួងអេកូឡូស៊ី និងបរិស្ថាន ទីផ្សារជួញដូរកាបូនជាតិដែលធ្វើតាមអនឡាញចាប់ផ្ដើមហើយ ដែលជាការបោះជំហានសំខាន់ក្នុងការកាត់បន្ថយការបញ្ចេញកាបូន និងសម្រេចគោលដៅអព្យាក្រឹត្យកាបូន។
 
គំនិតជួញដូរកាបូននេះ លេចឡើងតាំងពីមួយទសវត្សរ៍មុនមក។ ប៉ុន្តែដោយសារមានការបញ្ចុះបញ្ចូលពីក្រុមហ៊ុនថាមពលធ្យូងថ្ម និងគោលនយោបាយជាតិដែលផ្ដោតលើការអភិវឌ្ឍជាងបរិស្ថាន ទើបគម្រោងនេះត្រូវបានពន្យារពេលរហូតមកពេលនេះ។ ប្រព័ន្ធជួញដូរដែលទើបដំណើរនេះ នឹងកំណត់កម្រិតបញ្ចេញឧស្ម័នពុលសម្រាប់ក្រុមហ៊ុនថាមពលធំៗ និងអនុញ្ញាតឱ្យក្រុមហ៊ុននានា ទិញយកសិទ្ធិបំពុលបរិយាកាសពីក្រុមហ៊ុនផ្សេងទៀតដែលបញ្ចេញកាបូនក្នុងកម្រិតទាបជាងការកំណត់។
 
ជាជំហានដំបូង ការជួញដូរ នឹងគ្រប់ដណ្ដប់លើក្រុមហ៊ុនថាមពលប្រមាណ២២០០ក្រុមហ៊ុន ដែលបញ្ចេញកាបូន១ភាគ៧នៃការបញ្ចេញកាបូនទូទាំងពិភពលោកពីថាមពលផូស៊ីល។ ក្រុមហ៊ុនទាំងនេះ ក៏ផលិតឧស្ម័នកាបូន៣០ភាគរយនៃឧស្ម័នដែលចិនបញ្ចេញនៅឆ្នាំ២០១៩ ផងដែរ។
 
បើតាមក្រុមហ៊ុន Citigroup នៅឆ្នាំ២០២១ ការទិញសិទ្ធិបញ្ចេញឧស្ម័ននេះនឹងមានតម្លៃ៨០០លានដុល្លារ ហើយហក់ឡើងដល់២៥ពាន់ដុល្លារនៅចុងទសវត្សរ៍នេះ។ ជាមួយទំហំនេះ ប្រព័ន្ធជួញដូររបស់ចិនមានទំហំស្មើមួយភាគបីនៃប្រព័ន្ធជួញដូរនៅអឺរ៉ុប។ យ៉ាងណាមិញ នៅថ្ងៃជួញដូរដំបូងនៅទីផ្សារក្រុងសៀងហៃ កាបូនមួយតោនមានតម្លៃ៨ដុល្លារក្នុងមួយតោន ទាបជាងនៅអឺរ៉ុបដែលកាបូនមួយតោនមានតម្លៃជាមធ្យម៤៩,៤០ដុល្លារឯណោះ។  
 
កាលពីសប្ដាហ៍មុន លោក Zhang Xiliang ដែលជាប្រធានរៀបចំប្រព័ន្ធជួញដូរ និយាយថា នៅជំហានបន្ទាប់ ការជួញដូរនឹងបញ្ចូលក្រុមហ៊ុនផ្សេងទៀតក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ និងអាលុយមីញ៉ូមជាដើម៕
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com