កាលពីឆ្នាំមុន យុវសិស្ស ហ្គូយ ជីហុក បានសម្រេចក្តីសុបិន្តរបស់គេ ក្នុងការទៅសិក្សានៅសហរដ្ឋអាមេរិក នៅពេលដែលគេបានចូលរួមក្នុងកម្មវិធីផ្លាស់ការសិក្សាកម្រិតវិទ្យាល័យរបស់ ICES Cambodia ជាលើកដំបូង និងបានឡើងយន្ដហោះទៅរដ្ឋអូក្លាហូម៉ា នៅខែកញ្ញា ឆ្នាំ ២០២០ ។ បន្ទាប់ពីបានជិតមួយឆ្នាំ គេមិនត្រឹមតែបានបង្ហាញថាគេជាសិស្សពូកែ ដែលមិនខ្លាចក្នុងការប្រលូកក្នុងបរិបទសិក្សាថ្មីប៉ុននោះទេ ប៉ុន្តែគេក៏ត្រូវបានទទួលកិត្តិយសជាមួយពានរង្វាន់សិស្សឆ្នើមប្រចាំឆ្នាំរបស់ ICES នៅសហរដ្ឋអាមេរិកផងដែរ ដោយគេជាសិស្សតែម្នាក់គត់ ដែលត្រូវបានជ្រើសរើសក្នុងចំណោមសិស្សចំនួន ១ ៧០០ នាក់ ដែលកំពុងធ្វើការផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិក។ ក្រោយពីត្រលប់មកប្រទេសកម្ពុជា ជីហុក បានចែករំលែកបទពិសោធន៍របស់គាត់ ជាមួយអ្នកយកព័ត៌មានក្នុងស្រុកម្នាក់។
អ្នកយកព័ត៌មាន៖ តើជីហុកអាចពិពណ៌នាអំពីខ្លួនឯងកាលពីមុន ពេលចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកបានទេ? ហើយ តើជីហុកគិតថាមានអ្វីខុសគ្នាយ៉ាងដូចម្តេច បន្ទាប់ពីប្អូនបានបញ្ចប់កម្មវិធីនេះ?
ជីហុក៖ នៅពេលខ្ញុំមកដល់សហរដ្ឋអាមេរិកដំបូង ខ្ញុំមានភាពអៀនច្រើន។ ប៉ុន្តែពេញមួយឆ្នាំ គ្រួសារចិញ្ចឹម និងមនុស្សជុំវិញខ្ញុំបានផ្លាស់ប្តូរខ្ញុំ។ នៅចុងឆ្នាំ នៅពេលដែលខ្ញុំត្រឡប់មកវិញ ខ្ញុំកាន់តែមានទំនុកចិត្ត និងមានភាពក្លាហានក្នុងការនិយាយពីគំនិតរបស់ខ្ញុំ ជាជាងទុកវានៅក្នុងខ្លួនខ្ញុំ ។ ខ្ញុំអាចបង្ហាញពីអារម្មណ៍របស់ខ្ញុំកាន់តែងាយស្រួល ក្នុងពេលឥឡូវនេះ។ ដោយសារតែការរស់នៅឆ្ងាយ ពីផ្ទះរបស់ខ្ញុំអស់រយៈពេលមួយឆ្នាំ ខ្ញុំចង់រៀន និងធ្វើអ្វីដែលថ្មីៗ។ ខ្ញុំពិតជារីករាយ ដែលខ្ញុំទទួលបានឱកាសដែល ICES ផ្តល់មកឱ្យខ្ញុំ ពីព្រោះវាបានផ្លាស់ប្តូរបុគ្គលិកលក្ខណៈរបស់ខ្ញុំទាំងស្រុង ហើយវាពិតជាមានឥទ្ធិពលមកលើអាជីពនាពេលអនាគតរបស់ខ្ញុំ ។
អ្នកយកព័ត៌មាន៖ តើជីហុកយល់យ៉ាងណាអំពីបទពិសោធន៍សិក្សា នៅក្នុងថ្នាក់រៀននៅប្រទេសអាមេរិក? តើអ្វីទៅជាទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ប្អូន?
ជីហុក៖ ខ្ញុំមានអារម្មណ៍ថា ថ្នាក់រៀននៅអាមេរិកមានសេរីភាពច្រើន។ យើងអាចបង្ហាញពីខ្លួនយើងបានច្រើន ហើយជារួម ការរៀនក្នុងថ្នាក់គឺងាយស្រួលជាងការរៀននៅកម្ពុជា។ គេច្រើននិយាយថា ថ្នាក់រៀនអាមេរិកពិបាកជាងថ្នាក់រៀននៅប្រទេសកម្ពុជា ប៉ុន្តែខ្ញុំមានអារម្មណ៍ផ្ទុយពីនេះទៅវិញ។ នៅពេលនិយាយដល់វិទ្យាល័យនៅកម្ពុជា គឺពិបាកជាងព្រោះយើងត្រូវចងចាំមេរៀនជាច្រើន ទើបអាចប្រលងជាប់បាន ហើយក៏មានមុខវិជ្ជាច្រើនជាងនៅវិទ្យាល័យអាមេរិកទៀតផង។ ហើយនៅអាមេរិក យើងថែមទាំងអាចជ្រើសរើសមុខវិជ្ជាដែលយើងចង់រៀនថែមទៀតផង។
រឿងមួយដែលខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺមុខវិជ្ជាកីឡាដែលជាមុខវិជ្ជាសំខាន់នៅក្នុងសាលារៀននៅសហរដ្ឋអាមេរិក។ ពួកគេឱ្យតម្លៃខ្ពស់លើកីឡា ពីព្រោះវាជាមធ្យោបាយទូទៅ ដើម្បីទទួលបានអាហារូបករណ៍នៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យ ។
អ្នកយកព័ត៌មាន៖ តើការរស់នៅជាមួយគ្រួសារចិញ្ចឹមយ៉ាងម៉េចដែរ? តើប្អូនអាចពណ៌នាលម្អិតពីរបៀប ដែលពួកគាត់បានកែប្រែជីវិតរបស់ប្អូនបានទេ?
ជីហុក៖ ពេលមកដល់រដ្ឋអូក្លាហូម៉ា ខ្ញុំត្រូវបានស្វាគមន៍ដោយម្ដាយចិញ្ចឹម ឈ្មោះ Tricia បងប្រុស Landon និងសិស្សផ្លាស់ប្តូរការសិក្សាមកពីប្រទេសអេស្ប៉ាញ ឈ្មោះ Daniela ។ ពួកគេកាន់ប៉េងប៉ោងនិងសញ្ញាស្វាគមន៍ខ្ញុំ ដែលបានចូលមករស់នៅក្នុងក្រុមគ្រួសាររបស់ពួកគេ។ នៅតាមផ្លូវទៅផ្ទះ Tricia គាត់បានទិញប៊ឺហ្គឺរ និងភេសជ្ជៈឱ្យខ្ញុំញុំា។ ពេលយើងមកដល់ផ្ទះ ខ្ញុំសប្បាយចិត្តណាស់ ដែលបានឃើញកូនឆ្កែពូជChihuahua ឈ្មោះ Diesel និងឆ្កែរោមវែងពូជ King Charles Cavalier ឈ្មោះ Bumpus ។ ខ្ញុំត្រូវបាននាំទៅបន្ទប់របស់ខ្ញុំនៅជាន់ខាងលើ ហើយយើងក៏បានចេញទៅលេងបាល់បោះ។ វាងងឹតនៅខាងក្រៅ ដូច្នេះខ្ញុំគិតថាផ្ទះនេះស្ថិតនៅឆ្ងាយដាច់ពីគេ តាមពិតវាស្ថិតនៅក្នុងសង្កាត់ដែលមានផ្ទះនៅជុំវិញយើងគ្រប់ទីកន្លែង។ ឪពុកចិញ្ចឹមរបស់ខ្ញុំ ឈ្មោះ Jay បានត្រលប់មកផ្ទះវិញជាមួយឡានដឹកទំនិញធុនធំរបស់គាត់ ហើយបានសួរសុខទុក្ខខ្ញុំ។ ខ្ញុំបានគេងលក់ភ្លាមៗនៅថ្ងៃនោះ។
ខ្ញុំមានទំនាក់ទំនងល្អជាមួយពួកគាត់ ហើយក្នុងពេលតែមួយក៏បានរៀនសូត្រច្រើនពីពួកគាត់ផងដែរ។ ពួកគាត់នាំខ្ញុំទៅកន្លែងជាច្រើន និងឱ្យខ្ញុំសាកល្បងភ្លក់មុខម្ហូបផ្សេងៗជាច្រើន។ ពួកគាត់ គឺជាផ្នែកដ៏ធំមួយនៃការផ្លាស់ប្តូររបស់ខ្ញុំ។ Tricia តែងតែចាំជួយខ្ញុំនៅពេលខ្ញុំមានបញ្ហាណាមួយ ហើយ Jay បានបង្រៀនខ្ញុំជាច្រើនអំពីការកសាងទម្លាប់ល្អ ផ្នត់គំនិត និងការរៀបចំលុយកាក់។ បងប្អូនចិញ្ចឹមរបស់ខ្ញុំ តែងតែបង្ហាញខ្ញុំនូវអ្វីដែលជាការពេញនិយមនៅសហរដ្ឋអាមេរិក និងបានលើកទឹកចិត្តខ្ញុំឱ្យធ្វើអ្វីថ្មី។ ចំលែកឯ Danielaក៏បានបង្រៀនខ្ញុំឱ្យរៀនរស់នៅដោយសប្បាយចិត្ត។ វាពិតជាឆ្នាំ ដែលគួរឱ្យអស្ចារ្យសម្រាប់ខ្ញុំ ។
អ្នកយកព័ត៌មាន៖ តើជីហុកបានបង្កើតមិត្តភក្តិថ្មីនៅទីនោះទេ? ហើយមានទំនាក់ទំនងពិសេសជាមួយពួកគេទេ? ដោយសារឥឡូវប្អូនបានត្រឡប់មកប្រទេសកម្ពុជាវិញ តើប្អូននឹងទាក់ទងជាមួយពួកគេដោយរបៀបណា?
ជីហុក៖ ខ្ញុំបានជួបមិត្តភក្តិច្រើននៅអាមេរិកនៅ កន្លែងរត់ប្រណាំង ហើយខ្ញុំបានរាប់អានមិត្តជិតស្និទ្ធមួយចំនួន។ យើងចូលចិត្តដើរលេងជាមួយគ្នា។ ហើយឥឡូវនេះខ្ញុំបានត្រឡប់មកប្រទេសកម្ពុជាវិញ តែ ខ្ញុំនៅទាក់ទងពួកគេតាម Instagram ។
អ្នកយកព័ត៌មាន៖ តើជីហុក បានប្រឈមនឹងបញ្ហាអ្វីខ្លះ ខណៈកំពុងរស់នៅសហរដ្ឋអាម្ររិក? ប្រសិនបើមាន តើប្អូនធ្វើយ៉ាងម៉េច ដើម្បីយកឈ្នះបញ្ហាទាំងនោះ?
ជីហុក៖ បញ្ហាប្រឈមធំបំផុតដែលខ្ញុំបានជួបប្រទះដំបូង គឺផ្នត់គំនិតជនជាតិអាមេរិក។ នៅប្រទេសកម្ពុជា ពេលយើងចង់និយាយរឿងអ្វី យើងនឹងរក្សាវាទុកក្នុងចិត្តរបស់យើង ប៉ុន្តែនៅសហរដ្ឋអាមេរិក ប្រសិនបើអ្នកគិតពីអ្វីមួយ អ្នកគ្រាន់តែនិយាយចេញមក ។ ពួកគេនិយាយចំៗ ហើយពួកគេបង្ហាញពីអារម្មណ៍ពិត។ ប៉ុន្តែក្រោយមក ខ្ញុំបានយកឈ្នះវា ដោយក្លាយជាម្នាក់ក្នុងចំណោមពួកគេ ដោយរៀនបង្ហាញពីខ្លួនខ្ញុំ និងមានទំនុកចិត្តខ្ពស់ ។
អ្នកយកព័ត៌មាន៖ តើប្អូនគិតថាបទពិសោធន៍នេះ នឹងជះឥទ្ធិពលអ្វីខ្លះដល់អនាគតរបស់ប្អូនទាំងក្នុងការរៀនសូត្របន្ត និងអាជីពការងារ?
ជីហុក៖ ខ្ញុំគិតថាកម្មវិធីផ្លាស់ប្តូរការសិក្សានេះ គឺដូចជាការសាកល្បងខ្លួនឯងសម្រាប់ការទៅរស់នៅសហរដ្ឋអាមេរិក ហើយជាការពិតខ្ញុំចង់ត្រឡប់ទៅវិញម្តង ទៀតនៅពេលអនាគត ប្រសិនបើខ្ញុំអាចមានលទ្ធភាព ។ ជាការពិតណាស់ ខ្ញុំពិតជាចង់ត្រលប់មកវិញ។ ខ្ញុំក៏ចង់
ទៅធ្វើការនៅទីនោះដែរ ព្រោះមានឳកាសការងារច្រើន ហើយយើងគ្រាន់តែខិតខំធ្វើការ ដើម្បីលូតលាស់ទៅមុខ ។ ខ្ញុំមិនទាន់មានការសម្រេចច្បាស់អំពីអាជីពរបស់ខ្ញុំនៅឡើយទេ ប៉ុន្តែខ្ញុំចង់ធ្វើដំណើរបន្ថែមទៀត ។
អ្នកយកព័ត៌មាន៖ តើជីហុកមានសារអ្វីសម្រាប់សិស្សានុសិស្សនៅកម្ពុជាដែរឬទេ?
ជីហុក៖ ខ្ញុំចង់ស្នើសុំឱ្យពួកគេសាកល្បងអ្វីដែលថ្មី ហើយកុំខ្លាចក្នុងការរស់នៅឆ្ងាយពីផ្ទះរបស់ពួកគេ។ ខ្ញុំមិនមែនជាមនុស្សដែលសក្តិសមនឹងនិយាយរឿងបែបនេះ ប៉ុន្តែខ្ញុំចង់អោយពួកគេបើកចិត្ត ហើយព្យាយាមសាកល្បងអ្វីដែលថ្មី។ យ៉ាងណាមិញ មេរៀនសំខាន់ដែលខ្ញុំបានរៀនពីការផ្លាស់ប្តូរការសិក្សានេះ គឺការបើកចំហចិត្ត ចំពោះអ្វីដែលថ្មី ហើយត្រូវចេះវាងវៃ ដើម្បីដឹងថា តើអ្នកណាដែលយើងគួរទុកចិត្ត ៕
ឥឡូវនេះ ដល់វេនរបស់អ្នក ដើម្បីទទួលបានបទពិសោធន៍ពីវប្បធម៌ និងការអប់រំនៅសហរដ្ឋអាមេរិកហើយ។ ដោយវិនិយោគរយៈពេលមួយឆ្នាំរបស់អ្នក អ្នកអាចផ្លាស់ប្តូរជីវិតរបស់អ្នក។ ICES Cambodia កំពុងទទួលយកសិស្សចុះឈ្មោះចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យ នៅឆ្នាំ ២០២២-២០២៣ ។ សូមធ្វើតេស្តភាសាអង់គ្លេស ដើម្បីដឹងថា តើអ្នកមានសមត្ថភាពក្លាយជាសិស្សផ្លាស់ប្តូរការសិក្សាជំនាន់ទី ៣ នៅ ICES Cambodia ដែរឬទេ? ទំនាក់ទំនងទូរសព្ទលេខ៖ ០៧៧ ៧៧៧ ២៤៤ / ០៩៨ ៦៨៦ ៩០១ ឬតាមរយៈសារតេលេក្រាមមក ICESCAMBODIA1 អំពីបានដឹងរបៀបដែលអ្នកអាចចាប់ផ្តើមធ្វើវាបាន!