COVID-19
ជាតិ
ផ្សារអូឡាំពិក បើកឲ្យដំណើរការឡើងវិញ
16, Jul 2021 , 11:00 pm        
រូបភាព
ទិដ្ឋភាពផ្សារអូឡាំពិក ថតនៅចុងខែមេសា ឆ្នាំ២០២១។
ទិដ្ឋភាពផ្សារអូឡាំពិក ថតនៅចុងខែមេសា ឆ្នាំ២០២១។
មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានបើកឲ្យដំណើរការឡើងវិញ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្តីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលចេញនៅយប់ថ្ងៃទី១៦ ខែកក្កដា។



លោក ឃួង ស្រេង ប្រាប់អាជីវករ មន្រ្តីសន្តិសុខ បុគ្គលិក កម្មករ និង អ្នកពាក់ព័ន្ធទាំងឡាយ នៅផ្សារអូឡាំពិក ឲ្យទៅធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការកំណត់របស់អាជ្ញាធរ។ ចំណែកគណៈកម្មការផ្សារអូឡាំពិក ត្រូវលោក ណែនាំឲ្យកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ ក្នុងបរិមាណសមរម្យ ដែលសមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីអាចរក្សាគម្លាតសុវត្ថិភាព និងដើម្បីមានខ្យល់ចេញ-ចូលគ្រប់គ្រាន់។

លោកអភិបាលរាជធានីភ្នំពេញ ព្រមានថា អាជីវករ មន្រ្តីសន្តិសុខ បុគ្គលិក កម្មករ និងជនទាំងឡាយណា ដែលមិនពាក់ម៉ាស់ មិនរក្សាគម្លាតសុវត្ថិភាព ក្នុងបរិវេណផ្សារ នឹងត្រូវពិន័យពី២០ម៉ឺនរៀល ដល់១លានរៀល។ លោក ព្រមានទៀតថា បើមានការជួបជុំប្រមូលផ្តុំគ្នាក្នុងបរិវេណផ្សារ នឹងត្រូវពិន័យ២លានរៀល។

សូមរម្លឹកថា ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានផ្អាកដំណើរការផ្សារអូឡាំពិក ចាប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១មក៕

Tag:
 COVID-19
  បើកផ្សារអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com