អន្តរជាតិ
ចិន អនុញ្ញាតឱ្យចាក់វ៉ាក់សាំង Sinopharm លើក្មេងអាយុ៣-១៧ឆ្នាំ
17, Jul 2021 , 10:29 am        
រូបភាព
រដ្ឋាភិបាលចិន បានផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm លើកុមារអាយុពី៣ឆ្នាំទៅ១៧ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Sinopharm នៅថ្ងៃទី១៦ ខែកក្កដា។

 
វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ជាវ៉ាក់សាំងទី២ ដែលទទួលការអនុញ្ញាតឱ្យចាក់លើក្រុមមនុស្សវ័យក្មេងក្រោមលក្ខខណ្ឌបន្ទាន់ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ។ វ៉ាក់សាំងរបស់ Sinovac ទទួលបានភ្លើងបៃតងកាលពីខែមិថុនាកន្លងទៅ។
 
 
ក្រុមហ៊ុន Sinopharm បានបញ្ចប់ការសាកល្បងមនុស្សដោយមានអ្នកចូលរួមច្រើនជាង៦ម៉ឺននាក់អាយុ៣ទៅ១៧ឆ្នាំ ដោយប្រើប្រាស់វ៉ាក់សាំងដែលផ្ដល់ឱ្យមនុស្សអាយុ១៨ឆ្នាំឡើង។ ក្រុមហ៊ុននេះអះអាងថា វ៉ាក់សាំងមានសុវត្ថិភាព និងបណ្ដុះអង្គបដិបក្ខដោយមិនខុសគ្នានឹងមនុស្សពេញវ័យឡើយ។ 
 
ការអនុញ្ញាត នឹងបើកផ្លូវដល់យុទ្ធនាការផ្ដល់វ៉ាក់សាំងឱ្យក្រុមមនុស្សវ័យក្មេង ដែលកន្លងមកមិនមែនជាគោលដៅអាទិភាពដូចក្រុមមនុស្សវ័យ១៨ឆ្នាំឡើងឡើយ។ តាមគម្រោង ចិននឹងចាប់ផ្ដើមចាក់វ៉ាក់សាំងឱ្យក្មេងៗអាយុចន្លោះ១២ទៅ១៧ឆ្នាំនៅក្នុងខែកក្កដានេះតែម្ដង។ ខេត្តចំនួន១១មានអានហ៊ុយ គ័ងស៊ី ហ៊ូប៉ី និងហៃណាន នឹងចាប់ចាក់វ៉ាក់សាំងឱ្យមនុស្សអាយុពី១៥ទៅ១៧ឆ្នាំនៅខែនេះ និងអ្នកអាយុ១២ទៅ១៤ឆ្នាំនៅខែសីហា។
 
គិតត្រឹមដំណាច់ខែមិថុនា ចិនផ្ដល់វ៉ាក់សាំងឱ្យប្រជាជនបានជាង៥៦០លាននាក់រួចហើយ។ ចិនគ្រោងផ្ដល់វ៉ាក់សាំងដល់ប្រជាជនឱ្យបាន៨០ភាគរយនៅត្រឹមចុងឆ្នាំ២០២១ នេះ៕
 
 
 
 
 

Tag:
 ចិន
  Sinopharm
© រក្សាសិទ្ធិដោយ thmeythmey.com