ជាតិ
នាយកសាលានិងគ្រូបង្រៀនល្អចំនួន១៨នាក់ ទទួលបាន «ពានរង្វាន់សម្តេច ហ៊ុន សែន»
17, Jul 2021 , 5:19 pm        
រូបភាព
 រូបតំណាង៖ សម្តេច ហ៊ុន សែន ប្រគល់ពានរង្វាន់ដល់ នាយកសាលារៀនល្អ និងគ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ដំបូងនៅបឋមសិក្សា  នាឱកាសបិទសន្និបាតអប់រំ កាលពីឆ្នាំ២០១៩ រាជធានីភ្នំពេញ។
រូបតំណាង៖ សម្តេច ហ៊ុន សែន ប្រគល់ពានរង្វាន់ដល់ នាយកសាលារៀនល្អ និងគ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ដំបូងនៅបឋមសិក្សា នាឱកាសបិទសន្និបាតអប់រំ កាលពីឆ្នាំ២០១៩ រាជធានីភ្នំពេញ។
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា សម្រេចប្រគល់ពានសម្តេច ហ៊ុន សែន ប្រចាំឆ្នាំសិក្សា២០១៩-២០២០  ដល់នាយកសាលាល្អចំនួន៣នាក់ និងគ្រូបង្រៀនល្អពីថ្នាក់ទី១ដល់ទី៣ ចំនួន១៥នាក់។  នេះបើយោងតាមសេចក្តីប្រកាសរបស់លោករដ្ឋមន្ត្រីអប់រំ នាថ្ងៃទី១៦កក្កដា ឆ្នាំ២០២១  ដោយបានបញ្ជាក់ថា សម្រាប់គ្រូដែលទទួលបានពានរង្វាន់សម្តេច ហ៊ុន សែន នេះ  គឺជាគ្រូបង្រៀនល្អ, គ្រូបង្រៀនល្អផ្នែកភាសាខ្មែរ និងផ្នែកគណិតវិទ្យា។

 
បើតាមលោក ហង់ជួន ណារ៉ុន ចំពោះនាយកសាលាល្អ៣រូប ដែលទទួលបានពានរង្វាន់សម្តេច ហ៊ុន សែននោះ សម្រាប់ជ័យលាភីលេខ១ បានទៅលើលោក អឿម ឃឿម ជានាយកវិទ្យាល័យ នេតយ៉ង់ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង, ជ័យលាភីលេខ២ បានលើលោក ចាន់ សំអន នាយកសាលានៅបឋមសិក្សាស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង, និងជ័យលាភីលេខ៣ សម្រាប់នាយកល្អនោះ បានទៅលើ អ្នកស្រី តុប ធីតា ដែលជានាយិកាវិទ្យាល័យ ជាស៊ីម អង្គរជ័យ នៅស្រុកអង្គរជ័យ ខេត្តកំពត។
 
សម្រាប់គ្រូបង្រៀនល្អប្រចាំឆ្នាំសិក្សាឆ្នាំ២០១៩-២០២០ ដែលនឹងទទួលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន  ជ័យលាភីលេខ១ បានទៅលើ លោក ថន គឹមអាង ជាគ្រូបង្រៀននៅវិទ្យាព្រែកព្នៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង។ លេខទី២ គឺអ្នកស្រី ញ៉ុញ សុភឿន ជាគ្រូបង្រៀននៅបឋមសិក្សាអនុវត្ត ក្នុងខេត្តកំពង់ឆ្នាំ, លេខ៣ បានទៅលើអ្នកស្រី ជា ពុទ្ធីតា គ្រូបង្រៀន នៅបឋមសិក្សាវាលវង់ ក្នុងខេត្តកំពង់ចាម, លេខ៤  ជាអ្នកស្រី លី សុភាព គ្រូបង្រៀននៅវិទ្យា ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ខេត្តប៉ៃលិន  និងជ័យលាភីលេខ៥ បានទៅលើ លោក ចាន់ សុផល ជាគ្រូបង្រៀន នៅវិទ្យាល័យត្របែក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
 
ដោយឡែក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន សម្រាប់គ្រូបង្រៀនល្អផ្នែកភាសាខ្មែរ ពីថ្នាក់ទី១ដល់ទី៣ នោះមានលេខលាភីលេខ១ បានទៅលើអ្នកស្រី ពន បូរី ជាគ្រូបង្រៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សម្រាប់ជ័យលាភីលេខ២  បានទៅលើអ្នកស្រី សឿន ស្រីពេជ្រ ជាគ្រូបង្រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាតាំ្រ ក្រុងដូនកែវ ខេត្តតាកែវ, លេខ៣ បានលើទៅអ្នកស្រី ជួន សុជាតា គ្រូបង្រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ សម្រាប់ជ័យលាភីលេខ៤ បានទៅលើអ្នកស្រី ភាព ស្រីតូច ជាគ្រូបង្រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាដូនស្វា ស្រុកអង្គរជុំ ខេត្តសៀមរាប និងលេខ៥ បានទៅលើអ្នកស្រី ចន សុទ្ធាវី គ្រូបង្រៀនថ្នាកទី៣ នៅសាលាបឋមសិក្សា ហ៊ុន សែន ទួលសុភាឃួន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  
 
រីឯ គ្រូបង្រៀនល្អផ្នែកវិទ្យាពីថ្នាក់ទី១ដល់ទី៣ ចំនួន៥នាក់ដែលទទួលបានពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មាន លេខលាភីលេខ១ បានទៅលើ អ្នកស្រី ឈុំ ណៃគា គ្រូបង្រៀនថ្នាក់ទី២ នៅបឋមសិក្សាសាលាលេខ៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង, លេខ២ បានលើទៅ អ្នកស្រី តិប បូរី គ្រូបង្រៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សាអនុវត្ត ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ជ័យលាភីលេខ៣ បានលើទៅលើ អ្នកស្រី ឈុំ សំអូន គ្រូបង្រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, លេខ៤ បានទៅលើអ្នកស្រី កាន់ ជូ គ្រូបង្រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម និងជ័យលាភី លេខ៥ បានទៅលើអ្នកស្រី អុន សំអូន គ្រូបង្រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាទៀបាញ់គំរូ ស្រុកពួក ខេត្តសៀម។ 
 
ក្រៅពីនាយកសាលា និងគ្រូបង្រៀនខាងលើដែលទទួលបានពានសម្តេចតេជោ ហ៊ុន សែន  ហើយនោះលោក ហង់ជួន ណារ៉ុន បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសស្តីពី ការប្រគល់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីនាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបងៀនល្អភាសាខ្មែរ និងគណិតវិទ្យាល្អ ថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាត ឆ្នាំសិក្សា២០១២-២០២០ របស់ខ្លួន ក៏មានសាលា និងវិទ្យាចំនួន៥ផ្សេងទៀតបានជាប់«លាភីសាលាស្អាត» ផងដែរ។ ក្នុងនោះ វិទ្យាល័យ ហ៊ុន សែន ប្រសូតិ ដែលមានទីតាំងនៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ១។ 
 
ចំពោះជ័យលាភីលេខ២ បានទៅលើសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង, លេខ៣ បានទៅលើវិទ្យាល័យភ្ញីមាស នៅស្រុកព្រៃកប្បាស ខេត្តតាកែវ, លេខ៤ បានទៅលើវិទ្យាល័យ វាលរេញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជ័យលាភីលេខ៥ បានទៅលើវិទ្យាល័យកំពង់ស្ពឺ នៅក្រុងច្បារមន ខេត្តកំពង់ស្អឺ៕ 
 
 
 
 
 
 
 

Tag:
 សាលារៀន
  គ្រូបង្រៀន
  ពានរង្វាន់សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com