អន្តរជាតិ
លោកលី សៀនឡុង ៖ សិង្ហបុរី នឹងបរិច្ចាគវ៉ាក់សាំងរបស់ខ្លួនឱ្យប្រទេសផ្សេងតាម COVAX
17, Jul 2021 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថ្លែងក្នុងកិច្ចប្រជុំមេដឹកនាំ APEC នៅថ្ងៃទី១៦ ខែកក្កដា។ រូបថតកាត់ចេញពីវីដេអូបង្ហោះលើហ្វេសប៊ុកលោក លី_
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថ្លែងក្នុងកិច្ចប្រជុំមេដឹកនាំ APEC នៅថ្ងៃទី១៦ ខែកក្កដា។ រូបថតកាត់ចេញពីវីដេអូបង្ហោះលើហ្វេសប៊ុកលោក លី_
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ប្រកាសនៅថ្ងៃទី១៦ ខែកក្កដា ថា ប្រទេសលោកនឹងមានបំណងបរិច្ចាគវ៉ាក់សាំងរបស់ខ្លួនទៅឱ្យប្រទេសផ្សេងតាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក។ លោក លី ប្រកាសបែបនេះនាកិច្ចប្រជុំវិសាមញ្ញមេដឹកនាំសមាជិកកិច្ចប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ លោក៏ស្នើឱ្យប្រទេសផ្សេងៗដែលមានយុទ្ធនាការចាក់វ៉ាក់សាំងឈានទៅមុខ បរិច្ចាគវ៉ាក់សាំងខ្លះឱ្យប្រទេសដែលខ្វះខាតផងដែរ។

 
កិច្ចប្រជុំវិសាមញ្ញមេដឹកនាំ APEC ត្រូវបានកោះប្រជុំដោយនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន ដែលជាប្រធានឆ្លាស់វេននៅឆ្នាំ២០២១ ។ តាមពិតកិច្ចប្រជុំធំ ត្រូវធ្វើនៅចុងឆ្នាំឯណោះ តែនូវែលសេឡង់ មើលឃើញពីភាពចាំបាច់ក្នុងការរៀបចំកិច្ចប្រជុំមួយដើម្បីឆ្លើយតបស្ថានភាពបន្ទាន់របស់ពិភពលោកបង្កដោយជំងឺកូវីដ-១៩ ។
 
នាកិច្ចប្រជុំនោះ នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង បានលើកឡើងពីភាពចាំបាច់ដែលសមាជិកក្នុងតំបន់ APEC ជួយគ្នាទៅវិញទៅមកដើម្បីទប់ទល់វិបត្តិបច្ចុប្បន្ន និងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ។ លោក លី លើកជាឧទាហរណ៍ដូចជាការផ្ដល់ជំនួយបច្ចេកទេសដល់ប្រទេសផ្សេងដើម្បីពង្រឹងសមត្ថភាពសុខាភិបាលសាធារណៈ។ 
 
ទាក់ទងរឿងវ៉ាក់សាំង នៅចំពោះមេដឹកនាំមេដឹកនាំប្រទេសធំៗមានប្រធានាធិបតីអាមេរិក ចូ បៃឌិន, ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ជាដើម ប្រមុខរដ្ឋាភិបាលសិង្ហបុរីរូបនេះ ក៏អំពាវនាវឱ្យប្រទេសដែលបានចាក់វ៉ាក់សាំងឱ្យប្រជាជនបានច្រើនហើយនោះ ផ្ដល់វ៉ាក់សាំងដែលលើសទៅឱ្យប្រទេសផ្សេង។ ត្រង់ចំណុចនេះ លោក លី បញ្ជាក់ថា សិង្ហបុរី ក៏នឹងធ្វើបែបនោះដូចគ្នាផងដែរ។
 
«ដូចនេះ សិង្ហបុរី មានបំណងបរិច្ចាគវ៉ាក់សាំងរបស់យើងតាមរយៈគំនិតផ្ដួចផ្ដើម COVAX ទៅឱ្យប្រទេសឯទៀត។» នាយករដ្ឋមន្រ្តីសិង្ហបុរីថ្លែងបែបនេះក្នុងបទអន្តរាគមន៍របស់លោក។ 
 
បើតាមរបាយការណ៍ក្រសួងសុខាភិបាលសិង្ហបុរី គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ក្នុងយុទ្ធនាការថ្នាក់ជាតិ វ៉ាក់សាំងច្រើនជាង៦,៥៧លានដូស ត្រូវបានចាក់ឱ្យប្រជាជន។ មនុស្សប្រមាណ២,៥៤លាននាក់ ទទួលបានវ៉ាក់សាំងពេញលេញ ធ្វើឱ្យសិង្ហបុរីឈរលេខលើតារាងចាក់វ៉ាក់សាំងនៅអាស៊ាន។ នៅសិង្ហបុរី វ៉ាក់សាំងដែលប្រើមានពីរ គឺវ៉ាក់សាំងរបស់ Pfizer ដែលចាក់ក្រោមឆត្រយុទ្ធនាការថ្នាក់ជាតិ និងវ៉ាក់សាំងរបស់ Sinovac ដែលប្រើក្នុងវិស័យឯកជន៕  
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com