អន្តរជាតិ
មេដឹកនាំ​តំបន់​ឆ្នេរ​ប៉ាស៊ីហ្វិក រក​វិធី​ជំរុញ​សេដ្ឋកិច្ច​ចេញ​ពី​ជំងឺ​រាតត្បាត
17, Jul 2021 , 11:59 pm        
រូបភាព
បុរស​ម្នាក់ ដើរកាត់​ភោជនីយដ្ឋាន​នានា​នៅ​ទីក្រុង​លីយ៉ុងនៃ​ប្រទេស​បារាំង កាលពី​ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។---
បុរស​ម្នាក់ ដើរកាត់​ភោជនីយដ្ឋាន​នានា​នៅ​ទីក្រុង​លីយ៉ុងនៃ​ប្រទេស​បារាំង កាលពី​ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។---
ដោយ: VOA
ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​សមភាគី​ចិន​លោក​ Xi Jinping ​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ លោក​ Yoshihide Suga ​និង​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ ស្ថិត​ក្នុង​ចំណោម​មេដឹក​នាំ​បណ្តា​ប្រទេស​នៅ​តាម​បណ្តោយ​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ពិភាក្សា​គ្នា​អំពី​យុទ្ធសាស្ត្រជួយ​ឲ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ​ពី​ជំងឺ​កូវីដ១៩។ ​នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AP។ ​

 
នាយក​រដ្ឋមន្រ្តីនូវែលសេឡង់​ លោកស្រី ​Jacinda Ardern​ នឹង​ធ្វើជា​ប្រធាន​កិច្ច​ប្រជុំ​មេដឹក​នាំ​ពិសេស​នៃ​វេទិកា​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​ដែល​មាន​សមាជិក​២១​ប្រទេស​នៅ​ថ្ងៃសុក្រ​នេះ។​ ប៉ុន្តែ​គោល​នយោបាយ​កិច្ចការ​ទូត​ ​ជំងឺរាតត្បាត​ និង​ការ​ចាក់​វ៉ាក់សាំង​ គឺជា​ប្រធាន​បទ​មាន​ការ​ខ្វែង​គំនិត​គ្នាក្នុង​ចំណោម​សមាជិក​នៃ​វេទិកា​នេះ​ដែល​និយាយ​ថា គោល​ដៅ​ចម្បង គឺគាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ និង​វិបុលភាព​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​
 
សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាន​បាន​បញ្ជាក់​ថា​ លោក​ Biden​ បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី ​Ardern​ នៅ​ថ្ងៃសុក្រ មុន​ការ​ចាកចេញ​របស់​មេដឹកនាំ​ ហើយ​បាន​ពិភាក្សា​អំពី​ចំណាប់​អារម្មណ៍​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ថែរក្សា​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ជា​តំបន់​សេរី​និង​បើក​ចំហ។ ​សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ទៀត​ថា ​«ពួកអស់​លោកក៏បាន​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ និង​ការ​ចូលរួម​របស់​យើង​ជាមួយ​បណ្តា​ប្រទេស​ដែន​កោះ​នៅ​ប៉ាស៊ីហ្វិកដែរ»។​
 
រដ្ឋបាលលោក ​Biden​ បាន​យក​ចិត្តទុកដាក់​ខ្ពស់​ចំពោះទំនាក់​ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​នៅ​តំបន់ប៉ាស៊ីហ្វិក​តាំងពី​ចាប់ផ្តើម​រដ្ឋបាល​របស់​លោក។​
 
សកម្មភាព​ការទូត​លេច​ធ្លោ​ដំបូង​គេមួយ​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី ​គឺ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​តាម​អនឡាញ​ជាមួយ​មេដឹក​នាំ​ក្រុម Quad​ ដែល​មាន​អូស្ត្រាលី​ ឥណ្ឌា​និង​ជប៉ុន​ និង​ស.រ.អា.​ដែល​ជាក្រុម​ស្នូល​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​លោក​ប្រឆាំង​នឹង​អំណាច​យោធា​ និង​សេដ្ឋកិច្ច​ដែល​កំពុង​កើន​ឡើង​របស់​ប្រទេស​ចិន៕
 
អ្នក​និពន្ធ​ព័ត៌មាន​ Associated Press គឺ​ Aamer Madhani​ នៅ​ទីក្រុង​ Chicago​ និង​ Mari Yamaguchi​ នៅ​ទីក្រុង​តូក្យូ​ បាន​ចូលរួម​ចំណែក​ក្នុង​សេចក្តីរាយការណ៍​នេះ
 

© រក្សាសិទ្ធិដោយ thmeythmey.com