អន្តរជាតិ
វៀតណាម ចេញវិធានការរឹតត្បិតក្នុងខេត្ត១៦នៅភាគខាងត្បូងដើម្បីទប់ស្កាត់កូវីដ-១៩
18, Jul 2021 , 10:59 am        
រូបភាព
រូបថត AFP
រូបថត AFP
រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី១៧ ខែកក្កដា បានសម្រេចចេញវិធានការរឹតត្បិតការធ្វើដំណើរក្នុងខេត្តចំនួន១៦នៅភាគខាងត្បូងប្រទេសដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំង។ ក្រុងហូជីមិញ ក្លាយជាចំណុចកណ្ដាលនៃរលកវាយប្រហារវាយដ៏អាក្រក់របស់ជំងឺផ្លូវដង្ហើមមួយនេះ បន្ទាប់វៀតណាមអាចគ្រប់ស្ថានការណ៍បានមួយរយៈមក។

 
វៀតណាមដែលតាំងពីផ្ទុះជំងឺកូវីដ-១៩ មកអាចត្រួតត្រាស្ថានការណ៍បាន កំពុងរងគ្រោះដោយសាររលកឆ្លងខ្លាំងមិនធ្លាប់មាន។ ការធ្វើតេស្តទ្រង់ទ្រាយធំ ការតាមរករណីសង្ស័យ និងការគ្រប់គ្រងព្រំដែនតឹងរ៉ឹងជួយវៀតណាមចៀសផុតពីការវាយប្រហារធ្ងន់ធ្ងរ ប៉ុន្តែនៅករណីឆ្លងនៅសប្ដាហ៍ថ្មីៗនេះ បានបង្កក្ដីបារម្ភខ្លាំងរហូតអាជ្ញាធរចាត់វិធានការរឹតត្បិតមិនធ្លាប់មាន។
 
នៅថ្ងៃទី១៧ ខែកក្កដា រដ្ឋាភិបាលវៀតណាមប្រកាសអនុវត្តវិធានការបិទខ្ទប់ចលនាប្រជាជនក្នុងខេត្តភាគខាងត្បូងចំនួន១៦ ចំនួន២សប្ដាហ៍ចាប់ពីថ្ងៃទី១៩ ខែកក្កដាតទៅដើម្បីទប់ស្កាត់ការរាលដាលកាន់តែខ្លាំង ខណៈករណីឆ្លងប្រចាំថ្ងៃបន្តកើនឡើង។ នៅថ្ងៃទី១៧ ខែកក្កដា វៀតណាមរាយការណ៍ករណីឆ្លងប្រចាំថ្ងៃដល់ទៅជាង៣ពាន់៧រយករណី ដែលជាថ្ងៃទីបីប្រទេសនេះមានករណីឆ្លងខ្ទង់៣ពាន់ករណីនោះ។ ករណីឆ្លងសរុបមានជាង៤ម៉ឺន៧ពាន់ករណី និងស្លាប់២២៥នាក់។
 
«ការផ្ទុះរាលដាលបច្ចុប្បន្នដែលយើងកំពុងប្រទះ ពិតជាស្មុគស្មាញ។ ការរឹតត្បិតមានគោលដៅជួយប្រជាជន។» សេចក្ដីប្រកាសរដ្ឋាភិបាលវៀតណាមបញ្ជាក់បែបនេះ។
 
ករណីឆ្លងភាគច្រើនបំផុត ត្រូវបានរកឃើញនៅទីក្រុងហូជីមិញដែលជាទីក្រុងធំជាងគេនៅភាគខាងត្បូង។ ក្រសួងសុខាភិបាលវៀតណាម ក៏បានបញ្ជូនបុគ្គលិកសុខាភិបាលប្រមាណ១ម៉ឺននាក់ទៅកាន់ខេត្តដែលរងគ្រោះខ្លាំងដើម្បីទប់ទល់ស្ថានការណ៍ផងដែរ។ លើសពីនោះ វៀតណាម ក៏ត្រូវប្រញាប់រកវ៉ាក់សាំងចាក់ឱ្យប្រជាជនរបស់ខ្លួន ខណៈសព្វថ្ងៃយុទ្ធនាការវ៉ាក់សាំងរបស់ប្រទេសនេះមានសភាពយឺតធៀបនឹងប្រទេសក្បែរខាង។
 
ត្រឹមពាក់កណ្ដាលខែកក្កដា វៀតណាមមានអ្នកទទួលបានវ៉ាក់សាំងពេញលេញចំនួនជាង៣០ម៉ឺននាក់ប៉ុណ្ណោះក្នុងចំណោមប្រជាជនជាង៩៨លាននាក់។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទទួលបានវ៉ាក់សាំងជិត៩លានដូសហើយ តែល្បឿននៃការចាក់វ៉ាក់សាំងនៅយឺតនៅឡើយ៕
 
 
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com