COVID-19
ជាតិ
រដ្ឋបាលខេត្តស្វាយរៀង បិទផ្សារកំពង់ត្រាចបណ្ដោះអាសន្ន និងបន្តផ្អាកលក់គ្រឿងស្រវឹង
18, Jul 2021 , 12:59 pm        
រូបភាព
ផ្សារកំពង់ត្រាច រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
ផ្សារកំពង់ត្រាច រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង សម្រេចបិទអាជីវកម្មនៅផ្សារកំពង់ត្រាចជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៨-៣១ ខែកក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះ ការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងខេត្តស្វាយរៀង នឹងបន្តផ្អាកដល់ថ្ងៃទី២៥ កក្កដា។



ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅភូមិសាស្រ្តស្រុករមាសហែក រដ្ឋបាលខេត្តស្វាយរៀង បានបិទជាបណ្ដោះអាសន្ននូវការធ្វើអាជីវកម្មក្នុងផ្សារកំពង់ត្រាច ដែលស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងភូមិសាស្រ្តស្រុករមាសហែក កំពុងកើតឡើងគួរឱ្យព្រួយបារម្ភ។ លើសពីនេះ ចំនួនអ្នកឆ្លង អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ កំពុងមានការកើនឡើង។
 
រដ្ឋបាលខេត្តស្វាយរៀង នឹងបិទផ្សារកំពង់ត្រាច រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៨-៣១ កក្កដា។ ជាមួយគ្នានេះ ក៏មានការរឹតត្បិតការធ្វើដំណើរ ការប្រមូលផ្ដុំ និងការជួបជុំមនុស្សក្នុងទីតាំងផ្សារកំពង់ត្រាច។ ដោយឡែកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងខេត្តស្វាយរៀង នឹងបន្តផ្អាកដល់ថ្ងៃទី២៥ កក្កដា។
 
សូមបញ្ជាក់ថា គិតមកដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជាង១ពាន់នាក់ហើយ៕
 

Tag:
 ផ្សារ
  COVID-19
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com