អន្តរជាតិ
ថៃត្រៀម​ប៉ូលិសជាង២ពាន់នាក់ទប់ទល់បាតុកម្មប្រឆាំងរដ្ឋាភិបាលរឿងដោះស្រាយកូវីដ-១៩ មិនបានល្អ
18, Jul 2021 , 2:39 pm        
រូបភាព
ប៉ូលិសថៃឈរតាមផ្លូវក្នុងទីក្រុងបាងកកកាលពីខែមិថុនា។ រូបថត AFP
ប៉ូលិសថៃឈរតាមផ្លូវក្នុងទីក្រុងបាងកកកាលពីខែមិថុនា។ រូបថត AFP
ប៉ូលិសថៃប្រមាណ២២០០នាក់ នឹងត្រូវពង្រាយនៅថ្ងៃទី១៨ ខែកក្កដានៅក្នុងទីក្រុងបាងកក ដើម្បីត្រួតត្រាបាតុកម្មប្រឆាំងរដ្ឋាភិបាលរឿងដោះស្រាយវិបត្តិកូវីដ-១៩ មិនបានល្អ។ ករណីឆ្លងជំងឺកូវីដ-១៩ នៅថៃ ហាក់មិនទាន់ធូរស្រាលឡើយ បើទោះជារដ្ឋាភិបាលនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ចាត់វិធានការជាច្រើនក្ដី ដែលការណ៍នេះនាំឱ្យមានការមិនពេញចិត្តក្នុងចំណោមប្រជាជនថៃ។

 
បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃដែលរៀបចំដោយសកម្មជនវ័យក្មេងគាំទ្រប្រជាធិបតេយ្យ គ្រោងដង្ហែរក្បួនពីវិមានប្រជាធិបតេយ្យទៅកាន់វិមានរដ្ឋាភិបាលក្នុងរាជធានីបាងកក។ បាតុកម្មនេះនៅតែធ្វើឡើង បើទោះរដ្ឋាភិបាលថៃនៅថ្ងៃទី១៦ ខែកក្កដា ប្រកាសហាមឃាត់ការជួបជុំទូទាំងប្រទេសក្ដី។ នៅទីក្រុងបាងកក និងខេត្តជុំវិញ ការជួបជុំលើស៥នាក់ មិនត្រូវបានអនុញ្ញាតឡើយ ខណៈនៅខេត្តផ្សេងទៀត ការជួបជុំដែលអាចនាំដល់ការចម្លងវីរុស ឬបង្កបញ្ហាដល់សង្គម ក៏ត្រូវហាមឃាត់ដែរ។
 
ដើម្បីទប់ស្កាត់ការដង្ហែរក្បួន ក្រុងបាងកកបានត្រៀមប៉ូលិសដើម្បីពង្រាយតាមផ្លូវនានាក្នុងគម្រោងបាតុកម្ម។ ស្នងការរងប៉ូលិសក្រុងបាងកក លោក Piya Tawichai និយាយថា ការិយាល័យប៉ូលិសក្រុង នឹងពង្រាយប៉ូលុស២២៥០នាក់ដើម្បីរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់អំឡុងការតវ៉ា និងនៅតាមកន្លែងសំខាន់ដែលជាគោលដៅរបស់ក្រុមបាតុករ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
 
ក្នុងការប្រកាសលើហ្វេសប៊ុកនៅថ្ងៃទី១៧ ខែកក្កដា ក្រុមយុវជនសេរីដែលរៀបចំបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ប្រាយុទ្ធ ចន្ទអូចា ជាច្រើនលើកមកហើយនោះ នឹងប្រមូលផ្ដុំអ្នកគាំទ្រខ្លួននៅពេលរសៀលថ្ងៃទី១៨ ខែកក្កដា ដើម្បីតវ៉ាបញ្ហាអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ។ 
 
នៅថ្ងៃទី១៨ ខែកក្កដានេះ ថៃ បានបំបែកករណីឆ្លងប្រចាំថ្ងៃ ដោយមានដល់ទៅ១១៣៩៧នាក់ និងស្លាប់១០១នាក់។ ករណីឆ្លងសរុបឡើងដល់៣៧៤៥២៣នាក់។ ដោយសារការឆ្លងនៅមានតួលេខខ្ពស់ ថៃក៏ប្រកាសហាមឃាត់ការជួបជុំទ្រង់ទ្រាយដើម្បីទប់ស្កាត់ការរាលដាល។
 
លើសពីនោះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ក៏ពិចារណាដាក់វិធានការកាន់តែតឹងរ៉ឹងទៀតដូចជាបិទអាជីវកម្មស្ទើរទាំងស្រុងនៅទីក្រុងបាងកក និងខេត្តជុំវិញផងដែរ៕
 
 
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com