អន្តរជាតិ
កូរ៉េខាងត្បូង បញ្ជូនយន្តហោះទៅដឹកកងទ័ពពីអាហ្វ្រិក ក្រោយផ្ទុះកូវីដ-១៩ លើនាវាមួយគ្រឿង
18, Jul 2021 , 6:29 pm        
រូបភាព
នាវាពិឃាត Munmu the Great របស់កូរ៉េខាងត្បូងដែលមានផ្ទុះករណីឆ្លងជំងឺកូវីដ-១៩។ រូបថត AFP
នាវាពិឃាត Munmu the Great របស់កូរ៉េខាងត្បូងដែលមានផ្ទុះករណីឆ្លងជំងឺកូវីដ-១៩។ រូបថត AFP
កូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែកក្កដា បានបញ្ជូនយន្តហោះ២គ្រឿងទៅកាន់អាហ្វ្រិកដើម្បីដឹកកងទ័ពត្រឡប់ចូលប្រទេសវិញ បន្ទាប់ផ្ទុះករណីឆ្លងលើនាវាចម្បាំងមួយគ្រឿងដែលកំពុងបំពេញបេសកកម្មនៅសមុទ្រក្បែរអាហ្វ្រិក។

 
យន្តហោះដឹកប្រេង២គ្រឿងធុន KC-330 ដែលដឹកសម្ភារចាំបាច់ និងកងទ័ពជាង២០០នាក់ បានចាកចេញពីព្រលានយន្តហោះ Gimhae ក្រុងប៊ូសាននៅរសៀលថ្ងៃទី១៨ ខែកក្កដា ដើម្បីដឹកកងទ័ពចំនួន៣០០នាក់ដែលបម្រើការលើនាវាចម្បាំង Munmu the Great ។ កូរ៉េខាងត្បូង ក៏សម្រេចឱ្យនាវានេះត្រឡប់មកប្រទេសវិញផងដែរ។ នាវាចម្បាំងនេះ កំពុងបេសកកម្មប្រឆាំងចោរសមុទ្រនៅតំបន់សមុទ្រក្បែរអាហ្វ្រិក។ 
 
ក្នុងចំណោមនាវិកទាំងអស់ កងទ័ពចំនួន៦៨នាក់ មានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ខណៈសំណាកសេសសល់ មិនទាន់មានលទ្ធផលនៅឡើយ។ ទីភ្នាក់ងារព័ត៌មាន Yonhap រាយការណ៍ថា យោធា១៥នាក់ កំពុងស្ថិតក្រោមការព្យាបាលក្នុងមន្ទីរពេទ្យនៃប្រទេសមួយ ខណៈអ្នកឆ្លងឯទៀតនៅដោយឡែកនៅលើនាវា។ អ្នកជំងឺបីនាក់ មានសភាពធ្ងន់ធ្ងរ តែអាជ្ញាធរកូរ៉េខាងត្បូងអះអាងថា ពួកគេអាចហោះត្រឡប់មកវិញបាន។ ជើងហោះហើរទាំងពីរ អាចទៅដល់កូរ៉េខាងត្បូងវិញនៅថ្ងៃទី២០ ខែកក្កដា។
 
មិនទាន់មានការបញ្ជាក់ពីហេតុផលនាំឱ្យផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ លើនាវា Munmu នៅឡើយទេ។ ប៉ុន្តែកូរ៉េខាងត្បូងសង្ស័យថា ការឆ្លងទំនងកើតមានបន្ទាប់ពីនាវាចូលចតនៅកំពង់ផែរបស់ប្រទេសមួយដើម្បីផ្គត់ផ្គង់របស់របរចាំបាច់នៅចុងខែមិថុនាកន្លងទៅ។ នាវិកទាំងអស់ សុទ្ធតែមិនទាន់ចាក់វ៉ាក់សាំង ដោយពួកគេចាកចេញទៅបំពេញការងារនៅខែកុម្ភៈ មុនយុទ្ធនាការចាក់វ៉ាក់សាំងនៅកូរ៉េខាងត្បូងចាប់ផ្ដើម។ 
 
នាវាពិឃាត Munmu ជិតបញ្ចប់បេសកកម្ម៦ខែរបស់ខ្លួនទៅហើយដែរ ស្របពេលនាវាជំនួសកំពុងធ្វើដំណើរទៅកាន់តំបន់សមុទ្រក្បែរអាហ្វ្រិក៕
 

Tag:
 កូរ៉េខាងត្បូង
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com