ជាតិ
សង្គមជាតិ
ទំនាស់ដីធ្លីជាមួយក្រុមហ៊ុនបារាំង៖ ជនជាតិព្នងនៅឃុំប៊ូស្រា ប្រឹងពុះពារប្តឹងដល់តុលាការបារាំង តែនៅតែចាញ់ក្តី
18, Jul 2021 , 7:29 pm        
រូបភាព
ជនជាតិព្នងនៅឃុំប៊ូស្រា ចូលរួមក្នុងពិធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិច នៅថ្ងៃទី៩ សីហា ឆ្នាំ២០១៩។ រូបផ្តល់ដោយលោក គ្រើង តុលា
ជនជាតិព្នងនៅឃុំប៊ូស្រា ចូលរួមក្នុងពិធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិច នៅថ្ងៃទី៩ សីហា ឆ្នាំ២០១៩។ រូបផ្តល់ដោយលោក គ្រើង តុលា
តវ៉ានៅស្រុកខ្មែរមិនឈ្នះ ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី បានរួមគ្នាតវ៉ាទៅដល់តុលាការប្រទេសបារាំង ដើម្បីរកដំណោះស្រាយជាមួយក្រុមហ៊ុនបារាំងលើទំនាស់ដីធ្លី តែត្រូវតុលាការបារាំង កាត់ក្តីឲ្យពួកគាត់ចាញ់។



ដោយសារតែបានតស៊ូឆ្អែតឆ្អន់ជាមួយតុលាការខេត្តមណ្ឌលគិរី និងអាជ្ញាធរកម្ពុជាជាច្រើនលំដាប់ថ្នាក់ ក្នុងការស្វែងរកដំណោះស្រាយលើទំនាស់ដីធ្លីជាមួយក្រុមហ៊ុនបារាំង តែនៅតែមិនមានដំណោះស្រាយ ដែលអាចទទួលយកបាន ជនជាតិដើមភាគតិចព្នង៩៧គ្រួសារ ដែលមានសមាជិកសរុបជិត៥០០នាក់ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក៏ប្រឹងពុះពារដាក់បណ្តឹងទៅដល់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ជាមួយក្តីសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ និងដំណោះស្រាយសមរម្យ។ ប៉ុន្តែ ទីបំផុត អ្វីៗ គឺខុសពីក្តីរំពឹងរបស់ពួកគាត់ទាំងស្រុង ដោយតុលាការបារាំង ក៏សម្រេចឲ្យពួកគាត់ចាញ់ក្តីដែរ។

រឿងរ៉ាវទំនាស់ដីធ្លីរវាងជនជាតិព្នងក្នុងឃុំប៊ូស្រា និងក្រុមហ៊ុនបារាំង បានកើតឡើងតាំងពីឆ្នាំ២០០៨មកម្ល៉េះ។ ក្រុមហ៊ុនបារាំង ដែលមានទំនាស់ដីធ្លីជាមួយជនជាតិព្នងនៅឃុំប៊ូស្រា គឺក្រុមហ៊ុនបូឡឺរ៉េ (Bolloré Group) នៅប្រទេសបារាំង តែក្រុមហ៊ុន ដែលអនុវត្តគម្រោងវិនិយោគលើដីធ្លីដែលមានទំនាស់នោះ គឺក្រុមសុកហ៊្វិន (Socfin Group) ដែលមានវត្តមាននៅកម្ពុជា ដោយក្រុមហ៊ុនបូឡឺរ៉េ ជាអ្នកផ្តល់ថវិកាមកឲ្យក្រុមហ៊ុនសុកហ៊្វិន ដើម្បីអនុវត្តគម្រោងវិនិយោគ។

ជនជាតិព្នងទាំង៩៧គ្រួសារ បានដាក់បណ្តឹងទៅតុលាការបារាំង កាលពីឆ្នាំ២០១៥ ដោយសុំប្តឹងក្រុមហ៊ុនបូឡឺរ៉េ និងទាមទារឲ្យក្រុមហ៊ុននេះ ទទួលខុសត្រូវលើក្រុមហ៊ុនសុកហ៊្វិន ដែលចូលទៅកាន់កាប់និងឈូសឆាយដីធ្លីរបស់ពួកគាត់ ដើមដាំកៅស៊ូ។ ប្រមាណ៦ឆ្នាំក្រោយ នៅដើមខែកក្កដា ឆ្នាំ២០២១នេះ តុលាការបារាំង ក៏បានសម្រេចសេចក្តី ដោយច្រានចោលបណ្តឹងរបស់ជនជាតិព្នងទាំងនោះ។ តុលាការបារាំង មិនត្រឹមតែច្រានចោលបណ្តឹងរបស់ពួកគាត់ទេ នៅពិន័យពួកគាត់ ឲ្យបង់ប្រាក់ដល់ទៅ២ម៉ឺនអឺរ៉ុប (ជាង២,៣ម៉ឺនដុល្លារ) ថែមទៀត ពីបទធ្វើឲ្យខូចខាតនីតិវិធី។ 


រូបផ្តល់ដោយលោក គ្រើង តុលា

តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញដោយតំណាងរបស់ខ្លួន៩នាក់ ជនជាតិព្នងក្នុងឃុំប៊ូស្រា បង្ហាញការខកចិត្តយ៉ាងខ្លាំង ដែលចៅក្រមប្រទេសបារាំង ច្រានចោលបណ្តឹងរបស់ពួកគាត់។ ពួកគាត់ ចាត់ទុកការច្រានចោលបណ្តឹងរបស់ពួកគាត់ និងថែមទាំងពិន័យពួកគាត់ឲ្យបង់ប្រាក់២ម៉ឺនអឺរ៉ូនេះ ថាជាការផ្តល់ភាពអយុត្តិធម៌បំផុត និងមិនអាចទទួលយកបាន។ 

បើតាមសេចក្តីថ្លែងការណ៍ ចេញនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ចៅក្រមប្រទេសបារាំង សំអាងហេតុផលថា ជនជាតិព្នងក្នុងឃុំប៊ូស្រា មិនទាន់មានសិទ្ធិកាន់កាប់ដីធ្លីស្របតាមច្បាប់ភូមិបាលកម្ពុជាឡើយ។ ប៉ុន្តែពួកគាត់ អះអាងថា ជាក់ស្តែង ពួកគាត់ ជាម្ចាស់ទឹកម្ចាស់ដី ក្នុងភូមិ តាំងពីមុនវត្តមានច្បាប់ភូមិបាលកម្ពុជា ហើយពួកគាត់ ជាក្រុមមនុស្ស ដែលអាស្រ័យផលលើតំបន់នោះ តាមទំនៀមទម្លាប់ប្រពៃណី និងច្បាប់កម្ពុជា។ 
 
ពួកគាត់ បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖«ដោយសារតែរដ្ឋ មិនដែលចុះបញ្ជីដីឲ្យយើងខ្ញុំ ទើបយើងខ្ញុំ មិនទាន់មានបណ្ណកម្មសិទ្ធិសមូហភាព ប៉ុន្តែយើងខ្ញុំ មានសិទ្ធិផ្សេងទៀត លើដីនិងព្រៃទាំងនោះ ដែលក្រុមហ៊ុនបូឡឺរ៉េ [នៅបារាំង] តាមរយៈក្រុមហ៊ុនសុកហ៊្វិន [នៅកម្ពុជា] បានបំផ្លាញអស់ហើយ។ យើងខ្ញុំ មានសិទ្ធិប្រើប្រាស់និងអាស្រ័យផលលើដីទាំងនោះស្របតាមច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ»។ 
 
ផ្នែកលើសេចក្តីថ្លែងការណ៍ដដែល ក្រុមហ៊ុនបូឡឺរ៉េនៅបារាំង ដែលជាម្ចាស់របស់ក្រុមហ៊ុនសុកហ៊្វិននៅកម្ពុជា បានបោះទុនវិនិយោគដាំកៅស៊ូនៅលើដីធ្លី និងដីចម្ការរបស់ជនជាតិព្នងក្នុងឃុំប៊ូស្រា ដោយមិនបានឆ្លងកាត់ការពិគ្រោះយោបល់និងការយល់ព្រមពីពួកគាត់ ចាប់តាំងពីឆ្នាំ២០០៨មក រហូតដល់បច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា ការសម្រេចវិនិយោគរបស់ក្រុមហ៊ុនបារាំង ដោយការឈូសឆាយដីនិងព្រៃ ដើម្បីដាំកៅស៊ូ បានធ្វើឲ្យព្រៃជំនឿ ព្រៃដំណម ប្រភពម្ហូមអាហារប្រចាំថ្ងៃរបស់ជនជាតិព្នង ត្រូវបាត់បង់។ 
 
ជនជាតិព្នងក្នុងឃុំប៊ូស្រា ប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា ពួកគាត់ មិនសុខចិត្តឡើយ ដោយសម្រេចប្រគល់សិទ្ធិជូនមេធាវីជនជាតិបារាំងរបស់ពួកគាត់ បន្តប្តឹងទៅសាលាឧទ្ធរណ៍នៅបារាំង ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាប។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ពួកគាត់ អំពាវនាវឲ្យមតិជាតិ-អន្តរជាតិ ជួយតាមឃ្លាំមើលការប្តឹងតវ៉ារបស់ពួកគាត់នៅតុលាការជាន់ខ្ពស់របស់ប្រទេសបារាំង។ 
 
លោក គ្រើង តុលា ជាតំណាងម្នាក់ ដែលបានចូលរួមចេញសេចក្តីថ្លែងការណ៍ ហើយក៏ជាជនរងគ្រោះក្នុងរឿងដីធ្លីនេះដែរនោះ លើកឡើងថា ការតវ៉ាជាមួយតុលាការ និងអាជ្ញាធរក្នុងស្រុក មិនត្រឹមតែមិនទទួលបានលទ្ធផលល្អទេ តែនៅមានជនជាតិព្នងដល់ទៅ១៥នាក់ ដែលត្រូវបានចាប់ខ្លួន។ បុរសជាជនជាតិព្នងរូបនេះ បន្តថា ជនជាតិព្នងទាំង១៥នោះ ត្រូវបានចាប់ខ្លួន ដោយសារបានចូលរួមតវ៉ានឹងក្រុមហ៊ុនបារាំង ហើយត្រូវក្រុមហ៊ុនបារាំង ដាក់ពាក្យប្តឹង។ លោក បន្ថែមថា ក្នុងចំណោមអ្នកទាំង១៥នាក់នោះ មាន១៤នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ តែនៅជាប់បទចោទដដែល ខណៈម្នាក់ទៀត នៅជាប់ឃុំនៅឡើយ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គ្រើង តុលា ដែលមានតួនាទីជាអ្នកប្រឹក្សាយោបល់ដល់ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា៖«គេអ្នក ឈូសឆាយដីយើង បែរជាចោទថា យើង ធ្វើឲ្យខូចទ្រព្យសម្បត្តិក្រុមហ៊ុន វា ខុសការពិត»។
 
បើតាមលោក គ្រើង តុលា ក្នុងចំណោមជនជាតិព្នងទាំង៩៧គ្រួសារ ជាទូទៅក្នុង១គ្រួសារ មានដីជាមធ្យម៣ហិកតា ដោយមួយចំនួនតូច មាន៥ហិកតា ឬដល់៦ហិកតា។ លោក រៀបរាប់ថា ចាត់តាំងពីក្រុមហ៊ុនបារាំង ឈូសឆាយដីធ្លីនោះមក ជនជាតិព្នងក្នុងឃុំប៊ូស្រា មិនមានដីធ្វើចម្ការ ហើយអ្នកខ្លះ ជួបវិបត្តិហិរញ្ញវត្ថុ និងជំពាក់បំណុលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ លោក ថ្លែងថា៖«យើង ឃើញថា វា កាន់តែលំបាកខ្លាំងៗទៅ»។
 
លោក គ្រើង តុលា និងតំណាងជនជាតិព្នងមួយចំនួនទៀត ធ្លាប់បានទៅចូលរួមបំភ្លឺដល់តុលាការបារាំង។ លោក ប្រាប់ថា ការដាក់បណ្តឹងទៅដល់តុលាការបារាំង មិនបានចំណាយប្រាក់របស់ជនជាតិព្នងឡើយ ដោយមេធាវីជនជាតិបារាំងរបស់ពួកគាត់ បានស្ម័គ្រចិត្តការពារក្តីដោយមិនយកប្រាក់ ហើយមេធាវីនោះ បានជួយរកប្រាក់ពីប្រភពនានា ឲ្យតំណាងជនជាតិព្នង បានធ្វើដំណើរទៅចូលរួមសវនាការនៅបារាំងថែមទៀត។ 
 
លោក រិះគន់តុលាការបារាំងថា កាត់ក្តីដោយមិនបានចុះមកមើលទីតាំងជម្លោះជាក់ស្តែង ដូចតុលាការខ្មែរដែរ។ លោក យល់ថា តុលាការបារាំង គួរចាត់មន្រ្តី ឬភ្នាក់ងារឲ្យចុះមើលដល់ទីតាំងជាក់ស្តែង ដោយមិនគួរសម្រេចសេចក្តីតាមរយៈតែការមើលក្រដាសនោះទេ។ លោក រិះគន់ទៀតថា តុលាការបារាំង ក៏ពុំបានយល់ស៊ីជម្រៅពីច្បាប់ភូមិបាលកម្ពុជា និងច្បាប់អន្តរជាតិផ្សេងៗស្តីពីជនជាតិដើមភាគតិចដែរ។ យ៉ាងណា លោក នៅតែរំពឹងថា ជនជាតិព្នង នឹងទទួលបានជោគជ័យក្នុងការតវ៉ាទៅសាលាឧទ្ធរណ៍របស់បារាំង។ 
 
លោក គ្រើង តុលា និយាយថា កន្លងមក ជនជាតិព្នង មិនត្រឹមតែប្តឹងទៅតុលាការនិងពឹងពាក់ត្រឹមអាជ្ញាធរនោះទេ តែនៅបានដាក់ញត្តិជាច្រើនដងទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទៀត។ លោក បង្ហាញពីអារម្មរណ៍ថា ដោយសារអស់សង្ឃឹមក្នុងការតស៊ូនៅក្នុងស្រុក ទើបជនជាតិព្នង រួមគ្នាដាក់បណ្តឹងទៅតុលាការបារាំង។ លោក មានប្រសាសន៍ថា៖«នៅស្រុកខ្មែរ យើង អត់មានជំនឿសូម្បីតែបន្តិចថា គេ នឹងជួយយើង»។ 
 
លោកបណ្ឌិត មាស នី អ្នកតាមស្ថានការណ៍សង្គម មើលឃើញហេតុផលធំៗ២យ៉ាង ដែលជំរុញឲ្យជនជាតិព្នង ប្តឹងទៅតុលាការបារាំង គឺទី១ ពួកគាត់ មិនមានជំនឿលើតុលាការ ក៏ដូចជាអាជ្ញាធរកម្ពុជា ក្នុងការដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់ និងទី២ ដោយសារតែពួកគាត់ មានទំនាស់ដីធ្លីនេះជាមួយក្រុមហ៊ុនបារាំង ដូច្នេះ ពួកគាត់ ចង់ឲ្យតុលាការ និងរដ្ឋាភិបាលបារាំង ទទួលខុសត្រូវចំពោះទង្វើរបស់ក្រុមហ៊ុនបារាំង។ អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ខ្ញុំ មើលទៅ ហាក់ដូចជាស្ថិតក្នុងបរិបទទី២នេះច្រើនជាង»។ 
 
លោក មាស នី បង្ហាញការយល់ឃើញថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍ គឺមិនខុសឡើយ ដោយបណ្តាប្រទេសដទៃ ក៏ធ្វើបែបនេះដែរ គ្រាន់តែប្រទេសគេ គិតពីប្រយោជន៍ប្រជាពលរដ្ឋជាធំ។ លើកទឡ្ហីករណ៍នៅស្រុកគេរួចហើយ លោក ងាកមកនិយាយពីកម្ពុជាវិញថា៖«ដោយឡែកស្រុកយើងហ្នឹង អំពើពុករលួយ និងខ្វះការអនុវត្តច្បាប់តឹងតែង គឺធ្វើឲ្យក្រុមហ៊ុនជាអ្នកឈ្នះ ហើយប្រជាពលរដ្ឋ គ្រាន់តែដឹកជញ្ជូនអីវ៉ាន់ចេញពីកន្លែង ឬត្រូវបានគេបណ្តេញពីដីរបស់ពួកគាត់»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការដាក់បណ្តឹងទៅតុលាការបារាំងពីសំណាកជនជាតិព្នងនៅឃុំប៊ូស្រា ថាជាសិទ្ធិរបស់ពួកគាត់។ លោក ឆ្លើយតបថា ការមិនទុកចិត្តលើអាជ្ញាធរ ឬតុលាការកម្ពុជា គឺជាទស្សនៈ និងជាការយល់ឃើញរបស់បុគ្គល។ 
 
ចំពោះតុលាការបារាំង កាត់ក្តីឲ្យពួកគាត់ចាញ់ លោក ជិន ម៉ាលីន បញ្ចេញមតិថា តុលាការប្រទេសណាក៏ដូចគ្នាដែរ គឺសម្រេចសេចក្តី ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ ភស្តុតាង និង សក្ខីកម្ម ដោយមិនផ្អែកលើការអះអាងរបស់បុគ្គល ឬក្រុមហ៊ុនណាឡើយ។ លោក បន្ថែមថា ភាគីខាងណាមានសក្ខីកម្ម និងមានភស្តុតាងរឹងមាំ គឺភាគីខាងនោះ នឹងឈ្នះក្តី។ 
 
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌រូបនេះ អធិប្បាយថា៖«ក្រុមដែលមាននិន្នាការប្រឆាំង វាយតម្លៃលើរូបភាពខាងក្រៅ ឲ្យតែប្រជាពលរដ្ឋចាញ់ក្តី ហើយក្រុមហ៊ុនឈ្នះ សុទ្ធតែអយុត្តិធម៌ សុទ្ធតែពុករលួយ។ ឥឡូវដល់ពេលបារាំងគេសម្រេចអ៊ីចឹងដែរ ទៅចោទបារាំងថាពុករលួយ។ នេះ ជាទស្សនៈនៃការវាយតម្លៃពីភាពយុត្តិធម៌របស់ក្រុមមាននិន្នាការប្រឆាំង ដែលបញ្ជាក់ថា ការវាយតម្លៃរបស់ពួកគាត់ មិនស្ថិតលើទិដ្ឋភាពច្បាប់ទេ គឺផ្នែកលើរូបភាព»។ 
 
លោក គ្រើង តុលា អះអាងថា សហគមន៍ជនជាតិព្នងនៅឃុំប៊ូស្រា មិនដែលទទួលបានកិច្ចអន្តរាគមន៍ពីរដ្ឋ ក្នុងការចុះបញ្ជីកម្មសិទ្ធិដីសមូហភាពជូនពួកគាត់ឡើយ។ សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ បានទេ ដោយសារតែលោក មិនទទួលការហៅចូល៕  
 
 

Tag:
 ជនជាតិព្នង
  ទំនាស់ដីធ្លី
  តុលាការបារាំង
  ក្រុមហ៊ុនបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com