ជាតិ
ឪពុកម្តាយសម័យថ្មីពង្រឹងស្មារតីកូន តាមរយៈដើរព្រៃ និងធ្វើកីឡា
18, Jul 2021 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្នុងបរិបទកូវីដ-១៩នេះ ឪពុកម្តាយមួយចំនួនបាននាំកូនរបស់ពួកគេដើរកម្សាន្តផ្សងព្រេងក្នុងព្រៃ និងឡើងភ្នំមួយចំនួនដែលស្ថិតនៅភូមិសាស្ត្រកម្ពុជា។ ចំណែកឪពុកម្តាយខ្លះទៀតនាំកូនហាត់ប្រាណ ជិះកង់កម្សាន្តលេងនៅតាមទីកន្លែងផ្សេងៗ និងលេងកីឡាផ្សេងៗ។ គោលបំណងរួមរបស់ពួកគេគឺសុទ្ធតែចង់បណ្តុះសា្មរតីឲ្យកូនចេះទទួលខុសត្រូវ តស៊ូ និងជម្នះឧបសគ្គនូវចំពោះមុខ។

 
លោក វង្ស ថាឌីរ៉ា បាននាំកូនប្រុសអាយុ៧ឆ្នាំម្នាក់  ឡើងភ្នំ និងដើរព្រៃបានចំនួន២លើកមកហើយ។ លើកទី១ឡើងភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២១ និងលើកទី២ ឡើងភ្នំត្បែង ខេត្តព្រះវិហារ កាលពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២១។ មុននំាកូនឡើងភ្នំ លោក ថាឌីរ៉ា ក៏បាននំាកូនជិះកង់ ហែលទឹក និងធ្វើលំហាត់ប្រាណដើម្បីឲ្យកូនមានកាយសម្បទារឹងមំា។ ទើបសមគួរឲ្យលោកឪពុកវ័យ៣៧ឆ្នាំរូបនេះហ៊ាននាំកូនដើរព្រៃ និងឡើងភ្នំ ដោយមិនមានភាពភ័យបារម្ភពីសុខភាពរបស់កូនឡើយ។ 
 
ធ្លាប់មានបទពិសោធការដើរព្រៃ និងឡើងភ្នំ លោក វង្ស ថាឌីរ៉ា ចង់ឲ្យកូនឆ្លងកាត់ ស្គាល់ និងមើលឃើញឲ្យច្បាស់ពីភាពជាក់ស្តែងនៃការតស៊ូ ជម្នះរាល់ឧបសគ្គនៅចំពោះមុខ ចេះបត់បែន ចេះសម្របខ្លួន និងបណ្តុះស្មារតីកូនឲ្យចេះស្រឡាញ់ និងការពារបរិស្ថាន និងធម្មជាតិ។


 
ដោយសារការធ្វើដំណើរ ទម្រំាឡើងដល់កំពូលភ្នំនីមួយៗរបស់កូនតូចៗ គឺត្រូវជួបនូវឧបសគ្គជាច្រើន ដូចជាមានភ្លៀង ធ្វើឲ្យផ្លូវដើរឡើងភ្នំរអិលផង អាកាសធាតុក្តៅផង និងត្រជាក់ផង។ ទោះដឹងថា ការឡើងភ្នំមិនងាយស្រួលសម្រាប់កូនតូចៗ។ ប៉ុន្តែ លោក វង្ស ថាឌីរ៉ា ដែលមានអាយុ៣៧ឆ្នាំ ចាត់ទុកថា ឧបសគ្គទាំងនេះ អាចជាមេរៀនដ៏សំខាន់ដើម្បីឲ្យកូនអនុវត្ត និងសម្រាប់ជំរុញឲ្យពលរដ្ឋដទៃទៀតកុំរាវែកក្នុងការឡើងភ្នំផងដែរ។  
 
«មូលហេតុដែលខ្ញុំហ៊ាននាំកូនទៅដល់ភ្នំ ពីព្រោះខ្ញុំចង់ឲ្យគាត់ចេះរឹងមាំតាំងពីក្មេងទៅ។ ដល់ពេលគាត់ធំបន្តិច គាត់អាចម្ចាស់ការលើខ្លួនឯងបាន។ ខ្ញុំតែងតែប្រាប់គាត់ថា កូនត្រូវដាក់ចិត្តធ្វើវាឲ្យដល់ទីគោលដៅ។ កុំបោះបង់ ហើយត្រូវតែបន្តទៅមុខទៀត។ ពេលយើងប្រាប់គាត់ហើយ គាត់ព្រមធ្វើ ព្រមលំបាក ទាំងចិត្តដែលគាត់ចង់ធ្វើ»។ នេះជាការរៀបរាប់របស់លោក វង្ស ថាឌីរ៉ា ដែលជាអាជីវករម្នាក់នៅខេត្តព្រះសីហនុ។  
 
 
ការនាំកូនដើរព្រៃ មិនមែនមានតែឪពុកនោះទេដែលអាចធ្វើបាន។ អ្នកស្រី ជួន ចាន់ណា ក៏បាននាំកូនប្រុសម្នាក់អាយុ១៤ឆ្នាំឡើងភ្នំជាច្រើនផងដែរកាលពីឆ្នាំ២០២០កន្លងមក។ ភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងភ្នំខ្នងក្រពើ គឺជាកន្លែងដែលអ្នកស្រី ជួន ចាន់ណា នាំកូនប្រុសឲ្យស្គាល់ពីភាពរឹងមាំ យល់កាន់តែច្បាស់អំពីជីវិតនៃការតស៊ូ ចេះកំណត់គោលដៅ និងយល់ពីកិច្ចការពារ និងអភិរក្សធម្មជាតិ និងបរិស្ថាន។ 


 
អ្នកស្រីចាន់ណា បានកត់សម្គាល់ថា កូនប្រុសរបស់អ្នកស្រី មានអត្តចរិត និងការរស់នៅខុសប្លែកពីកាលដែលមិនទាន់បានដើរព្រៃ និងឡើងភ្នំ។ អ្នកម្តាយវ័យ៤២ឆ្នាំរូបនេះបានរៀបរាប់ដូច្នេះថា៖«កាលកូនខ្ញុំអត់ទាន់ឡើងភ្នំ គាត់ចូលចិត្តដើរផ្សារ ទិញអ៊ីវ៉ាន់ ហើយអត់ចូលចិត្តអាកាសធាតុក្តៅទេ។ ពេលដែលគាត់បានឡើងភ្នំបែបផ្សងព្រេងមក គឺគាត់ស្រឡាញ់ធម្មជាតិមែនទែន និងចេះស្រឡាញ់បរិស្ថានទៀត។ ហើយគាត់ចេះបត់បែន និងសម្របខ្លួននៃការរស់នៅ និងការហូបចុកក្នុងព្រៃ។ គាត់មានភាពចាស់ទុំជាងមុន»។  
 
ការឡើងភ្នំ និងដើរព្រៃ ពិតជាមានឧបសគ្គ និងមានការនឿយហត់ជាខ្លំាង ពីព្រោះត្រូវប្រើកម្លាំងសម្រាប់ដើរ និងឡើងភ្នំជាមួយនឹងការស្ពាយសម្ភារជាច្រើនទៀត។ តែយ៉ាងណាឧបសគ្គទាំងនេះ មិនបានធ្វើឲ្យពីរនាក់ម្តាយកូននេះចុះញ៉មឡើយ។ មិនត្រឹមតែបានទៅដល់គោលដៅនោះទេ ពីរនាក់ម្តាយកូននេះក៏បានដាំកូនឈើនៅលើភ្នំផងដែរ។ 
 
ស្ថិតក្នុងព្រៃ កូនរបស់អ្នកស្រី ចាន់ណា អាចគយគន់មើល ដើមឈើ សត្វព្រៃ ទេសភាពព្រៃភ្នំ និងទឹកជ្រោះ។ ទិដ្ឋភាពទំាងនេះហើយ បានជំរុញចិត្តឲ្យកូនរបស់អ្នកស្រី ចាន់ណា ហ៊ានបបួលគ្រូរបស់ខ្លួនឲ្យរៀបចំជាដំណើរកំសាន្តបែបលក្ខណៈផ្សងពេ្រងក្នុងព្រៃ ដើម្បីឲ្យកុមារដទៃទៀតបានស្គាល់ និងបានឃើញ។  


 
ចំណែកអ្នកម្តាយមួយរូបទៀត មានរបៀបបង្រៀនកូនខុសប្លែកពីឪពុកម្តាយខាងលើ។ អ្នកស្រី លី វណ្ណា បាននាំកូន៣នាក់ ជិះកង់បែបកម្សាន្តជុំរិញផ្ទះ និងនៅតាមតំបន់ផ្សេងៗនៅថ្ងៃចុងសប្តាហ៍ ដើម្បីបង្រៀនកូនឲ្យចេះពីការគោរពច្បាប់ចរាចរណ៍ និងបណ្តុះស្មារតីឲ្យកូនមានភាពរឹងមាំ និងស្វាហាប់ជាងមុន។ 
 
«ខ្ញុំចង់ឲ្យកូនសុំានឹងផ្លូវថ្នល់ ដើម្បីឲ្យគាត់មានសា្មរតីប្រុងប្រយ័ត្ន និងគ្រប់គ្រងខ្លួនឯង។ ការដែលខ្ញុំនាំគាត់ធាក់កង់ និងលេងកីឡា គឺដើម្បីឲ្យបង្កើតទម្លាប់ឲ្យពួកគាត់ភ្ញាក់ពីគេងឲ្យបានលឿនដើម្បីឲ្យគាត់ហាត់ប្រាណ ដើម្បីជួយឲ្យគាត់មានស្មារតីល្អ មានសុខភាពល្អ និងបំបាត់ភាពស្ម័គ្រស្មាញរបស់គាត់ ដែលនៅតែផ្ទះរៀនក្នុងបរិបទកូវីដ-១៩»។ នេះជាការរៀបរាប់របស់អ្នកស្រី  លី វណ្ណា៕
 


 

Tag:
 អប់រំ
 ធម្មជាតិ
 ភ្នំ
© រក្សាសិទ្ធិដោយ thmeythmey.com