ជាតិ
ពលរដ្ឋនៅភូមិពាមតាអ៊ួរ ក្នុងបឹងទន្លេសាប ចាប់ផ្តើមយុទ្ធនាការប្រមូលសំរាមមុនរដូវទឹកឡើង
18, Jul 2021 , 10:59 pm        
រូបភាព
អ្នកភូមិពាមតាអ៊ួរ កំពុងប្រមូលសំរាមប្លាស្ទិកក្នុងយុទ្ធនាការប្រមូលសំរាមរដូវទឹកដំឡើង។ រូបភាព៖ លោក ស៊ា សុផល
អ្នកភូមិពាមតាអ៊ួរ កំពុងប្រមូលសំរាមប្លាស្ទិកក្នុងយុទ្ធនាការប្រមូលសំរាមរដូវទឹកដំឡើង។ រូបភាព៖ លោក ស៊ា សុផល
សៀមរាប៖ សហគមន៍ភូមិពាមតាអ៊ួរ ឃុំកែវពណ៌ ស្រុកពួក បានចាប់ផ្តើមក្នុងយុទ្ធនាការប្រមូលសំរាមប្លាស្ទិក ដើម្បីសម្អាតបរិស្ថាន មុនរដូវទឹកឡើង។

 
ប្រជាសហគមន៍នៅភូមិពាមតាអ៊ួរ ដែលរស់នៅក្នុងបឹងទន្លេសាប កំពុងចូលរួមក្នុងយុទ្ធនាការប្រមូលសំរាមប្លាស្ទិកតាមផ្ទះ និងសហគមន៍ មុនរដូវទឹកទន្លេសាបឡើង។ យុទ្ធនាការនេះ គឺមានការគាំទ្រដោយអង្គការមូលនិធិទំពាំងស្នងឬស្សី ក្នុងការធ្វើយ៉ាងណា ឱ្យសហគមន៍ដែលកំពុងរស់នៅជាប់បឹងទន្លេសាប ក្នុងខេត្តសៀមរាប យល់ពីការទុកដាក់សំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ បំណងសង្រ្គោះជីវៈចម្រុះក្នុងបឹងដ៏ធំមួយនេះ។
 
ប្រធានអង្គការមូលនិធិទំពាំងស្នងឬស្សី លោក ស៊ា សុផល បាននិយាយថា ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ មានការឆ្លងរីករាលដាលខ្លាំងក្នុងសហគមន៍ ការរៀបចំពិធីបុណ្យអបអររដូវទឹកបឹងទន្លេសាបឡើងក្នុងឆ្នាំនេះ មិនអាចធ្វើទៅបានទេ តែវាមិនមានន័យថា សហគមន៍មិនអាចប្រមូលសំរាមប្លាស្ទិកក្នុងភូមិឋានពួកគេបានដែរ។  
 
លោក ស៊ា សុផល មានប្រសាសន៍ថា៖« សហគមន៍នឹងប្រមូលសំណល់បាស្ទិកទាំងនោះ ដែលត្រូវបានទុកចោល និងសេសសល់ពេលទឹកស្រក ដើម្បីកុំឲ្យវាហូរចូលក្នុងបឹងវិញ ពីព្រោះថានៅពេលទឹកឡើងមក ប្រសិនបើយើងពុំប្រមូលនោះទេ វានឹងលេបយកសំណល់ប្លាស្ទិកទាំងនោះ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងបំពុលប្រព័ន្ធជីវចម្រុះក្នុងបឹងទន្លេសាប»។
 
នៅឆ្នាំនេះ អ្នកភូមិនេសាទពាមតាអ៊ួ ជាង៣០០គ្រួសារ បានធ្វើការប្រមូលសំណល់ប្លាស្ទិក ហើយកំពុងធ្វើការដោយខ្លួនឯង ដើម្បីប្រមូលប្លាស្ទិកក្នុងបរិស្ថាន មុនពេលកម្រិតទឹកបឹងឡើងជាថ្មី លិចសហគមន៍របស់ខ្លួន។ តាមការបញ្ជាក់ពីលោក ស៊ា សុផល សហគមន៍បានបន្តប្រមូលប្លាស្ទិក ក្នុងទីសាធារណៈ និងទុកដាក់ប្លាស្ទិកប្រើប្រាស់ក្នុងគ្រួសារផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងជង្រុកប្លាស្ទិក ដែលត្រូវបានបង្កើតឡើង កាលពីចុងឆ្នាំ ២០២០ ក្នុងព្រឹត្តិការណ៍បុណ្យអបអរទឹកសម្រក។
 
ជំទប់ទី១ ឃុំកែវពណ៌ លោក សាម ឈឿយ បាននិយាយថា មកដល់ថ្ងៃទី១៥ កក្កដា យុទ្ធនាការប្រមូលសំរាមប្លាស្ទិកនេះបានជាង ៥០០ការ៉ុងហើយ។ លោកបន្ថែមថា៖« ការប្រមូលនះ ដើម្បីកាត់បន្ថយការគោករាក់ នៃបឹងទន្លេសាប ធ្វើឱ្យប្រព័ន្ធជីវៈចម្រុះក្នុងបឹងទន្លេសាបកើនឡើង»។
 
តាមពិតទៅ យុទ្ធនាការខាងលើ មានការផ្តួចផ្តើមឡើង ដោយអង្គការមូលនិធិទំពាំងស្នងឬស្សី ដោយសហការជាមួយសហគមន៍ឃុំកែវពណ៌ ដោយដាក់ឈ្មោះថា កម្មវិធីបា្លស្ទិកប្តូរយកអង្ករ (Rice for Plastic, Harvest Plastic Only Program)។ គម្រោងនេះ នឹងផ្តល់ជូនអង្ករទៅប្រជាពលរដ្ឋ ដែលប្រមូលសំរាមប្លាស្ទិកដាក់តាមការ៉ុង ដែលបានចែកជូនតាមផ្ទះ ឬប្រមូលសំរាមបរិស្ថាន ដែលរាយប៉ាយក្នុងសហគមន៍ មកដូរយកអង្ករពីអង្គការ។ 
 
យ៉ាងណា លោក សាម ឈឿយ យល់ថា គួរផ្លាស់ប្ដូរការប្រើប្រាស់ពាក្យនេះ ព្រោះថាមានប្រជាពលរដ្ឋខ្លះ គាត់ប្រមូលតែពេលគេឱ្យអង្ករ ហើយបោះសំរាមរាយប៉ាយ ពេលពុំមានអង្ករប្ដូរ។ លោកជំទប់ទី១ ឃុំកែវពណ៌ ពន្យល់ថា៖‍«វាអាក្រក់ស្ដាប់ ដល់តែខែណាអត់អង្ករ គាត់ចាក់ចោល ចង់ដូរពាក្យជាលើកទឹកចិត្តវិញ ពេលណាគាត់ខំយើងខំរកអ្នកឧបត្ថម្ភ រកអង្ករលើកទឹកចិត្តវិញ»។ មន្រ្តីរូបនេះបញ្ជាក់ទៀតថា បច្ចុប្បន្ន លោកកំពុងបំផុសចលនានេះ ឱ្យធ្វើជារៀងរាល់ថ្ងៃ គឺពលរដ្ឋត្រូវចូលរួមធ្វើជាអចិន្រ្តៃយ៍ ជាជាងធ្វើមួយពេលៗ ពេលមានកម្មវិធីយ៉ាងដូច្នេះ។
 
អាជ្ញាធរឃុំកែវពណ៌ រំពឹងថា យុទ្ធនាការប្រមូលសំរាមប្លាស្ទិកខាងលើ គ្រោងនឹងបញ្ចប់នៅចុងខែ កក្កដា នេះ ដោយមានការ៉ុងប្លាស្ទិកជាង២ពាន់ ដែលនឹងដឹកជញ្ជូនចេញពីសហគមន៍យកទៅកម្ទេចចោល។ ចំនួននេះ បូកទាំងការ៉ុងប្លាស្ទិកកាលពីឆ្នាំទៅមិញផង ដែលមិនទាន់ដឹកចេញ។
 
សូមបញ្ជាក់ថា អាជ្ញាធរដែលមានកិច្ចសហការជាមួយអង្គការដៃគូ នឹងចាប់ផ្តើមកម្មវិធីចែកអង្ករ និងការប្រមូលសំណល់ប្លាស្ទិកចេញឆ្នាំនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ កក្កដា ដល់ថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១។ ដែលវគ្គទី១ ធ្វើឡើងនៅថ្ងៃទី១៥ កក្កដា សម្រាប់៥០គ្រួសារដំបូង។ យ៉ាងណា មកដល់ពេលនេះ គម្រោងខាងលើនេះ នៅខ្វះអង្ករប្រមាណ៣តោន និងគ្រឿងឧបភោគបរិភោគដទៃទៀត សម្រាប់ផ្តល់ជូនប្រជានេសាទទាំង ៣២០គ្រួសារ ក្នុងសហគមន៍បណ្ដែតទឹកពាមតាអ៊ួរ៕
 
 
 
 
 

Tag:
 សំរាមប្លាស្ទិក
  ទន្លេសាប
  ភូមិពាមតាអ៊ួរ
© រក្សាសិទ្ធិដោយ thmeythmey.com