អន្តរជាតិ
ប៉ូលិសថៃ ប្រើធម៌ក្ដៅដើម្បីទប់ស្កាត់បាតុកម្មប្រឆាំងរដ្ឋាភិបាល
19, Jul 2021 , 10:10 am        
រូបភាព
បាតុករថៃប៉ះទង្គិចជាមួយប៉ូលិសនៅថ្ងៃទី១៨ ខែកក្កដា។ រូបថត AFP
បាតុករថៃប៉ះទង្គិចជាមួយប៉ូលិសនៅថ្ងៃទី១៨ ខែកក្កដា។ រូបថត AFP
ប៉ូលិសថៃ បានប្រើប្រាស់កាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីទប់ទល់បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅរសៀលថ្ងៃទី១៨ ខែកក្កដា។ ក្រុមបាតុករទាមទារឱ្យលោក ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែងដើម្បីទទួលខុសត្រូវចំពោះអសមត្ថភាពក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ និងនាំចូលវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ចាក់ឱ្យប្រជាជន។

 
ទោះរដ្ឋាភិបាលចេញបម្រាមហាមឃាត់ការជួបជុំលើស៥នាក់ បាតុកម្មប្រាំងរដ្ឋាភិបាលថៃ នៅតែបន្តតាមគ្រោងទុកដដែលនៅថ្ងៃទី១៨ ខែកក្កដា។ ការជួបជុំនេះក៏មានគោលដៅរំឭកខួប១ឆ្នាំនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ដែលមានចលនាខ្លាំងកាលពីឆ្នាំ២០២០ មុនស្ថានភាពជំងឺកូវីដ-១៩ នៅថៃចាប់ផ្ដើមយ៉ាប់យ៉ឺន។
 
បច្ចុប្បន្ន ថៃកំពុងរងគ្រោះដោយសាររលកឆ្លងជំងឺនេះកាន់តែសាហាវដោយករណីឆ្លងប្រចាំថ្ងៃមានដល់តួលេខ៥ខ្ទង់ និងចំនួនអ្នកស្លាប់មាន៣ខ្ទង់ផងដែរ។ មន្ទីរពេទ្យជាច្រើនក្នុងរាជធានីបាងកក រងសម្ពាធខ្លាំងរហូតលែងអាចទទួលអ្នកជំងឺទៀតបាន។ រដ្ឋាភិបាលថៃ ក៏ចេញវិធានការរឹតត្បិតនៅបាងកក និងខេត្តជាង១០ដែលទៀតដើម្បីទប់ស្កាត់ការរាលដាលបន្ថែម។ 
 
ដោយមើលឃើញបញ្ហានេះ ក្រុមអ្នកតវ៉ា ក៏ជួបជុំគ្នាជាថ្មីដើម្បីទាមទារឱ្យលោក ប្រាយុទ្ធ ទទួលខុសត្រូវ។ ពួកគេដាក់លក្ខខណ្ឌបីមានលោក ប្រាយុទ្ធ ត្រូវលាលែងពីតំណែង, កាត់បន្ថយថវិកាសម្រាប់ស្ដេច និងកងទ័ព ហើយបង្វែរលុយដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ និងនាំចូលវ៉ាក់សាំងប្រភេទ mRNA ដែលមានប្រសិទ្ធភាពខ្ពស់ជាងវ៉ាក់សាំងដែលប្រើប្រាស់បច្ចុប្បន្នមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ជាដើម។ 
 
អ្នកតវ៉ា ដែលដង្ហែរក្បួនទៅកាន់វិមានរដ្ឋាភិបាល ត្រូវបានបង្អាក់ដោយរនាំងដែក និងបន្លាដែកដែលពង្រាយដោយប៉ូលិស។ ខណៈបាតុករដែលនាំមុខអ្នកចូលរួមមានពាក់ម៉ាសការពារផងនោះព្យាយាមរុលទៅមុខ ប៉ូលិសក៏ប្រើប្រាស់កាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីទប់ស្កាត់។ លោក Thatchapong Kaedam មេដឹកនាំក្រុមយុវជនសេរីដែលរៀបចំបាតុកម្មបង្ហាញការខកចិត្តចំពោះការឆ្លើយតបរបស់កម្លាំងសន្តិសុខលើបាតុកម្មអហិង្សា។
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com