COVID-19
ជាតិ
ព្រះសង្ឃ​ និងឧបាសក នៅវត្តទួលទំពូង៤៣អង្គ និងនាក់ក្នុងវត្ត ឆ្លងជំងឺកូវីដ-១៩
19, Jul 2021 , 10:41 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ព្រះសង្ឃ​ និងឧបាសកចំនួន៤៣អង្គ និងនាក់ ​ក្នុងវត្តទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ បានតេស្តឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមលោក ឆេង ជៀក ចៅសង្កាត់ទួលទំពូង១ ​ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។

 
ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩​ក្នុងវត្តទួលទំពូងនេះ គឺមានព្រះសង្ឃចំនួន២០អង្គ និងឧបាសកចំនួន២៣នាក់។ នេះបើតាមលោក ឆេង ជៀក ចៅសង្កាត់ទួលទំពូង១ ដោយបញ្ជាក់ថា បច្ចុប្បន្នព្រះសង្ឃ និងបាសកទាំងនោះ កំពុងគង់ និងសម្រាកនៅមណ្ឌលព្យាបាលទួលពង្រ ក្នុងស្ថានភាពកម្រិតស្រាល។ 
 
បើតាមលោក​ចៅសង្កាត់ទួលទំពូង១ ព្រះសង្ឃ និងឧបាសក ដែលបានឆ្លងជំងឺកូវីដ-១៩ គឺស្ថិតក្នុងចំណោមអ្នកតេស្តសំណាកសរុប១១៣អង្គ និងនាក់​។ បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំងអស់កំពុងធ្វើចត្តាឡីស័កនៅក្នុងវត្តទួលទំពូង។ 
 
ក្រោយពីមានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងវត្តទូលទំពូង អាជ្ញាធរខណ្ឌចំការមន បានសម្រេចបិទខ្ទប់វត្តជាបណ្តោះអាសន្ន។ 
 
ក្រៅពីវត្តទួលទំពូង ក៏មានវត្តផ្សេងទៀត នៅរាជធានីភ្នំពេញ មានករណីព្រះសង្ឃឆ្លងជំងឺកូវីដ-១៩ផងដែរ រួមមានវត្តស្ទឹងមានជ័យ វត្តសារាវ័នតេជា វត្តមហាមន្ត្រី វត្តព្រែកលាបជាដើម។ 
 
មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប៦៧១៨១នាក់ ក្នុងនោះ ៦៣១៥​នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន  ៥៨៩៣០នាក់ និង​ស្លាប់​សរុប ១១០៦នាក់​៕
 

Tag:
 ព្រះសង្ឃ
 វត្តទួលទំពូង
© រក្សាសិទ្ធិដោយ thmeythmey.com