អន្តរជាតិ
តៃវ៉ាន់ អនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងអភិវឌ្ឍក្នុងស្រុក ទោះមិនទាន់បញ្ចប់ការធ្វើតេស្ត
19, Jul 2021 , 9:29 pm        
រូបភាព
ដបផ្ទុកវ៉ាក់សាំងរបស់ក្រុមហ៊ុន Medigen ។ រូបថត AFP
ដបផ្ទុកវ៉ាក់សាំងរបស់ក្រុមហ៊ុន Medigen ។ រូបថត AFP
រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃទី១៩ ខែកក្កដា បានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ និងការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលអភិវឌ្ឍក្នុងស្រុកផ្ទាល់។ នេះជាការបោះជំហានដ៏សំខាន់របស់ដែនកោះមួយនេះដើម្បីសម្រេចគោលដៅអភិវឌ្ឍវ៉ាក់សាំងដោយខ្លួនឯង។

 
បេក្ខភាពវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុន Medigen Vaccine Biologics Corp មានឈ្មោះ MVC-COV1901 ។ វ៉ាក់សាំងនេះ ឆ្លងផុតការសាកល្បងដំណាក់កាលទី២ហើយ ប៉ុន្តែមិនទាន់ឆ្លងកាត់ការសាកល្បងដំណាក់កាលចុងក្រោយឡើយ តែក្រសួងសុខាភិបាលតៃវ៉ាន់ អះអាងថា អង្គបដិបក្ខដែលបង្កើតដោយវ៉ាក់សាំងនេះ មានមិនចាញ់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ឡើយ។
 
លើសពីនោះ ក្រសួងសុខាភិបាលតៃវ៉ាន់បន្តថា ក៏មិនមានការបារម្ភពីសុវត្ថិភាពអំឡុងពេលសាកល្បងឡើយ។ ក្រសួងសុខាភិបាលតៃវ៉ាន់ ក៏តម្រូវឱ្យក្រុមហ៊ុនផ្ដល់របាយការណ៍ប្រចាំខែទាក់ទងសុវត្ថិភាពរបស់បេក្ខភាពវ៉ាក់សាំងនេះផងដែរ។ វ៉ាក់សាំង MVC-COV1901 ផ្ដល់សម្រាប់មនុស្សអាយុ២០ឆ្នាំឡើង ហើយចាក់២ដូសក្នុងគម្លាត២៨ថ្ងៃ។
 
រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់  Chen Shih-chung ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានថា ក្រោយទទួលបានការអនុញ្ញាត ក្រុមហ៊ុនអាចត្រូវការពេលដើម្បីបង្កើនផលិតកម្មរបស់ខ្លួន ហើយការផ្គត់ផ្គង់ទ្រង់ទ្រាយតូច នឹងមាននៅក្នុងខែសីហា។ លោកបន្តថា រដ្ឋាភិបាលក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្ដល់របាយការណ៍នៃការសាកល្បងដំណាក់កាលបន្ទាប់ក្នុងពេលមួយឆ្នាំ។
 
កាលពីខែឧសភា រដ្ឋាភិបាលតៃវ៉ាន់ ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Medigen លើការផ្គត់ផ្គង់វ៉ាក់សាំង៥លានដូស។ ភាគីទាំងពីរ ក៏មានកិច្ចព្រមព្រៀងមួយទៀតលើការផ្គត់ផ្គង់វ៉ាក់សាំង៥លានដូសទៀតផងដែរ។
 
កោះតៃវ៉ាន់ បង្កើនល្បឿនចាក់វ៉ាក់សាំងឱ្យប្រជាជនកាលពីខែមុន ក្រោយផ្ទុះករណីឆ្លងក្នុងស្រុកគួរឱ្យបារម្ភ។ វ៉ាក់សាំងជិត៦លានដូសដែលបានមកពីការបរិច្ចាគរបស់ជប៉ុន អាមេរិក និងការដឹកជញ្ជូនរបស់ក្រុមហ៊ុននានា ជួយឱ្យតៃវ៉ាន់ផ្ដល់វ៉ាក់សាំងមួយដូសដល់ប្រជាជនយ៉ាង២០ភាគរយ។ តៃវ៉ាន់ បញ្ជាទិញវ៉ាក់សាំង២០លានដូសពីក្រុមហ៊ុន Moderna និង AstraZeneca ក៏ដូចជាតាមយន្តការ COVAX ផងដែរ៕
 
 
 
 
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com