កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករឆ្នើមផុតកិច្ចសន្យា៧រូប ស្ថិតនៅលើទីផ្សារដោះដូររដូវកាល ២០២១-២២
20, Jul 2021 , 8:29 am        
រូបភាព
លីគកីឡាបាល់ទាត់នៅតំបន់អឺរ៉ុប ជិតឈានចូលការប្រកួតប្រជែងរដូវកាលថ្មី ២០២១-២២ ហើយ។ ស្រពេលគ្នានេះ ពាក្យចចាមអារ៉ាមជុំវិញការផ្លាស់ប្តូរកីឡារករល្បីៗពីក្លិបមួយទៅក្លិបមួយត្រូវបានផ្សព្វផ្សាយបន្ទបន្ទាប់ ខណៈកីឡាករដែលផុតកិច្ចសន្យា ក៏ត្រូវស្ថិតនៅទីផ្សារទិញដូររដូវកាលថ្មីនេះដែរ។


 
ក្លិបនៅអឺរ៉ុបជាច្រើន កំពុងញាប់ដៃញាប់ជើងស្វែងរកកីឡាករថ្មីទៅបំពេញចន្លោះប្រហោង ដើមប្រជែងពាននៅរដូវកាលថ្មី។ យ៉ាងណាក៏ កីឡាករមានទេពកោសល្យមួយចំនួនដែលមានស្រាប់អាចរបូតពីក្លិបដោយសារចរចាលើកិច្ចសន្យាមិនត្រូវគ្នា។ មិនត្រូវរ៉ូវកិច្ចសន្យា អាចមកពីកត្តាកីឡាករខ្លួនឯង និងដោយសារលក្ខខណ្ឌក្លិបផ្ទាល់តែម្តងក៏ថាបាន។
 
សារព័ត៌មានថ្មីៗ នឹងបង្ហាញលោកអ្នកអំពីកីឡាករមានគុណភាពចំនួន៦រូប ដែលផុតកិច្ចសន្យាជាមួយក្លិបរបស់ពួកគេ៖
 
Daniel Sturridge 
 
អតីតខ្សែប្រយុទ្ធឆ្នើ Chelsea និង Liverpool បានទៅចូលរួមជាមួយ Trabzonspor នៃលីគកំពូលតួកគីតាំងពីរដូវកាល ២០១៩-២០ និងបង្ហាញខ្លួនបានយ៉ាងល្អនៅទីនោះ។
ប៉ុន្តែក្រោយជាប់បម្រាមរយៈពេល៤ខែ ជុំវិញករណីភ្នាល់កាលពីរដូវកាលមុន Sturridge អតីតកីឡាករអន្តរជាតិអង់គ្លេសវ័យ៣១ឆ្នាំ មិនសូវបានលេងឡើយ រហូតផុតកិច្ចសន្យា និងគ្មានការចរចាថ្មីឡើយជាមួយ Trabzonspor។ យ៉ាងណា Sturridgeកំពុងស្វែងរកក្លឹបថ្មីហើយបច្ចុប្បន្នកំពុងហ្វឹកហាត់ជាមួយក្រុមអេស្ប៉ាញ Real Mallorca។


 
Elseid Hysaj
 
ប្រធានក្រុមអាល់បានី Elseid Hysaj មិនយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Napoli ឡើយ។ មិនយល់ព្រមតកិច្ចសន្យារបស់ខ្សែការពារឆ្នើមវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថាជាការខាតបង់របស់ Napoli ប៉ុន្តែជារឿងចំនេញសម្រាប់ Lazio ក្រោមការដឹកនាំរបស់អ្នកចាត់ការ Maurizio Sarri ដែលចង់បានរូបគេទៅរួមក្រុម។



David Luiz

 
David Luiz ផុតកិច្ចសន្យាជាមួយ Arsenal នៅចុងបញ្ចប់រដូវកាលមុន។ ខ្សែការពារសញ្ជាតិប្រេស៊ីល វ័យ៣៤ឆ្នាំរូបនេះ មានទំនាក់ទំនងជាមួយក្លិបចាស់ Paris Saint-Germain រួមជាមួយ Marseille និងក្លិបតួកគី Adana Demirspor។ ក្រៅពីក្លិបទាំង៣នេះ ក្លិបជាច្រើនទៀតចង់បានអតីតខ្សែការពារ Chelsea រូបនេះទៅរួមក្រុមផងដែរ។



Nikola Maksimovic

 
Maksimovic ផុតសុពលភាពជាមួយ Napoli ហើយ ប៉ុន្តែខ្សែការពារសញ្ជាតិស៊ែប៊ីរូបនេះបង្ហាញថារូបគេមិនចង់បោះបង់ក្តីសង្ឃឹមក្នុងការបន្តការស្នាក់នៅជាមួយក្រុមអ៊ីតាលីក្រោមការដឹកនាំរបស់លោក Luciano Spalletti នេះទេ។
យ៉ាងណា ខ្សែការពារវ័យ២៩ឆ្នាំរូបនេះ ត្រូវបានរាយការណ៍ថាស្ថិតក្រោមការចង់បានរបស់ក្រុម West Ham នៃលីគកំពូលអង់គ្លេស។



Andros Townsend

 
Crystal Palace បានតែងតាំងលោក Patrick Vieira ជាអ្នកចាត់ការទូទៅថ្មី។ ការទៅដល់របស់ Vieira បានធ្វើឱ្យ Townsend ដែលត្រូវបានគេជឿជាក់ថានឹងបន្តកិច្ចសន្យាថ្មីជាមួយក្រុមសម្រាប់រដូវកាលក្រោយ ដូចជាបង្ហាញការផ្លាស់ប្តូរវិញហើយ។
ខ្សែបម្រើអង់គ្លេសរូបនេះ បានសេសេរលើបណ្តាញសង្គម Twitter ថាអាជីពរបស់គេជាមួយ Crystal Palace ត្រូវបានផ្លាស់ប្តូរហើយ។ Townsend បន្ថែមថា នៅក្នុងខែកក្កដានេះរូបគេអាចជាកីឡាករផុតកិច្ចសន្យា។



Diego Costa
 
Costa បានចាកចេញពី Atletico Madrid កាលពីខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពីស្នើសុំក្លិបបញ្ចប់កិច្ចសន្យារយៈពេល៦ខែមុន ដោយសារតែបញ្ហាផ្ទាល់ខ្លួន។
អតីតខ្សែប្រយុទ្ធឆ្នើម Chelsea នៅមិនទាន់រកបានក្លិបថ្មីលេងសម្រាប់រដូវកាលថ្មីនេះនៅឡើយទេ ស្របពេលដែលសារព័ត៌មានជាច្រើនផ្សាយថាអតីតសមាជិកជម្រើសជាតិអេស្ប៉ាញរូបនេះ មានទំនាក់ទំនងផ្លាស់ទៅលេងនៅលីគកំពូលចិន។



Patrick van Aanholt

 
Aanholt មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្លិប Galatasaray នៃលីគកំពូលតួកគី ចាប់តាំងពីកិច្ចសន្យារបស់គេជាមួយ Crystal Palace បានផុតកំណត់កាលពីខែមុន។ ខ្សែការពារឆ្វេងដ៏លេចធ្លោនៅ Premier League រូបនេះ ត្រូវបានគេជឿជាក់ថាមិនស្ថិតក្នុងក្រសែភ្នែករបស់លោក Patrick Vieira ដែលជាអ្នកចាត់ការថ្មីរបស់ Crystal Palace ឡើយ៕


 
 

Tag:
 កីឡាករផុតកិច្ចសន្យា
© រក្សាសិទ្ធិដោយ thmeythmey.com