កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កម្ពុជាត្រូវការសិល្បករជាង១ម៉ឺននាក់ ដើម្បីសម្ដែងទស្សនីយភាព នៅព្រឹត្តិការណ៍ SEA Games ២០២៣
20, Jul 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ ជាគម្រោង កម្ពុជាត្រូវការសិល្បករប្រមាណជាង១ម៉ឺននាក់ ដើម្បីសម្ដែងសិល្បៈទស្សនីយភាព ដ៏ធំសម្បើម ក្នុងពិធីបើកបិទព្រឹត្តិការណ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ដោយសារសិល្បករដែលមានស្រាប់ ពុំទាន់គ្រប់ចំនួន ដូច្នោះគណៈកម្មការបើកបិទពិធី SEA Games ត្រូវការកម្លាំងពីអង្គការសិល្បៈ សមាគមសិល្បៈ កម្លាំងកងទ័ព យុវជន និងសិស្សនិស្សិត ចូលរួមបន្ថែម។ នេះជាការបញ្ជាក់របស់លោក ព្រៀង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងសិល្បៈ។



លោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងសិល្បៈ និងជាសមាជិកគណៈកម្មការពិធីបើកបិទ ព្រឹត្តិការណ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងពិធីបើក នឹងមានការសម្ដែងសិល្បៈ ស្ដីពី «ដំណើរជាតិកម្ពុជា” ដែលផ្ទាំងទស្សនីយភាពដ៏ធំសម្បើមនេះ មានសិល្បៈចម្រុះលាយបញ្ចូលគ្នា ទាំងរបាំ ចម្រៀង តន្ត្រី និងភាពយន្តជាដើម ដោយបង្កើតជាខ្សែរឿងមួយ។ ខ្សែរឿងនោះ នឹងបង្ហាញពីការវិវឌ្ឍនៃទឹកដីខ្មែរ តាំងពីការកកើតទឹកដី ការកសាងអង្គរ សម័យរុងរឿងនៃចក្រភពអង្គរ និងសម័យបច្ចុប្បន្ន។ 
 
ដើម្បីជ្រាបច្បាស់ពីការសម្ដែងសិល្បៈទស្សនីយភាពដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ សូមអស់លោក លោកស្រី អញ្ជើញស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន ជាមួយលោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ ដោយក្ដីមេត្រី៖





 
បន្ថែមពីនោះ ក៏មានទស្សនីយភាព “ស្គរជ័យអរិយធម៌ខ្មែរ” ដែលលោក ព្រឿង ឈៀង បញ្ជាក់ថា ស្គរដែលត្រូវយកមកសម្ដែង មានរហូតដល់ទៅប្រមាណជិត២ពាន់ស្គរ។ ទីប្រឹក្សាក្រសួងរូបនេះពន្យល់ថា “ស្គរជ័យអរិយធម៌ខ្មែរ” ប្រគំឡើងដើម្បីដាស់អស់ព្រលឹងបុព្វបុរសខ្មែរ ឱ្យមកស្ថិតក្នុងពិធីសិល្បៈនោះ។
 
លោក ព្រឿង ឈៀង សង្កត់ធ្ងន់ថា ការសម្ដែងសិល្បៈចម្រុះដ៏ធំពុំធ្លាប់មានសម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍ SEA Games នេះ គឺជាឱកាសនៃការផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក កាន់តែទូលាយ។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺកូនខ្មែរនឹងស្គាល់ពីវប្បធម៌ខ្លួនកាន់តែច្បាស់ តាមរយៈការសម្ដែងនោះ៕
 

Tag:
 សិល្បៈ
  វប្បធម៌
  SEA games
  ទស្សនីយភាព
 
© រក្សាសិទ្ធិដោយ thmeythmey.com