ជាតិ
សហជីពនិងសង្គមស៊ីវិល ទទូចឲ្យម្ចាស់ម៉ាកផលិតផលល្បីៗ ជួយកម្មកររងគ្រោះដោយសារកូវីដ-១៩
20, Jul 2021 , 10:42 am        
រូបភាព
សកម្មភាព កម្មករ កម្មការនី រោងចក្រ នៅបណ្ដោយផ្លូវជាតិលេង៣ ចន្លោះផ្សារដើមរការ និងផ្សារត្រាំខ្នារ ចេញពីធ្វើការ នៅល្ងាចថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ២០២១។ (រូបដោយ៖ ជឿន ស្រីណយ)
សកម្មភាព កម្មករ កម្មការនី រោងចក្រ នៅបណ្ដោយផ្លូវជាតិលេង៣ ចន្លោះផ្សារដើមរការ និងផ្សារត្រាំខ្នារ ចេញពីធ្វើការ នៅល្ងាចថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ២០២១។ (រូបដោយ៖ ជឿន ស្រីណយ)
ភ្នំពេញ៖ សហជីពនិងសង្គមស៊ីវិល ទទូចឲ្យម្ចាស់ម៉ាកល្បីៗ ជួយកម្មកររងគ្រោះដោយសារវិបត្តិកូវីដ-១៩។ ការស្នើនេះ ធ្វើឡើងក្រោយរកឃើញថា កម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា បាត់បង់ប្រាក់ឈ្នួល១០៩លានដុល្លារ នាអំឡុងពេលបិទខ្ទប់។


កម្មករក្នុងវិស័យរោងចក្រកាត់ដេរសម្លៀបំពាក់ និងស្បែកជើងនៅកម្ពុជា ជាង៧៨ម៉ឺននាក់ បានបាត់បង់ប្រាក់ឈ្នួលជាង១០៩លានដុល្លារ នៅអំឡុងពេលបិទខ្ទប់ ពីខែមេសាដល់ខែឧសភា។ ពួកគេទាំងនោះ ធ្វើការក្នុងរោងចក្រផលិតសម្លៀបំពាក់និងស្បែកជើងឲ្យម៉ាកល្បីៗ ដូចជា Adidas, VF, Target, H&M, Puma, Levi និង Nike ជាដើម។ នេះបើរបាយការណ៍របស់ Cambodian trade unions និង Clean clothes campaign ដែលបានចុះស្ទង់មតិនៅរោងចក្រចំនួន១១៤។ 
 
ក្នុងរបាយការណ៍បានសរសេរយ៉ាងដូច្នេះថា៖ «នៅអំឡុងរីករាលដាលកូវីដ-១៩ និងបិទខ្ទប់ក្នុងខែមេសានិងឧសភា ឆ្នាំ២០២១ មានកម្មករ៧៨៤ពាន់នាក់ ក្នុងវិស័យការដេរនៅកម្ពុជា បានបាត់បង់ប្រាក់ឈ្នួល១០៩លានដុល្លារ។ តួលេខនេះ គឺផ្អែកតាមការវាយតម្លៃលើរោងចក្រចំនួន១១៤ ដែលធ្វើឡើងដោយសហព័ន្ធសហជីព។ គិតទាំងប្រាក់ឈ្នួលនិងប្រាក់ផ្សេងទៀតរយៈពេល១៣ខែ នៃអំឡុងពេលរាលដាលកូវីដ-១៩ កម្មករកាត់ដេរនៅកម្ពុត្រូវបានប៉ាន់ស្មានថា បាត់ប្រាក់ឈ្នួលជាង៣៩៣លានដុល្លារ»។ 
 
ជុំវិញរបាយការណ៍នេះ លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជាយល់ថា កម្មករកាត់ដេរនៅកម្ពុជា ដែលបាត់បង់ប្រាក់ឈ្នួលទាំងនេះ ដោយសារការកាត់ប្រាក់ខែ ព្យួរការងារ និងត្រូវបានការបញ្ឈប់ជាដើម។  បើតាមលោក អាត ធន់ ក្រុមសហជីពគ្រោងរៀបចំយុទ្ធនាការស្នើឲ្យម្ចាស់ម៉ាកផលិតផលល្បីៗទាំងនោះ ទទួលខុសត្រូវលើកម្លាំងពលកម្ម ដែលធ្វើការងារឲ្យពួកគេ។  
 
លោក អាត ធន់ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១៩ កក្កដាថា៖ «ការបាត់ចំណូលដ៏ច្រើននេះ គឺបញ្ហាកើនឡើងនៃភាពក្រីក្រនិងការលំបាករបស់កម្មករកាន់តែខ្លាំងឡើង...ម្ចាស់ម៉ាក់ល្បីៗគួរមានកាតព្វកិច្ចក្នុងការជួយឬផ្ដល់អត្ថប្រយោជន៍ជាថវិកានៅអំឡុងពេលបិទខ្ទប់ ឬពេលកម្មករជួបបញ្ហា ព្រោះម្ចាស់ម៉ាក់ល្បីៗទាំងនោះ ទទួលបានផលពីកម្លាំងរបស់កម្មកររហូតដល់ធ្វើជាអ្នកមាន នរណាក៏ស្គាល់ជុំវិញពិភពលោកអស់ពេលជាច្រើនឆ្នាំមកហើយ»។ 
 
កន្លងមកបណ្ដាសហជីពនៅកម្ពុជា បានសហការជាមួយសហជីពអន្តរជា អង្គការILO និងអង្គការជាច្រើនទៀត បានស្នើទៅរដ្ឋាភិបាលនិងអ្នកបញ្ជាទិញ ឲ្យជួយដោះស្រាយបញ្ហាកម្មករជាហូរហែរមកហើយ ប៉ុន្តែពុំទាន់ទទួលបានលទ្ធផលនោះទេ។ នេះបើតាមលោក អាត ធន់។ 
 
«ដូច្នេះយើងនូវតែបន្តទាមទារឲ្យមានអ្នកបញ្ជាទិញឬម្ចាស់ម៉ាកល្បី ជួយដល់កម្មករយើងវិញនៅអំឡុងពេលលំបាកនេះ យើងនឹងរៀបចំយុទ្ធនាការទាមទារបន្តទៀត»។ នេះជាការអះអាងរបស់លោក អាត ធន់ ដោយស្នើឲ្យរដ្ឋាភិបាល ជួយកម្មករបន្ថែមទៀត រួមទាំងស្វែងរកការងារឲ្យកម្មករ ដើម្បីឲ្យពួកគេមានលំនឹងសេដ្ឋកិច្ចនៃចំណូលប្រចាំថ្ងៃ។ 
 
ពាក់ព័ន្ធនឹងរបាយការណ៍ខាងលើនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សុំមិនបកស្រាយឬឆ្លើយតប។ 
 
ជុំវិញបញ្ហានេះ លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់យល់ថា ម្ចាស់ម៉ាកល្បីៗខាងលើនេះ គួរចេញមុខនិយាយទៅកាន់អ្នកផ្គត់ផ្គង់របស់ពួកគេ ដើម្បីធានានូវសុវត្ថិភាពនិងសុខភាពនៅកន្លែងការងារ។ លើសពីនេះ ពួកគេគួរពិចារណា ជួយដល់ដល់កម្មករណា រងផលប៉ះពាល់ឬព្យួរការងារនាអំឡុងពេលបិទខ្ទប់។ 
 
«ពួកគេ(អ្នកបញ្ជាទិញឬម្ចាស់ម៉ាកល្បីៗ) គួរតែជួយទៅអ្នកផ្គត់ផ្គង់ ដែលភាគីរោងចក្ររបស់ពួកគេ ដើម្បីឲ្យអ្នកផ្គត់ផ្គង់នោះ បង្កើតជាជំនួយសង្គមជួយដល់កម្មករ ដែលជាអ្នកផលិតឲ្យពួកគេក្នុងអំឡុងពេលនេះ»។ នេះបើតាមលោក ឃុន ថារ៉ូ ដោយបន្ថែមថា​ រដ្ឋគួរឲ្យរោងចក្រធានានូវប្រាក់ឈ្នួលពេញលេញ ដល់កម្មករដែលឆ្លងកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាល រួមទាំងកម្មករដែលព្យួរការងារធ្វើជាដើម។ 
 
បន្ថែមពីនេះ រដ្ឋាភិបាលគួរតែ ឲ្យរោងចក្រផ្អាកប្រតិបត្តិការខ្លួនបណ្ដោះអាសន្ន រយៈពេលពីរសប្ដាហ៍ នៅផ្នែកណាមួយដែលមានកម្មករឆ្លងកូវីដ-១៩ ឬអ្នកពាក់ព័ន្ធ ដើម្បីការពារកុំឲ្យឆ្លងពីកន្លែងមួយទៅកន្លែងមួយ។ លោក ថារ៉ូ បន្ថែមបែបនេះ៕ 
 

Tag:
 កម្មករ
  កាត់ដេរ
  សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com