ជាតិ
សង្គមជាតិ
ព្រះសង្ឃ២០អង្គនៅវត្តព្រែកលៀប ឆ្លងជំងឺកូវីដ-១៩
20, Jul 2021 , 11:41 am        
រូបភាព
រូបភាពពីហ្វេសប៊ុកវត្តវារិន្ទព្រែកលៀប
រូបភាពពីហ្វេសប៊ុកវត្តវារិន្ទព្រែកលៀប
ដោយ:
ភ្នំពេញ៖ ព្រះសង្ឃចំនួន២០អង្គ ដែលគង់នៅវត្តព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានឆ្លងជំងឺកូវីដ-១៩។ ចំពោះវត្តសំរោងអណ្តែត ដែលស្ថិតនៅសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ក៏មានជាងសំណង់ម្នាក់បានឆ្លងជំងឺកូវីដ-១៩ផងដែរ។

 
លោក កេត រតនា នាយរដ្ឋបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ព្រះសង្ឃចំនួន ២០អង្គនៅវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប៉ុន្មានថ្ងៃកន្លងទៅ។ បើតាមលោក កេត រចនា បច្ចុប្បន្នព្រះសង្ឃទាំង២០អង្គកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលព្រែកព្នៅ។ 
 
នាយករដ្ឋបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានចុះយកសំណាកព្រះសង្ឃ និងអ្នកពាក់ព័ន្ធផ្សេងទៀតចំនួន១០៤អង្គ និងនាក់ដែលស្ថិតនៅក្នុងវត្តព្រែកលៀប ដោយតម្រូវឲ្យអ្នកពាក់ព័ន្ធធ្វើចត្តាឡីស័កនៅក្នុងវត្ត១៤ថ្ងៃ។ 
 
ទាក់ទងនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងវត្តព្រែកលៀបនេះ លោក កេត រតនា បានបញ្ជាក់ថា ដើមឡើយមានព្រះសង្ឃមួយអង្គគង់ពិនិត្យ និងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត ហើយក៏បានធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយលទ្ធផលគឺវិជ្ជមានកូវីដ-១៩។


រូបភាពពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ 

ចំណែកវត្តសំរោងអណ្តែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក៏មានជាងសំណង់ចេតិយវត្តម្នាក់បានឆ្លងជំងឺកូវីដ-១៩។ នេះបើតាមលោក គង់ សំបូរ ចៅសង្កាត់គោកឃ្លាងរងទី១ ដោយបញ្ជាក់ថា អ្នកជំងឺម្នាក់នោះកំពុងសម្រាកព្យាបាលនៅផ្ទះដែលស្ថិតក្បែរវត្តសំរោងអណ្តែត ក្នុងស្ថានភាពកម្រិតស្រាល។ 
 
បើតាមលោក គង់ សំបូរ ក្រៅពីក្រុមគ្រួសាររបស់អ្នកជំងឺនោះ គឺមិនមែនព្រះសង្ឃ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងវត្តពាក់ព័ន្ធនឹងអ្នកជំងឺម្នាក់នោះឡើយ។ «គឺពាក់ព័ន្ធតែក្រុមគ្រួសាររបស់ពួកគាត់ទេ គឺឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ»។ នេះជាការលើកឡើងរបស់លោកចៅសង្កាត់គោកឃ្លាងរងទី១។ 
 
អាជ្ញាធរបានអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលពាក់ព័ន្ធនឹងព្រះសង្ឃ និងឧបាសកដែលឆ្លងជំងឺកូវីដ-១៩ក្នុងវត្តខាងលើ ចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែកក្កដា សូមតាមដានសុខភាពរបស់ខ្លួន ក្នុងករណីសង្ស័យគឺត្រូវទៅធ្វើតេស្តរកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ។ 
 
កាលពីថ្ងៃទី១៨ ខែកក្កដា ក៏មានព្រះសង្ឃ និងឧបាសកចំនួន៤៣អង្គ និងនាក់ ក្នុងវត្តទួលទំពូងបានឆ្លងជំងឺកូវីដ-១៩ផងដែរ។ វត្តផ្សេងៗទៀតនៅរាជធានីភ្នំពេញ ក៏មានករណីព្រះសង្ឃឆ្លងជំងឺកូវីដ-១៩ផងដែរ រួមមានវត្តស្ទឹងមានជ័យ វត្តសារាវ័នតេជា វត្តមហាមន្ត្រីជាដើម។ 
 
កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៦៧៩៧១នាក់ ក្នុងនោះ ៦៥២៤នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន  ៦០០១៧នាក់ និងស្លាប់សរុប ១១២៨នាក់៕ 
 
 
 
 
 
 

Tag:
 ព្រះសង្ឃ
 ឧបាសក
 ជំងឺកូវីដ-១៩
 វត្ត
© រក្សាសិទ្ធិដោយ thmeythmey.com