ជាតិ
សង្គមជាតិ
ពលករខ្មែរនៅថៃប្រមាណ៩ពាន់នាក់ ឆ្លងកូវីដ ជាមួយការខ្វះស្បៀងនិងថវិកា
20, Jul 2021 , 2:59 pm        
រូបភាព
តំបន់ពលករខ្មែរមួយកន្លែងក្នុងប្រទេសថៃ (រូបផ្តល់ដោយលោក សុផុន)
តំបន់ពលករខ្មែរមួយកន្លែងក្នុងប្រទេសថៃ (រូបផ្តល់ដោយលោក សុផុន)
គិតមកដល់ជិតចុងខែកក្កដា ឆ្នាំ២០២១នេះ ពលករខ្មែរប្រមាណ៩ពាន់នាក់ហើយ ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩ ខណៈពលករខ្មែរជាស្រ្តីម្នាក់នៅថៃ ទើបនឹងបាត់បង់ជីវិតដោយសារជំងឺនេះ។ នេះបើតាមព័ត៌មានពីលោក លឹង សុផុន មន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ។



លោក សុផុត ប្រាប់សារព័ត៌មានថ្មីៗតាមសារជាសំឡេងក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះថា ក្នុងចំណោមពលករខ្មែរប្រមាណ៩ពាន់នាក់ ដែលឆ្លងកូវីដ-១៩ ភាគច្រើនជាពលករសំណង់។ លោក លើកឡើងថា ពលករខ្មែរ ដែលធ្វើការផ្នែកសំណង់ក្នុងទីក្រុងបាងកក មានប្រមាណ៧ម៉ឺននាក់ ហើយពួកគេ ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្លាំងជាងគេ។ 
 
លោក បន្តថា ពលករខ្មែរដែលឆ្លងជំងឺកូវីដ-១៩ទាំងនោះ កំពុងជួបការលំបាកជាច្រើន ដូចជា បាត់បង់ការងារ បាត់បង់ចំណូល ខ្វះថវិកា និង ខ្វះស្បៀង ជាដើម។ លោក ផ្តល់ព័ត៌មានថា ពលករខ្មែរខ្លះ ដែលឆ្លងជំងឺកូវីដ-១៩ មិនបានទៅព្យាបាលត្រឹមត្រូវនៅមន្ទីរពេទ្យឡើយ បើទោះបីជារដ្ឋាភិបាលថៃ ប្រកាសថា នឹងព្យាបាលគ្រប់ជនបរទេសទាំងស្របច្បាប់ទាំងខុសច្បាប់ក៏ដោយ។ 
 
ពលករខ្មែរ ដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ ភាគច្រើនគឺជាអ្នក ដែលគ្មានឯកសារគ្រប់គ្រាន់ ឬមិនស្របច្បាប់ ហើយថៅកែ មិនបានយកចិត្តទុកដាក់។ នេះបើតាមព័ត៌មានពីលោក សុផុន ដដែល ដោយលោក បន្ថែមថា មានតែពលករខ្មែរ ដែលមានឯកសារគ្រប់គ្រាន់ ឬស្របច្បាប់ និងត្រូវបានថៅកែយកចិត្តទូកដាក់ប៉ុណ្ណោះ ដែលទទួលបានការព្យាបាលត្រឹមត្រូវនៅមន្ទីរពេទ្យ។ 
 
មន្រ្តីសង្គមស៊ីវិល ដែលធ្វើការងារលើការឃ្លាំមើលស្ថានការណ៍ពលករខ្មែរនៅប្រទេសថៃរូបនេះ មានប្រសាសន៍ថា៖«ទាក់ទងនឹងការជួយផ្តល់ស្បៀងដល់ពលករខ្មែរ ខ្ញុំ ឃើញខាងអង្គការសង្គមស៊ីវិលខ្លះ ជួយដែរ តែមិនបានគ្រប់គ្នាទេ។ ខាងស្ថានទូត ក៏បានចុះចែកខ្លះដែរ តែពលករ នៅតែខ្វះខាត»។   
 
សារព័ត៌មានថ្មីៗ បានផ្ញើសំណួរជូនទៅលោក កុយ គួង អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា តាមបណ្តាញតេឡេក្រាមដែរ ដើម្បីសុំឲ្យលោកមានប្រសាសន៍ជុំវិញបញ្ហាពលករខ្មែរ ដែលឆ្លងកូវីដ-១៩ នៅប្រទេសថៃ តែលោក មិនទាន់បានឆ្លើយតប។  
 
លោក សុផុត អះអាងថា ដោយសារតែជួបការលំបាកខ្លាំង ទើបមួយរយៈចុងក្រោយនេះ ពិសេសគឺនៅខែមិថុនា និងនៅខែកក្កដា ឆ្នាំ២០២១ មានពលករខ្មែរជាច្រើន បានលួចចេញពីថៃ វិលចូលកម្ពុជាវិញ។ លោក ប៉ាន់ស្មានថា អំឡុងខែមិថុនា និងខែកក្កដានេះ ពលករខ្មែរ៥០នាក់ទៅ៦០នាក់ បានលួចចេញពីថៃ ចូលកម្ពុជា ដោយថ្ងៃខ្លះ មានដល់១០០នាក់ទៅ២០០នាក់។ លោក និយាយថា ពលករខ្លះ ត្រូវអាជ្ញាធរថៃ ចាប់បានវិញ និងខ្លះទៀត ចូលកម្ពុជាបានសម្រេច។ 
 
ថៃ កំពុងផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ខ្លាំង ដោយមានអ្នកឆ្លងដល់ខ្ទង់ពាន់នាក់ក្នុង១ថ្ងៃៗ ហើយថ្ងៃខ្លះ មានអ្នកឆ្លងដល់ទៅជាង១ម៉ឺននាក់។ គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង៤២ម៉ឺននាក់ ដោយក្នុងនោះ បានជាសះស្បើយវិញជិត៣០ម៉ឺនាក់ និងស្លាប់៣,៥ពាន់នាក់។ 

បច្ចុប្បន្ន ពលករខ្មែរជាង២លាននាក់ កំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ៕  
 
 

Tag:
 COVID-19
  ពលករខ្មែរនៅថៃ
© រក្សាសិទ្ធិដោយ thmeythmey.com