ជាតិ
មន្ទីរធម្មការ ស្នើគ្រប់វត្តនៅភ្នំពេញ កុំយកតម្លៃបូជាសពលើសធម្មតា
× ភ្នំពេញ៖ កន្លងមកមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានសង្កេតឃើញថា មានវត្តខ្លះបានយកបច្ច័យពីការបូជាសពធម្មតាដែលមិនកើតជំងឺកូវីដ-១៩ ច្រើនលើសពីធម្មតា។ មន្ទីរធម្មការ ស្នើសុំព្រះគ្រូចៅអធិការគ្រប់វត្តក្នុងរាជធានីភ្នំពេញ ដែលមានឈាបនដ្ឋាន សម្រួលរក្សាតម្លៃបូជាសពធម្មតា ដែលមិនមែនជាសពកូវីដ-១៩។ នេះបើតាមលិខិតចំហមួយដែលចេញដោយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ នៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១។
លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានបញ្ជាក់ក្នុងលិខិតស្នើសុំខាងលើថា ការយកតម្លៃបូជាសពលើសពីធម្មតា នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ ធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរ រាជរដ្ឋាភិបាល និងជាការប្រព្រឹត្តិខុសពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។
បន្ថែមពីនោះលោក ទេព គង្គា ថាមុននឹងបូជាសព ត្រូវពិនិត្យលិខិតបញ្ជាក់ថាសពនោះមិនពាក់ព័ន្ធនឹងជំងឹកូវីដ-១៩ របស់ពេទ្យ អមដោយលិខិតឯកភាពរបស់អាជ្ញាធរមូលដ្ឋាន។ មិនអនុញ្ញាតឱ្យសាច់ញាតិសព ចូលរួមក្នុងកម្មវិធីបូជាហួសការកំណត់របស់រដ្ឋាភិបាលរាជធានីភ្នំពេញឡើយ គឺមានចំនួន១៥នាក់ប៉ុណ្ណោះយ៉ាងច្រើន ដោយត្រូវពាក់ម៉ាស់ឱ្យបានគត់មុត ហើយត្រូវរក្សាគម្លាតសុវត្ថិភាព។
ចំពោះសេវាបូជាសព ត្រូវរក្សាតម្លៃដើម ចៀសវាងការតម្លើងថ្លៃ ធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះក៏ហាមវៃអង្គាសគ្រប់រូបភាព សម្រាប់ការកសាងវត្តពីម្ចាស់សព។
សារព័ត៌មានថ្មីពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានឡើយ ដោយទូរសព្ទចូល តែពុំមានអ្នកទទួល៕
© រក្សាសិទ្ធិដោយ thmeythmey.com