ជាតិ
មិនគួរយកសត្វមួយ ទៅធ្វើជាចំណីឲ្យសត្វមួយទៀត «ស៊ីទាំងរស់ឡើយ»
22, Jul 2021 , 1:00 pm        
រូបភាព
ការយកសត្វមួយ ទៅធ្វើជាចំណីឲ្យសត្វមួយទៀតស៊ីទាំងរស់ គឺជាអំពើឃោរឃៅ ដែលគួរតែឈប់ប្រព្រឹត្ត។



អ្នក ប្រាកដជាធ្លាប់បានឃើញហើយ ចំពោះទិដ្ឋភាពដែលមនុស្សយកសត្វមួយ បោះឲ្យសត្វមួយទៀតស៊ីទាំងរស់។ សត្វ ដែលគេ បោះសត្វរស់ឲ្យស៊ី គឺជាសត្វ ដែលគេស្រឡាញ់ និងចិញ្ចឹម។

ដើម្បីតែបំពេញការសប្បាយចិត្តរបស់ខ្លួន ដោយការឃើញសត្វដែលអ្នកស្រឡាញ់ បានស៊ីចំណី អ្នក សុខចិត្តយកសត្វនៅរស់ ទៅឲ្យសត្វដែលអ្នកស្រឡាញ់ស៊ី តែអ្នក ភ្លេចគិតពីសេចក្តីវេទនាយ៉ាងក្រៃលែងរបស់សត្វ ដែលក្លាយជាចំណីរបស់សត្វដែលអ្នកស្រឡាញ់។ ការយកសត្វមួយដែលនៅរស់ ទៅធ្វើជាចំណីរបស់សត្វមួយទៀតបែបនេះ មើលទៅគឺឃោរឃៅណាស់។

ឧទាហរណ៍ ដូចជា ការយកសត្វរស់ ទៅធ្វើជាចំណីរបស់សត្វពស់។ នៅកម្ពុជា ក៏មានអ្នកដែលស្រឡាញ់និងចិញ្ចឹមសត្វពស់ដែរ ហើយគេ បានចិញ្ចឹមសត្វពស់នោះ ដោយការដាក់សត្វទាំងរស់ឲ្យវាស៊ី។

ជាទូទៅ គេ យកកូនមាន់ កូនទា កូនកណ្តុរ ឬកូនសត្វផ្សេងទៀត ដាក់ឲ្យសត្វពស់ ដែលគេចិញ្ចឹមស៊ីទាំងរស់។ បើសត្វពស់ធំ គេ យកប្រភេទសត្វទាំងនេះ ដែលធំដែរ ទៅធ្វើជាចំណីរស់របស់សត្វពស់។ ពស់១ក្បាល មិនមែនស៊ីសត្វរស់តែ១ក្បាលទេ ដោយពេលខ្លះ គេ បោះសត្វរស់ដល់ទៅ៤-១០ក្បាលឯណោះ ឲ្យពស់១ក្បាលស៊ី សម្រាប់១ពេល។

បើកូនសត្វតូចៗ សត្វពស់ លេបបានភ្លាមៗ។ តែបើសត្វធំវិញ សត្វពស់ រឹតផង ខាំផង និងប្រឹងលេបម្តងបន្តិចៗ ខណៈសត្វ ដែលត្រូវពស់លេបនោះ ប្រឹងតស៊ូ ដើម្បីរួចពីមាត់ពស់ មុននឹងត្រូវពស់លេបចូលទៅ។ ទម្រាំតែសត្វនោះ ងាប់ និងត្រូវពស់លេបចូលក្នុងពោះ អ្នកស្រមៃមើល តើសត្វនោះ រងសេចក្តីវេទនាខ្លាំងប៉ុនណា?

បើអ្នក ពិចារណាពីសេចក្តីវេទនារបស់សត្វ ដែលត្រូវសត្វផ្សេង ស៊ីឬលេបទាំងរស់ អ្នក អាចនឹងបញ្ឈប់អំពើនេះ។ ទោះអ្នក មិនមែនជាអ្នក ដែលយកសត្វរស់ ទៅឲ្យសត្វផ្សេងស៊ី ដោយអ្នកគ្រាន់តែជាអ្នក ឃើញទិដ្ឋភាពនេះក៏ដោយ ក៏អ្នក អាចកើតចិត្តអាណិត និងមិនចង់ឲ្យមានអំពើនេះដែរ បើអ្នក បានពិចារណាពីសេចក្តីវេទនារបស់សត្វរស់ ដែលក្លាយជាចំណីរបស់សត្វមួយផ្សេងទៀត។

ការយកសត្វមួយ ទៅឲ្យសត្វមួយទៀតស៊ីទាំងរស់បែបនេះ គឺជាអំពើបាប និងជាកម្មពៀរដ៏ធ្ងន់ធ្ងរមួយ។ បើអ្នក ប្រព្រឹត្តអំពើឃោរឃៅ ឬធ្វើឲ្យជីវិតអ្នកដទៃ រងការឈឺចាប់ រងសេចក្តីទុក្ខប៉ុនណា អ្នក ក៏នឹងមានបាប និងមានកម្មពៀរប៉ុននោះដែរ។

ដូចគ្នានេះដែរ បើសត្វ ដែលអ្នក យកទៅធ្វើជាចំណីទាំងនៅរស់របស់សត្វមួយទៀត រងទុក្ខ រងសេចក្តីវេទនាប៉ុនណា អ្នក ក៏នឹងមានបាប និងរងកម្មពៀរប៉ុននោះដែរ ហើយអ្នក នឹងត្រូវគេ ធ្វើដាក់បែបនេះវិញ នៅក្នុងជាតិក្រោយណាមួយ។ អ្នក ដាំពូជអ្វី អ្នកនឹងបានផលនៃពូជនោះ។ អ្នក ធ្វើអំពើបែបណា អ្នក នឹងទទួលផលនៃអំពើបែបនោះ។

ជួនកាល អ្នក ដែលយកសត្វរស់ ទៅធ្វើជាចំណីរបស់សត្វមួយទៀត ដែលខ្លួនចិញ្ចឹម ពុំដឹងថា វា ជាអំពើឃោរឃៅ ដែលមានបាបកម្មធ្ងន់ធ្ងរឡើយ ដោយពួកគេ អាចគិតថា វា ជារឿងធម្មជាតិ ដែលសត្វមួយ អាចស៊ីសត្វមួយទៀតជាចំណី។

ចូរអ្នក ពិចារណាឡើងវិញថា បើសត្វមួយ ចាប់សត្វមួយទៀតស៊ីជាចំណី គឺជាដំណើរធម្មជាតិរបស់វា ហើយក៏ជាកម្មពៀររបស់វា ដែលវា បានប្រព្រឹត្តដោយខ្លួនឯង ដោយមិនពាក់ព័ន្ធនឹងអ្នកនោះទេ ដ្បិតថា អ្នក មិនបានប្រពឹត្ត។ តែ ការដែលអ្នក យកសត្វមួយ ទៅឲ្យសត្វមួយទៀត ស៊ីទាំងរស់ គឺជាអំពើរបស់អ្នក ដូច្នេះ អ្នក នឹងទទួលបាបកម្មនេះ។

គ្រប់សត្វទាំងអស់ គឺមានការឈឺចាប់ មានសេចក្តីវេទនា ដូចមនុស្សដែរ ដោយគ្រាន់តែពួកវា មិនអាចនិយាយ មិនអាចស្រែកប្រាប់ពីការឈឺចាប់របស់ពួកវា ដូចមនុស្សប៉ុណ្ណោះ។ ដូច្នេះ អ្នក គួរតែបញ្ឈប់ការយកសត្វមួយ ទៅឲ្យសត្វមួយទៀត ដែលអ្នកស្រឡាញ់ស៊ីទាំងរស់។ អ្នក អាចយកសាច់ ឬសត្វងាប់ស្រាប់ ឬប្រភេទចំណីផ្សេងៗ ទៅឲ្យសត្វ ដែលអ្នកស្រឡាញ់នោះ ជំនួសសត្វរស់វិញ៕

Tag:
 ការយកសត្វរស់ឲ្យសត្វមួយទៀតស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com