កីឡាអន្តរជាតិ
អន្តរជាតិ
អាបេ មិនចូលរួមពិធីបើកអូឡាំពិក ខណៈស្ត្រីទី១អាមេរិកទៅដល់ជប៉ុន
22, Jul 2021 , 10:29 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ នឹងមិនចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡំាពិកតូក្យូឡើយ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ NHK ស្របពេលស្ត្រីទីមួយ Jill Biden ទៅដល់ជប៉ុននៅថ្ងៃទី២២ ខែកក្កដា ដើម្បីចូលរួមពិធីបើកនេះ។


ស្ត្រីទីមួយរបស់សហរដ្ឋអាមេរិកលោកស្រី Jill Biden បានទៅដល់ប្រទេសជប៉ុនដើម្បីដឹកនាំគណៈប្រតិអាមេរិករបស់ខ្លួនទៅចូលរួមបើព្រឹត្តិការណ៍កីឡារដូវក្តៅដែលពន្យាពេលមួយឆ្នាំដោយសារជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ដោយឡែកលោក អាបេ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញកីឡាអូឡាំពិកទៅកាន់ក្រុងតូក្យូ បែជាត្រូវអវត្តមានទៅវិញ។ យ៉ាងណាក៏ដោយ ការិយាល័យរបស់លោកអាបេមិនអាចទាក់ទងបានភ្លាមៗទេជុំវិញការអាក់ខាននេះ ដ្បិតជាថ្ងៃឈប់សម្រាកសាធារណៈរបស់ជប៉ុន។
 
លោក អាបេ បានលាលែងពីតំណែងនាយករដ្ឋមន្ត្រីជប៉ុនកាលពីឆ្នាំមុនដោយសារហេតុផលសុខភាព មុនពេលលោក យូស៊ីហ៊ីដេ ស៊ូហ្គា ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថ្មីជំនួសខ្លួន។ 
មិនត្រឹមតែលោក អាបេ ទេ អ្នកមុខអ្នកការនិងមន្ត្រីសំខាន់ៗជុំវិញពិភពលោកមួយចំនួនផ្សេងទៀត ក៏ប្រកាសមិនបានទៅចូលរួមពិធីបើកកម្មវិធីកីឡាដ៏ធំនេះដែរ ដោយសារបញ្ហាកូវីដ-១៩។
 
នាពិធីបើកកីឡាអូឡាំពិក នៅថ្ងៃទី២៣ ខែកក្កដា ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថាមានមនុស្សតិចជាង៩៥០នាក់ប៉ុណ្ណោះចូលរួម ដោយបូករួមទាំងមេដឹកនាំពិភពលោកប្រហែលតែ១៥រូបប៉ុណ្ណោះ។ មូលហេតុ ដោយសារម្ចាស់ផ្ទះជប៉ុនកំណត់ចំនួនអ្នកចូលរួម ដើម្បីបង្កាជំងឺរាតត្បាត។
 
ករណីឆ្លងកូវីដ-១៩ បានកើនឡើងទាំងនៅក្នុង និងជុំវិញទីក្រុងតូក្យូរហូតអ្នករៀបចំព្រឹត្តិការណ៍បង្ខំចិត្តដំណើរការប្រកួតដោយមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រក្នុងកីឡដ្ឋាន និងទីសាធារណៈ៕
 

Tag:
 Jill Biden
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com