ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីកិច្ចការនារី៖«ស្រ្តីនិងក្មេងស្រី ដែលមានចំណូលតិចតួច កំពុងជួបផលវិបាកផ្នែកសេដ្ឋកិច្ច»
22, Jul 2021 , 5:59 pm        
រូបភាព
ស្រ្តីពីរបីនាក់ កំពុងទិញបន្លែពីស្រ្តីជាអ្នកលក់ ដែលដាក់បន្លែលក់លើកង់ និងស្ថិតនៅមុខរបងផ្ទះ កាលពីរាជធានីភ្នំពេញស្ថិតក្នុងការបិទខ្ទប់ នៅខែមេសា ឆ្នាំ២០២១។ រូបពី AFP
ស្រ្តីពីរបីនាក់ កំពុងទិញបន្លែពីស្រ្តីជាអ្នកលក់ ដែលដាក់បន្លែលក់លើកង់ និងស្ថិតនៅមុខរបងផ្ទះ កាលពីរាជធានីភ្នំពេញស្ថិតក្នុងការបិទខ្ទប់ នៅខែមេសា ឆ្នាំ២០២១។ រូបពី AFP
ដោយ: ថ្មីៗ
អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានបរិយាយពីផលលំបាកផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីនិងក្មេងស្រីកម្ពុជា ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ សេចក្តីបរិយាយរបស់អ្នកស្រី ធ្វើឡើងក្នុងកិច្ចពិភាក្សានៃទិវាប្រជាជនពិភពលោក ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយក្រសួងផែនការ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

 

អ្នកស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា៖«ស្រ្តីនិងក្មេងស្រី ដែលមានចំណូលតិចតួចពីការងារឬអាជីវកម្មរបស់ខ្លួន កំពុងជួបនឹងផលវិបាកផ្នែកសេដ្ឋកិច្ច បង្កដោយជំងឺកូវីដ-១៩ ហើយកំពុងប្រឈមនឹងហានិភ័យក្នុងបញ្ហាជីវភាពប្រចាំថ្ងៃ ដែលពួកគេ ងាយនឹងធ្លាក់ចូលក្នុងភាពក្រីក្រ»។  
 
លើសពីនេះទៅទៀត ស្រ្តី ប្រឈមទៅនឹងការកើនឡើងនូវបន្ទុការងារក្នុងផ្ទះ ដែលជាហេតុធ្វើឲ្យពួកគេជាច្រើននាក់ បានសម្រេចចិត្តចាកចេញពីកម្លាំងពលកម្ម ដែលមានប្រាក់ឈ្នួល ដើម្បីទៅមើលថែផ្ទះ និងក្រុមគ្រួសាររបស់ពួកគេ។ នេះជាការលើកឡើងរបស់អ្នកស្រីរដ្ឋមន្រ្តីកិច្ចការនារីដដែល។
 
លោក ឆាយ ថន ទេសរដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងផែនការ ដែលជាអធិបតីនៃកិច្ចពិភាក្សានេះ អះអាងថា នៅកម្ពុជា វិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារជំងឺកូវីដ-១៩ គឺវិស័យទេសចរណ៍ វិស័យកម្មន្តសាលសម្រាប់ការនាំចេញ និងវិស័យសំណង់។ លោក ថ្លែងថា កាលពីឆ្នាំ២០១៩ វិស័យទាំង៣នេះ រួមចំណែកដល់ទៅជាង៧០ភាគរយនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងផ្តល់ការងារជិត៤០ភាគរយ។ 
 
រដ្ឋមន្រ្តីក្រសួងផែនការ បានបង្ហាញរបាយការណ៍ថា៖«បច្ចុប្បន្ននេះ ការងារប្រមាណ១,៧សែន កំពុងប្រឈមនឹងហានិភ័យ។ កម្មករ ដែលបម្រើការងារក្នុងវិស័យក្រៅប្រព័ន្ធ ត្រូវបានប៉ាន់ស្មានថា មានជិត៦លាននាក់ បានបាត់បង់ការងារ និងប្រឈមការបាត់បង់ការងារ»។ 
 
អ្នកស្រី អ៊ឹង កន្ថាផាវី បន្តថា ដោយសារជំងឺកូវិដ-១៩ កម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកដែរ គឺកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និង សុខភាពសាធារណៈ ដែលការប៉ះពាល់ទាំងនេះ អាចធ្វើឲ្យទំនោរនៃអំពើហិង្សាលើស្រ្តីមានការកើនឡើង ធ្វើឲ្យប៉ះពាល់ដល់ការពង្រឹងភាពអង់អាចរបស់ស្ត្រី និងធ្វើឲ្យយឺតយ៉ាវក្នុងការសម្រេចសមភាពយេនឌ័រ។ 
 
អ្នកស្រី ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធនិងសាធារណជន រួមគ្នាពង្រីកបរិយាកាសអំណោយផល ដើម្បីគាំទ្រឲ្យស្រ្តីនិងក្មេងស្រី កាន់តែមានភាពងាយស្រួលក្នុងការចាប់យកកាលានុវត្តភាព និងទទួលបានសក្កានុពលថ្មីៗ ទាំងក្នុងអំឡុងនិងក្រោយចប់វិបត្តិជំងឺកូវីដ-១៩។

រដ្ឋមន្រ្តីកិច្ចការនារី ក៏បានរំលេចដែរថា ប្រព័ន្ធថែទាំងសុខភាពពិភពលោក ពោរពេញដោយអ្នកជំងឺកូវីដ-១៩ ដែលជាហេតុបង្កឲ្យមានចន្លោះប្រហោង និងបញ្ហាប្រឈមជាច្រើន ក្នុងការផ្តល់សេវាសុខភាពទូទៅ ដូចជា សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ជាដើម។ អ្នកស្រី បន្ថែមថា ម្យ៉ាងទៀត ការបង្វែរធនធានទៅលើបញ្ហាកូវីដ-១៩ កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្រ្តី ក្មេងស្រី និងប្រជាជនទូទៅ។  
 
លោកវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល អះអាងថា ទោះកម្ពុជា ជួបវិបត្តិជំងឺកូវីដ-១៩ តែស្រ្តី ក្មេងស្រី និងប្រជាជនទូទៅ នៅតែទទួលបានសេវាសុខភាពបន្តពូជ សេវាសុខភាពមាតានិងទារក និងសេវាសុខភាពជាសារវន្តផ្សេងៗទៀត នៅតាមមូលដ្ឋានសុខាភិបាលទូទាំងប្រទេស។ ទោះជាយ៉ាងនេះក្តី លោក នៅតែអំពាវនាវឲ្យមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងមូលដ្ឋានសុខាភិបាលគ្រប់ថ្នាក់ តាមដានការប្រើប្រាស់សេវាសុខភាពបន្តពូជ និងសេវាជាសារវន្តដទៃទៀត រួមទាំងលើកកម្ពស់ការផ្តល់សេវាទាំងនោះឲ្យមានគុណភាព៕ 
 
 

Tag:
 អ៊ឹង កន្ថាផាវី
  ស្រ្តី
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com