COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំងឺផ្សេង ពិបាករកសេវាព្យាបាល ដោយសារមន្ទីរពេទ្យខ្លះ ខ្លាចរអាកូវីដ-១៩
22, Jul 2021 , 11:00 pm        
រូបភាព
អ្នកជំងឺរង់ចាំបើកថ្នាំនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ រូប ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីឆ្នាំ២០១២។
អ្នកជំងឺរង់ចាំបើកថ្នាំនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ រូប ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីឆ្នាំ២០១២។
ភ្នំពេញ៖ មន្ទីរពេទ្យខ្លះ មិនហ៊ានទទួលព្យាបាលអ្នកជំងឺ ដោយខ្លាចថា អ្នកជំងឺនោះ មានជំងឺកូវីដ-១៩។ ការខ្លាចរអានេះ បានធ្វើឲ្យអ្នកជំងឺមួយចំនួន ដែលមិនមែនជាអ្នកជំងឺកូវីដ-១៩ ជួបការលំបាកក្នុងការស្វែងរកសេវាព្យាបាល។

  

វិបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យអ្នកជំងឺផ្សេងៗ បានត្អូញត្អែរពីផលលំបាកក្នុងការទទួលសេវាសុខភាពនៅតាមមន្ទីរពេទ្យនានា ហើយកង្វះការយកចិត្តទុកដាក់នេះបានធ្វើឲ្យអ្នកជំងឺខ្លះបានបាត់បង់ជីវិតទៅទៀត។ អ្នកវិភាគសង្គម មើលឃើញថា បញ្ហានេះ នឹងនាំឲ្យពលរដ្ឋលែងមានជំនឿទុកចិត្តលើការរកសេវាសុខភាពក្នុងស្រុក។

មានកូនស្រីតូច ដែលកំពុងមានជំងឺប្រចាំកាយពីកំណើត លោក លឹម គឹមហុង បានប្រឈមនឹងបញ្ហាលំបាករកសេវាសុខភាពក្នុងអំឡុងកូវីដ-១៩។ ការលំបាករកសេវាសុខភាពនេះ ដោយសារមន្ទីរពេទ្យខ្លះមិនទទួលការព្យាបាល និងខ្លះទៀតព្យាបាលជំងឺមិនដិតដល់។ អ្នករស់នៅភ្នំពេញរូបនេះ បានឲ្យដឹងថា កាលពីជាង១ខែមុន កូនរបស់លោកមានអាការក្ដៅខ្លួនខ្លាំង និងផ្ដាសាយ ហើយលោកបាននាំកូនស្រីទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅជិតផ្ទះ តែគេមិនទទួលព្យាបាលនោះឡើយ។ លោក បន្តថា ការមិនទទួលការព្យាបាលពីពេទ្យឯកជននេះ ប្រហែលដោយសារពេលនោះយប់ពេក ឬដោយសារគេខ្លាចជំងឺកូវីដ-១៩។

បុរសជាឪពុករូបនេះ មិនបង្អង់យូរឡើយ ដោយបាននាំកូនស្រីទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងទៀតក្នុងរាជធានីភ្នំពេញ ដែលមន្ទីរពេទ្យនោះ ជាទូទៅទទួលព្យាបាលក្មេងដោយមិនគិតប្រាក់ ប៉ុន្តែអំឡុងវិបត្តិកូវីដ-១៩នេះ គ្រូពេទ្យមិនបានពិនិត្យស្ថានភាពជំងឺដិតដល់ឡើយ គ្រាន់តែសន្និដ្ឋានជំងឺពីចម្ងាយរួចឲ្យថ្នាំត្រឡប់ទៅផ្ទះវិញ។

លោកគឹមហុង បានរៀបរាប់ដូច្នេះថា៖«ពេលទៅដល់ពេទ្យ គេគ្រាន់តែមើលយើងពីក្រៅ អត់មានស្ទាបស្ទង់ទេ គ្រាន់តែសួរកូនឈឺអ្វីខ្លះ ហើយពេទ្យក៏អត់និយាយច្រើនដែរ។ បន្ទាប់មកពេទ្យផ្សំថ្នាំឲ្យបីថ្ងៃ បើសិនជាអត់បាត់ទេចាំយកមកទៀត។ បីថ្ងៃទៀតខ្ញុំក៏យកកូនមកម្ដងទៀត ដោយសារមិនទាន់បាត់ ហើយគេគ្រាន់ផ្សំថ្នាំឲ្យទៀតប៉ុណ្ណោះ»។

លោក គឹមហុង យល់ថាការព្យាបាលរបស់គ្រួពេទ្យនៅអំឡុងពេលកូវីដ-១៩  ដោយគ្រាន់តែមើលស្ថានភាពពីចម្ងាយនេះ អាចមិនមានប្រសិទ្ធភាពឬមិនងាយជាសះស្បើយ ។ លោក និយាយថា៖«ធម្មតាយើងជាម្ដាយឪពុក មានការបារម្ភខ្លាំង វាអត់ដូចពីមុនពេលដែលកូនយើងឈឺ យើងទៅពេទ្យគេពិនិត្យ ក្មេងណាដែលមានអាការធ្ងន់ធ្ងរមិនសូវស្រួលអ៊ីចឹងគេទទួលយើង យកទៅពិនិត្យគ្រប់សព្វ បើមិនស្រួលគេឲ្យដេកពេទ្យ។ តែវិបត្តិកូវីដពេទ្យមានការខ្លាច ប្រុងប្រយ័ត្ន ហើយយើងទៅដល់ពេទ្យគ្រាន់តែឲ្យថ្នាំមកផ្ទះវិញអ៊ីចឹង។ យើងចេះតែភ័យ ហើយក៏មានការលំបាកត្រូវទៅមកពេទ្យច្រើនដង»។

ចំណែក កញ្ញា យើន ណារ័ត្ន រស់នៅខេត្តរតនគិរី ក៏ត្អួញត្អែរពីបញ្ហារកសេវាសុខភាពផងដែរ។ យុវតីរូបនេះ បានឲ្យដឹងថាកាលពីមួយសប្ដាហ៍មុន នាងបានទៅព្យាបាលនៅមន្ទីរឯកជនមួយ ប៉ុន្តែមុននឹងពិនិត្យជំងឺ គ្រូពេទ្យ តម្រូវឲ្យនាងពិនិត្យសំណាក់រកវីរុសកូវីដ-១៩ជាមុនសិន។ ដោយខ្សត់ថវិកា ព្រោះការពិនិត្យសំណាក់រក​កូវីដ-១៩ ត្រូវបង់ប្រាក់ នាងក៏សម្រេចឲ្យគ្រូពេទ្យ ផ្សំថ្នាំឲ្យនាងប៉ុណ្ណោះ។

កញ្ញា ណារ័ត្ន បានអះអាងដូច្នេះថា៖«កាលហ្នឹង ខ្ញុំចង់ទៅពិនិត្យឈាមដាក់សេរ៉ូម ព្រោះចុកពោះខ្លាំង ឈឺក្បាល និងអស់កម្លាំង។ តែគេអត់ជួសឈាមឲ្យទេ ដោយសារទាល់ធ្វើតេស្តកូវីដ-១៩ សិន។ [ពេទ្យ] គាត់ថាបើអត់ធ្វើតេស្តទេយកតែថ្នាំផឹកទៅ ពួកគាត់ ក៏កំណត់ថាឈឺក្រពះពោះវៀនតែម្តង។ ខ្ញុំក៏សម្រេចចិត្តថា យកតែថ្នាំផឹក ព្រោះបើតេស្តកូវីដ-១៩ទៀតអស់លុយកាន់តែច្រើន»។

កញ្ញា ណារ័ត្ន បន្ថែមថា ថ្នាំដែលគ្រូពេទ្យផ្ដល់ឲ្យនាង មិនធ្វើឲ្យស្ថានភាពជំងឺប្រសើរឡើងទេ។ ការមិនប្រសើរនេះ អាចមកពីគ្រូពេទ្យមិនបានធ្វើរោគវិនិច្ឆ័យជំងឺច្បាស់លាស់ ដោយគ្រាន់សន្និដ្ឋានពីចម្ងាយ។ នាង និយាយថា៖«ខ្ញុំចង់ឲ្យគាត់ដាក់ថ្នាំឲ្យអ្នកជំងឺ គួរតែសួរឲ្យច្បាស់លាស់ថា គេឈឺអ្វីខ្លះ ហើយក្នុងខ្លួនមានអាការអ្វីខ្លះ អត់ចង់ឲ្យពួកគាត់ចេះតែស្មានយកអ៊ីចឹងទេ ព្រោះបើគាត់ឲ្យថ្នាំខុស ឬធ្វើឲ្យស្លាប់ ដូចសម្លាប់មនុស្សដោយអចេតនាអ៊ីចឹង»។

លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ចាត់ទុកបញ្ហានេះ ថាអាចធ្វើឲ្យបាត់បង់វិជ្ជាជីវៈគ្រូពេទ្យ ហើយធ្វើឲ្យពលរដ្ឋលែងមានជំនឿទុកចិត្ តលើការព្យាបាលជំងឺក្នុងស្រុក។ លោក មានប្រសាសន៍ថា បើបញ្ហានេះនៅតែបន្តកើតមាន នោះនឹងអាចធ្វើឲ្យមានអ្នកបាត់បង់ជីវិត ដោយសារលំបាករកសេវាព្យាបាល។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លើកជាយោបល់ថា៖«មន្រ្តីក្រសួងសុខាភិបាល ក៏ដូចជាតាមមន្ទីរពេទ្យ គួរតែគិតពិចារណាឡើងវិញទៅ កុំឲ្យខ្លាចរអាអ្នកជំងឺខ្លាំងពេក រហូតបដិសេធមិនទទួលពិនិត្យព្យាបាលពលរដ្ឋ ដែលមានជំងឺផ្សេងៗ។ ជាការពិតក្នុងវិបត្តិនេះ ការខ្លាចជំងឺកូវីដមានដូចតែគ្នា ប៉ុន្តែបើសិនជាពេទ្យព្រងើយកន្តើយ ហើយប្រើហេតុផលការខ្លាច ឬហានិភ័យជំងឺកូវីដ មិនមើលអ្នកជំងឺ វានឹងបង្កើតឲ្យមានភាពអមនុស្សធម៌នៅក្នុងសង្គម»។

សម្រាប់លោក មាស នី អ្នកតាមដានស្ថានការណ៍សង្គមវិញ យល់ឃើញថា បញ្ហានេះ មិនមែនជាការរើសអើងឡើយ តែជាការភ័យខ្លាចបាត់បង់មុខរបរទៅវិញ។ បើតាមអ្នកវិភាគរូបនេះ គ្រូពេទ្យគួរតែធ្វើតាមវិជ្ជាជីវៈ ជាជាងគិតរឿងផលចំណេញជាធំ។

លោក បង្ហាញការសង្កេតឃើញរបស់លោកថា៖«គេគិតថា បើទទួលអ្នកជំងឺកូវីដ នឹងធ្វើឲ្យបាត់បង់មុខរបររបស់គេធ្ងន់ ដូចជាមន្ទីរពេទ្យទាំងមូលត្រូវបិទ១៤ថ្ងៃ។ នៅក្នុងស្ថានភាពបែបហ្នឹង ទើបធ្វើឲ្យមន្ទីរពេទ្យខ្លះបាត់បង់វិជ្ជាជីវៈ មិនព្រមទទួលអ្នកជំងឺ នៅពេលឃើញអ្នកជំងឺឈឺធ្ងន់ ឬសង្ស័យកូវីដ-១៩ ក៏បញ្ជូនបន្តគ្នា»។

លោក ស្នើឲ្យក្រសួងសុខាភិបាល យកចិត្តទុកដាក់លើបញ្ហានេះ ជាពិសេសកំណត់តម្លៃលើការធ្វើតេស្តរកូវីដ-១៩រហ័ស នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ឲ្យបានសមរម្យ ដែលអាចឲ្យពលរដ្ឋទទួលយកបាន ខណៈកំពុងមានបញ្ហាសេដ្ឋកិច្ចដោយសារកូវីដ-១៩។ លោក មានប្រសាសន៍ថា៖«បើសិនការធ្វើតេស្តតម្លៃខ្ពស់ ធ្វើឲ្យពលរដ្ឋមិនមានលទ្ធភាពព្យាបាលនោះទេ»។

ពាក់ព័ន្ធបញ្ហាខាងលើនេះ អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបដិសេធ​ធ្វើអត្ថាធិប្បាយ ដោយអ្នកស្រីរុញឲ្យទៅសួរ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តែលោក ង៉ូវ កាង ពុំបានទទួលការហៅចូលឡើយ៕

Tag:
 COVID-19
  សេវាសុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com