COVID-19
ជាតិ
ព្រៃវែង បាត់ដំបង កំពង់ធំ និងកំពត មានសរុប១៧២ករណី និងស្លាប់២នាក់រៀងៗខ្លួន
23, Jul 2021 , 10:08 am        
រូបភាព
ខេត្តព្រៃវែង បាត់ដំបង កំពង់ធំ និងកំពត រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ១៧២នាក់ ខណៈខេត្តទាំង៤នេះ សុទ្ធតែមានករណីស្លាប់២នាក់រៀងៗខ្លួន។ ចំណែកករណីសះស្បើយសរុប មានចំនួន ២៣១នាក់។

 
 
ព្រៃវែង៖ មាន៦៧នាក់ទៀត សះស្បើយ១៩០នាក់ និងស្លាប់២នាក់
 
អ្នកជំងឺចំនួន ១៩០នាក់ទៀត បានជាសះស្បើយ ខណៈរកឃើញថ្មីចំនួន៦៧នាក់។ អ្នកស្លាប់មាន២នាក់បន្ថែម។ ក្នុងចំណោមអ្នកដែលទើបរកឃើញនោះមានពលរដ្ឋនៅក្រុងព្រៃវែង, ស្រុកព្រះសេ្ដច, ស្រុកកំចាយមារ, ស្រុកស្វាយអន្ទរ, ស្រុកមេសាង, ស្រុកពាមជរ, ស្រុកពាមរក៍, ស្រុកបាភ្នំ, ស្រុកពារាំង, ស្រុកស៊ីធរកណ្ដាល និងស្រុកកំពង់ត្របែក។ អ្នកជំងឺម្នាក់ជាអ្នកខេត្តកណ្តាល។ 
 
ចំពោះករណីស្លាប់ គឺមានស្ត្រីវ័យ៥៣ឆ្នាំ រស់នៅភូមិបាបោង ឃុំបាបោង ស្រុកពាមរក៍ និងម្នាក់ទៀតជាស្ត្រីវ័យ ៤២ឆ្នាំរស់នៅភូមិមេសរប្រចាន់លើ ឃុំមេសរប្រចាន់ ស្រុកពារាំង។ មកទល់ពេលនេះ ខេត្តព្រៃវែងមានអ្នកឆ្លងកូវីដ-១៩ ចំនួន៣៥០៧នាក់ ក្នុងនោះ២២៣៦នាក់ជាសះស្បើយ ៥៨នាក់ស្លាប់ និងកំពុងសម្រាកព្យាបាលចំនួន១២១៣នាក់។ 
 
បាត់ដំបង៖ មាន៤៧នាក់ ជា៤១នាក់ និងស្លាប់២នាក់ 
 
ខេត្តបាត់ដំបង រកឃើញមនុស្សចំនយន ៤៧នាក់ទៀតវិជ្ជមានកូវីដ-១៩ ខណៈមានអ្នកជំងឺជាសះស្បើយ ៤១នាក់ និងស្លាប់២នាក់។ អ្នកដែលទើបរកឃើញទាំង ៤៧នាក់នោះ មានអ្នករស់នៅក្រុងបាត់ដំបង, ស្រុកសង្កែ, ស្រុកមោងឫស្សី, ស្រុករតនមណ្ឌល, ស្រុកបាណន់ និងស្រុកឯកភ្នំ។ ជាមួយគ្នានេះ មានអ្នកជំងឺម្នាក់ជាអ្នកខេត្តពោធិ៍សាត់ និងម្នាក់ទៀតជាអ្នកខេត្តប៉ៃលិន។ បច្ចុប្បន្ន ខេត្តបាត់ដំបង មានអ្នកកើតជំងឺកូវីដ-១៩ សរុប២២០៥នាក់ ក្នុងនោះ១២៤៤នាក់ ស្លាប់២៥នាក់ និងចំនួន ៩៣៦នាក់ កំពុងសម្រាកព្យាបាល។ 
 
កំពង់ធំ៖ករណីថ្មី៣២នាក់ និងស្លាប់២នាក់
 
មនុស្សចំនួន ៣២នាក់ទៀត បានឆ្លងកូវីដ-១៩ ខណៈអ្នកជំងឺចំនួន២នាក់ បានស្លាប់។ ក្នុងចំណោមអ្នកដែលទើបតែវិជ្ជមាននោះ មានពលរដ្ឋដែលរស់នៅក្រុងស្ទឹងសែន, ស្រុកកំពង់ស្វាយ, ស្រុកបារាយណ៍,ស្រុកតាំងគោក និងស្រុកសន្ទុក។ អ្នកជំងឺម្នាក់ជាអ្នកខេត្តព្រះវិហារ។ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ សរុប ១៥៦៥នាក់ ក្នុងនោះ ១០២៦នាក់ ស្លាប់៣៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥០៦នាក។  
 
កំពត៖ រកឃើញ២៦នាក់បន្ថែម និងស្លាប់២នាក់
 
អ្នកមានតេស្តវិជ្ជមានកូវីដ-១៩ មានចំនួន២៦នាក់បន្ថែមទៀត ខណៈអ្នកស្លាប់មាន២នាក់ទៀត។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ មាន៦នាក់ជាអ្នកស្រុកកំពង់ត្រាច, ៥នាក់នៅក្រុងកំពត, ៨នាក់នៅស្រុកឈូក, ៣នាក់នៅស្រុកទឹកឈូ និង១នាក់នៅស្រុកបន្ទាយមាស ខេត្តកំពត។ អ្នកជំងឺម្នាក់ជាអ្នកខេត្តព្រះសីហនុ, ម្នាក់ជាអ្នកខេត្តកំពង់ស្ពឺ និងម្នាក់ទៀតជាអ្នកភ្នំពេញ។ ចំពោះករណីស្លាប់ គឺម្នាក់ជាបុរសវ័យ៧០ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ហើយម្នាក់ទៀតជាស្ត្រីវ័យ៧៩ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។ មកទល់ពេលនេះ ខេត្តកំពត មានអ្នកឆ្លងកូវីដ-១៩ ចំនួន២៧៨៦នាក់ ក្នុងនោះ២០៨៩នាក់ជាសះស្បើយ ៣៩នាក់ស្លាប់ និង៦៥៨នាក់កំពុងសម្រាកព្យាបាល។ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com