ជាតិ
អភិបាលខេត្តកំពង់ស្ពឺ ហាមពលរដ្ឋទិញដីខុសច្បាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន
23, Jul 2021 , 4:59 pm        
រូបភាព
លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ។
លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ។
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺអះអាងថា ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន បានយកដីនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ទៅពុះបំបែកក្បាលដីជាឡូត៍ៗ ដើម្បីលក់ឲ្យប្រជាពលរដ្ឋ។ ករណីនេះ លោក អំពាវនាវកុំឲ្យពលរដ្ឋទិញនៅទីតាំងនេះ។


ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន បានពុះឡូត៍ ដែលនៅស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច លក់ដល់ពលរដ្ឋដោយកាត់ប្លង់ត្រឹមក្រុមហ៊ុន ហើយអាជ្ញាធរមិនបានដឹងឬទទួលស្គាល់ឡើយ។ នេះបើតាមអភិបាលខេត្តកំពង់ស្ពឺ ។
 
លោក វ៉ី សំណាង ដោយសង្កត់ធ្ងន់ថា៖ «ការពុះដីឡូត៍នេះ ជារឿងខុសច្បាប់។ ចេះតែដើរយកដីគេពុះឡូត៍លក់ចឹងវាខុស»។ 
 
ជាមួយគ្នាដែរ លោក វ៉ី សំណាង អំពាវនាវឲ្យពលរដ្ឋ កុំទិញដីនៅទីតាំងខាងលើនេះ ពីក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន។ ចំពោះចំណាត់ការវិញ លោកបញ្ជាក់ថា៖ «ទាល់តែមានពាក្យបណ្ដឹង តែខ្ញុំអត់ចង់ឲ្យមានពាក្យបណ្ដឹងទេ។ ដំបូង សុំកុំឲ្យពលរដ្ឋទិញដី នាំឲ្យបាត់ប្រយោជន៍និងខាតពេល»។ 
 
កាលពីថ្ងៃទី២១សីហា ឆ្នាំ២០១៦ ខាងទីស្ដីការគណៈរដ្ឋមន្រី្តបានចេញលិខិត សម្រេចប្រគល់ដីចំនួន៥២ហិកតា ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន។ គម្រោងដីសម្បទានសេដ្ឋកិច្ចនេះ មានទីតាំងនៅភូមិទី១ និងភូមិទី៣មទុង នៃឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយឡែកដីនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលក្រុមហ៊ុននេះ កំពុងពុះឡូតិ៍នោះ គឺស្ថិតនៅលើដីមានទំនាស់ និងខុសនីតិវិធី៕
 
 

Tag:
 ដីធ្លី
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com