ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អតីតមេឃុំសង្គ្រោះជាតិម្នាក់នៅកំពង់ស្ពឺ ត្រូវចាប់ខ្លួនពីបទញុះញង់
23, Jul 2021 , 5:35 pm        
រូបភាព
កញ្ញា កឹម តុលា អតីតមេឃុំនៃឃុំត្រែងត្រយឹង (រូបពីបណ្តាញសង្គម)
កញ្ញា កឹម តុលា អតីតមេឃុំនៃឃុំត្រែងត្រយឹង (រូបពីបណ្តាញសង្គម)
អតីតមេឃុំពីគណបក្សប្រឆាំងម្នាក់ទៀត ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺកញ្ញា កឹម តុលា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី២៣ ខែកក្កដានេះថា ការចាប់កញ្ញា កឹម តុលា គឺសមត្ថកិច្ច អនុវត្តទៅតាមដីការបស់តុលាការខេត្តកំពង់ស្ពឺ។



លោក ឆាយ គឹមខឿន អះអាងថា កញ្ញា កឹម តុលា ត្រូវបានចោទបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ប៉ុន្តែ ចំពោះអង្គហេតុ ដែលកញ្ញា ប្រព្រឹត្តនោះ លោក ឆាយ គឹមមខឿន មិនបញ្ជាក់ឡើយ។

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់ថា លោក ក៏បានទទួលព័ត៌មានពីការចាប់ខ្លួន កញ្ញា កឹម តុលា ដែរ។ តែការចាប់កញ្ញា ពីបទអ្វី និងដោយសារប្រព្រឹត្តអំពើអ្វីនោះ លោក មិនទាន់ទទួលបានព័ត៌មាននៅឡើយទេ។ លោក យល់ថា បើមើលតាមដីកា ការចាប់កញ្ញា កឹម តុលា គឺជាការអនុវត្តច្បាប់ តែបើមើលតាមទិដ្ឋភាពផ្សេង ការចាប់នេះ គឺជាការគំរាមកំហែងមួយបន្ថែមទៀត។

លោក ឆាយ គឹមខឿន មិនបកស្រាយតបឡើយចំពោះការរិះគន់របស់មន្រ្តីសង្គមស៊ីវិលថា ការចាប់កញ្ញា កឹម តុលា ជាការគំរាមកំហែង។ លោក មានប្រសាន៍ថា៖«យើងខ្ញុំ ជាមន្រ្តីអនុវត្តច្បាប់ អត់មានត្រូវទៅឆ្លើយឆ្លងជាមួយសង្គមស៊ីវិល ដែលនិយាយប៉ាតណាប៉ាតណីទេ»៕

Tag:
 ចាប់ខ្លួន
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com