ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីវៀតណាម ចាត់ទុកជំនួយកម្ពុជា ថាជាសក្ខីភាពបង្ហាញពី «ការជួយគ្នាក្នុងគ្រាលំបាក»
23, Jul 2021 , 7:59 pm        
រូបភាព
សម្តេច ហ៊ុន សែន (រូបពីរបស់ទំព័រហ្វេសប៊ុករបស់សម្តេច), លោក ផាម មិញឈិញ (រូបពីគេហទំព័ររបស់ស្ថានទូតវៀតណាមប្រចាំកាណាដា)
សម្តេច ហ៊ុន សែន (រូបពីរបស់ទំព័រហ្វេសប៊ុករបស់សម្តេច), លោក ផាម មិញឈិញ (រូបពីគេហទំព័ររបស់ស្ថានទូតវៀតណាមប្រចាំកាណាដា)
ដោយ: ថ្មីៗ
លោក ផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម បានផ្ញើសារទៅសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីអរគុណសម្តេចផ្ទាល់ រដ្ឋាភិបាលកម្ពុជា និង ប្រជាជនកម្ពុជាទាំងមូល ដែលបានផ្តល់ជំនួយជាថវិកានិងសម្ភារផ្សេងៗ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅវៀតណាម។ លោក ថែមទាំងអរគុណសម្តេច ហ៊ុន សែន និង រដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះសមាគមជនជាតិវៀតណាម ដែលកំពុងរស់នៅ សិក្សា និង ធ្វើការងារ នៅកម្ពុជា។


 
លិខិតរបស់លោក ផាម មិញឈិញ ដែលត្រូវបានបកប្រែជាភាសាខ្មែរ និងត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានសរសេរថា៖«កាយវិការដ៏ថ្លៃថ្លានេះ កាន់តែមានតម្លៃថែមទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក៏កំពុងខិតខំឆ្លើយតបនឹងជំងឺកូវីដ-១៩ដែរនោះ ហើយក៏ជាសក្ខីភាពនៃប្រពៃណីជួយគ្នាទៅវិញទៅមក ដែលប្រទេសនិងប្រជាជនយើងទាំងពីរ តែងផ្តល់ជូនគ្នា ជាពិសេសក្នុងគ្រាជួបការលំបាកនិងបញ្ហាប្រឈម»។ 
 
នាយករដ្ឋមន្រ្តីវៀតណាម ជម្រាបនាយករដ្ឋមន្រ្តីកម្ពុជាថា ការជួយឧបត្ថម្ភជាក់ស្តែងនិងទាន់ពេលវេលាពីសំណាក់កម្ពុជានេះ នឹងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក បង្ហាញការជឿជាក់ថា តាមរយៈការប្តេជ្ញាចិត្តនិងកិច្ចសហការដ៏ស្អិតល្មួតជាមួយគ្នា កម្ពុជា-វៀតណាម នឹងជម្នះលើជំងឺកូវីដ-១៩ក្នុងពេលឆាប់ៗនេះ។ 
 
មន្រ្តីរដ្ឋាភិបាលកម្ពុជា បានយកថវិកា២០ម៉ឺនដុល្លារ ម៉ាសធម្មតា១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ១០ម៉ឺនបន្ទះ និងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង ទៅជូនរដ្ឋាភិបាលវៀតណាមដល់ប្រទេសវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ លើសពីនេះ សម្តេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមវៀតណាម ហើយអ្នកស្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ កន្លងមក វៀតណាម ក៏ធ្លាប់ឧបត្ថម្ភថវិកានិងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់កម្ពុជាដែរ។ 
 
គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២១ដូចគ្នា កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង៧ម៉ឺននាក់ (ជាសះស្បើយជាង៦,២ម៉ឺននាក់ ស្លាប់ជាង១ពាន់នាក់ កំពុងសម្រាកព្យាបាលជាង៦,៦ពាន់នាក់) ចំណែកវៀតណាម មានអ្នកឆ្លងជាង៧,៨ម៉ឺននាក់ (ជាសះស្បើយជាង១,៣ម៉ឺននាក់ ស្លាប់៣៧០នាក់ កំពុងសម្រាកព្យាបាលជាង៦,៤ម៉ឺននាក់)៕ 
 
 

Tag:
 ផាម មិញឈិញ
  ហ៊ុន សែន
  កម្ពុជា-វៀតណាម
  ទំនាក់ទំនង
  ជំនួយ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com