ជាតិ
និយ័តករណែនាំក្រុមហ៊ុនទូរសព្ទបញ្ឈប់ការហៅចូលរំខានអតិថិជន ជាពិសេសការផ្សាយពាណិជ្ជកម្ម
23, Jul 2021 , 8:42 pm        
រូបភាព
លោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា
លោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា
ក្នុងលិខិតពីរដាច់ដោយឡែកពីគ្នា លោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានណែនាំទៅក្រុមហ៊ុនសេវាទូរសព្ទ វៀតធេល (ខេមបូឌា) និងក្រុមហ៊ុនខេម ជ្ជីអេសអឹម អែលធីឌី ទាក់ទងនឹងករណីហៅចូលទូរសព្ទចល័តរបស់អតិថិជនដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែមនានា (VAS)។

 
លិខិតចុះថ្ងៃទី២៣ ខែកក្កដា តម្រូវឲ្យក្រុមហ៊ុនទាំងនោះ បញ្ឈប់ជាបន្ទាន់ រាល់ការរំខាននានាដល់អ្នកប្រើប្រាស់ ដោយការហៅចូលលេខទូរសព្ទអតិថិជន និងបញ្ឈប់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។

«សេវាដោយគ្មាន​ការ​ចុះឈ្មោះប្រើ​ជាមុន​ដោយអតិថិជននេះ ជាសកម្មភាព​រំខាន​ដល់អ្នក​ប្រើប្រាស់​ដោយសារខុសពីឆន្ទៈរបស់ពួកគាត់ដែលការណ៍នេះស្តែងឲ្យឃើញអំពីភាពគ្មានសណ្តាប់ធ្នាប់ក្នុងវិស័យទូរគមនាគមន៍»។ នេះជាការគូសបញ្ជាក់របស់ប្រធាន ន.ទ.ក.។

និយ័តករ បាន​ព្រមាន​ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយបង្កក​រាល់ការស្នើសុំនានារបស់ក្រុមហ៊ុន ក្នុងករណីក្រុមហ៊ុនទាំងនោះមិនអនុវត្តតាមការណែនាំ ជាពិសេសការអនុវត្តតាម​មាត្រា​៦៩ និង៧៨​នៃច្បាប់ស្តីពីទូរគមនាគមន៍៕
 

© រក្សាសិទ្ធិដោយ thmeythmey.com