អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ដាក់ទណ្ឌកម្មលើអតីតរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក
24, Jul 2021 , 7:30 pm        
រូបភាព
លោក  Wilbur Ross អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក។ រូបភាព៖ Reuters
លោក Wilbur Ross អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក។ រូបភាព៖ Reuters
 
ចិន នៅថ្ងៃទី២៣ ខែកក្កដា បានដាក់ទណ្ឌកម្មលើបុគ្គលជនជាតិអាមេរិក ដោយក្នុងនោះរួមមានអតីតរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Wilbur Ross ផង និងវិទ្យាស្ថានផ្សេងទៀត ដើម្បីឆ្លើយតបនឹងទណ្ឌកម្មអាមេរិកមកលើមន្រ្តីចិន នៅក្នុងទីក្រុងហុងកុង។ ទណ្ឌកម្មនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនទស្សនកិច្ចអនុរដ្ឋមន្រ្តីការបរទេសអាមេរិកទៅចិន។



ជាទណ្ឌកម្មលើកដំបូង ដែលស្ថិតក្រោមច្បាប់ទណ្ឌកម្មប្រឆាំងបរទេស ចិនបានសម្រេចដាក់ទណ្ឌកម្មប្រឆាំងសកម្មភាពទៅវិញទៅមក លើអ្នកតំណាងអង្គការ, គណៈកម្មការប្រតិបត្តិសភាលើចិន និងគណៈកម្មការពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចចិន-អាមេរិក។

ទណ្ឌកម្មចិននេះ ក៏បានរួមបញ្ចូលវិទ្យាស្ថានលទ្ធិប្រជាធិបតេយ្យលើកិច្ចការអន្តរជាតិ, វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ, អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងក្រុមប្រឹក្សាលទ្ធិប្រជាធិបតេយ្យហុងកុង ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនជាដើម។ ទណ្ឌកម្មរបស់ចិនខាងលើ ក៏បានដាក់លើអតីតរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Wilbur Ross ផងដែរ។
 
តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានបញ្ជាក់ថា ភាគីអាមេរិក បានបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចហុងកុង ដែលគ្រាន់តែចង់បង្ខូចកេរ្តិ៍ឈ្មោះពាណិជ្ជកម្មហុងកុង និងដាក់ទណ្ឌកម្មដោយខុសច្បាប់លើមន្រ្តីចិននៅក្នុងក្រុងហុងកុងប៉ុណ្ណោះ។

«សកម្មភាពទាំងនោះ គឺបំពានច្បាប់អន្តរជាតិ»។ ក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អាមេរិក ក៏បានធ្វើខុសនឹងគោលការណ៍ទំនាក់ទំនងអន្តរជាតិ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ជាការឆ្លើយតប អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី Jen Psaki បានលើកឡើងថា នេះគឺជាសកម្មភាពចុងក្រោយ ដែលចិនឆ្លើយតបមកលើបុគ្គលឯកជន ក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលអាមេរិក។ ចំណែកលោកអតីតរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិកវិញ មិនទាន់អាចទាក់ទងបាននៅឡើយ។

នេះជាទណ្ឌកម្មលើទីពីរហើយ ដែលចិន បានដាក់ទណ្ឌកម្មលើរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក។ មុនចូលកាន់តំណែងរបស់លោកចូ បៃឌិន នៅខែមករា កន្លងទៅ ចិន បានដាក់ទណ្ឌកម្មលើមន្រ្តីអាមេរិកជាច្រើនរូប ដោយក្នុងនោះក៏មានលោកមៃ ប៉ុមប៉េអូ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com