COVID-19
អន្តរជាតិ
ថៃ ពិចារណាបិទខ្ទប់ខេត្តសមុទ្រសាគរជាថ្មី បន្ទាប់ពីករណីឆ្លងកាន់តែធ្ងន់ធ្ងរ រូបភាព៖ បាងកកប៉ុស្តិ៍
×
អាជ្ញាធរខេត្តសមុទ្រសាគរ ពិចារណាបិទខ្ទប់ខេត្តជាថ្មី និងផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន បន្ទាប់ពីករណីឆ្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
គ្រាន់តែនៅក្នុងខេត្តសមុទ្រសាគរ អាជ្ញាធរ បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ខែកក្កដា ចំនួន ១០៥៧ករណី និងអ្នកស្លាប់មានចំនួន ៧នាក់។ ដោយសារករណីឆ្លងនៅក្នុងខេត្តហក់ឡើងបែបនេះ អាជ្ញាធរថៃ បានពិចារណាបិទខេត្តជាថ្មី។
ពាក់ព័ន្ធនឹងការបិទខេត្តនេះ លោកVeerasak Vichitsangsri អភិបាលខេត្តសមុទ្រសាគរ និងជាប្រធានក្រុមការងារទំនាក់ទំនងជំងឺឆ្លង បានអះអាងថា លទ្ធភាពនៃការបិទខេត្ត និងរោងចក្រ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ។ ចំណាត់ការនេះ នឹងលើកយកមកម្តងទៀតនៅក្នុងកិច្ចប្រជុំខាងមុខ ប្រសិនបើករណីឆ្លងនៅតែបន្តហក់ឡើង។
មិនតែប៉ុណ្ណោះ អភិបាលខេត្ត ក៏បានស្នើឱ្យអ្នកប្រតិបត្តិផ្សារលក់ទំនិញជជុះសហការជាមួយអាជ្ញាធរ និងបិទផ្សារបណ្តោះអាសន្ន រហូតដល់ករណីឆ្លងជំងឺកូវីដ-១៩ មានភាពធូរស្រាល។
សូមបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ នៅតែថៃបន្តហក់ឡើងខ្ពស់ ដោយមានករណីឆ្លងចំនួន ១៤២៦០ករណី និងអ្នកស្លាប់មានចំនួន ១១៩នាក់ នៅថ្ងៃទី២៤ ខែកក្កដា។ តួលេខសរុបមានចំនួនជាង ៤៨ម៉ឺនករណី និងអ្នកស្លាប់មានចំនួនជិត ៤ពាន់នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com