អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមអ្នកវិភាគ៖ ការស្ទង់​មតិ​នយោបាយ​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ២០២០ ស្ទង់​ត្រូវ​តិច​បំផុត​ក្នុង​ពេល​ច្រើន​ទសវត្សរ៍
25, Jul 2021 , 8:59 am        
រូបភាព
ដោយ: VOA
វ៉ាស៊ីនតោន — ក្នុង​ពេល​៩​ខែក្រោយការ​បោះឆ្នោត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​ទៅមិញ មាន​អ្នកចាញ់​មួយថែម​ទៀត គឺ​ការ​ស្ទង់​មតិខាងនយោបាយ ដោយ​ការវិភាគ​ថ្មី​មួយ​បង្ហាញ​ថា ការ​ស្ទង់​មតិ​កាល​ពីឆ្នាំ២០២០ ​នៅមុនការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី៣​ វិច្ឆិកា​ឋិត​ក្នុងបណ្តាការ​ស្ទង់មតិ​ត្រូវតិច​បំផុត ក្នុង​ពេល​ជាច្រើន​ទសវត្សរ៍​កន្លង​ទៅនេះ។


អង្គការប្រចាំអាជីព​នៃឧស្សាហកម្មស្ទង់​មតិ​ គឺ​សមាគមអាមេរិកាំងខាង​ការសិក្សា​ស្រាវជ្រាវមតិ​សាធារណៈ​និយាយ​ថា ​ខ្លួន​បានពិនិត្យ​សើរើ​មើលការ​ស្ទង់​មតិ២៨៥៨​ដោយ​មានរួម​បញ្ចូលការ​ស្ទង់​មតិកម្រិត​ជាតិ​ និងកម្រិត​រដ្ឋរាប់​រយ​ ហើយ​រក​ឃើញ​ថាការ​ស្ទង់​មតិទាំង​នេះ ​បានប៉ាន់ប្រមាណ​ស្ទើរ​ចំពោះ​ការ​គាំទ្រ​លោក Donald Trump ដែល​បានកាន់​តំណែងប្រធានាធិបតី​នៅ​ពេល​នោះ​ ទោះជា​លោក​បានចាញ់លោក Joe Biden ខាងគណបក្ស​ប្រជាធិបតេយ្យ ដែល​នៅ​ពេល​នេះ​ជា​ប្រធានាធិបតី​ទី៤៦នៃ​សហរដ្ឋអាមេរិក​ក៏​ដោយ។

អង្គការ​នេះ​បានរក​ឃើញ​ថា​ ការ​ស្ទង់​មតិទាំងនេះ ​បាន​និយាយលើសអំពី​គម្លាត​ការ​គាំទ្រលោក Biden និងលោក Trump ចំនួន​៣,៩​ ភាគរយក្នុង​ការ​បោះឆ្នោត​ដោយ​ផ្ទាល់ក្នុង​ប្រទេស​ជាតិ​ ​និង​៤,៣ ​ភាគ​រយ​ក្នុងការ​បោះឆ្នោត​រដ្ឋ។

អង្គការ​ស្ទង់​មតិ​នេះ​បាននិយាយ​ថា អត្រា​កំហុស​តួភាគរយ​«​ខ្ពស់​ខុស​ធម្មតា»​ដល់​កម្រិតខ្ពស់​បំផុត​ក្នុងពេល៤០ឆ្នាំសម្រាប់​ការ​ស្ទង់​មតិអំពីការបោះឆ្នោត​ដោយ​ផ្ទាល់ក្នុង​ប្រទេស​ជាតិ ​និង​យ៉ាង​ហោចណាស់២០ឆ្នាំសម្រាប់ការបោះឆ្នោតរដ្ឋ។

ក៏​ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោតនៅ​ក្នុង​កា​រស្ទង់​មតិត្រូវ​ទាំង​ស្រុងនៅទី​បញ្ចប់នៃការ​ឃោសនាដ៏យូរ ​ដោយការ​ស្ទង់​មតិទាំង​អស់​៦៦នៅ​ពេល​ពីរ​សប្តាហ៍​មុនការ​បោះឆ្នោតបង្ហាញ​ថា លោក Biden នឹង​ឈ្នះ​លោក Trump។ ការស្ទង់​មតិអំពីការ​បោះឆ្នោត​ព្រឹទ្ធសភា​មិនសូវត្រូវ​ទេ ​ដោយ​ការ​ស្ទង់​មតិមុន​ការ​បោះឆ្នោត​ចែង​ត្រូវ​តែ២ ភាគ៣​នៃ​អ្នក​ឈ្នះប៉ុណ្ណោះ។

នៅក្នុងការ​បោះឆ្នោត​ពិត​ប្រាកដ លោក Biden បានឈ្នះលោក Trump ដោយ​ទទួល​បាន​សំឡេងឆ្នោត៥១,៣ ភាគរយ។ ចំណែកលោក Trump បានទទួល​សំឡេងឆ្នោត​៤៦,៨ ភាគរយ ស្មើនឹងសន្លឹកឆ្នោត​៨១លាន ៣​សែនស​ន្លឹក ​ទល់​នឹង​៧៤ លាន ២ សែន​សន្លឹក។

អង្គការ​ស្ទង់​មតិ​នេះបាន​និយាយ​ថា «ទោះជាបេក្ខជនឈរ​ឈ្មោះ​សម្រាប់តំណែង​ប្រធានាធិបតី សមាជិក​ព្រឹទ្ធសភា ​ឬ​អភិបាល​រដ្ឋ​ក៏​ដោយ ​ក៏គម្លាត​ការ​គាំទ្រ​នៅ​ក្នុង​ការ​ស្ទង់​មតិទាំង​អស់បង្ហាញ​ថា ​ពួក​បេក្ខជ​នប្រជាធិបតេយ្យ មានការ​គាំទ្រ​ច្រើន​ជាងពួក​បេក្ខជនសាធារណរដ្ឋនៅ​ក្នុង​លទ្ធផលចុង​ក្រោយ​ដែល​មានការ​បញ្ជាក់​ថា​ត្រឹមត្រូវ​យក​ជា​ការ​បាន»។

ពួក​អ្នក​ស្ទង់​មតិនិយាយថា ពួក​គេ​មិនដឹងហេតុដូច​ម្តេច​បាន​ជាការ​រកឃើញនៅ​មុន​ការបោះឆ្នោតខុស​ពី​គម្លាតពិត​ប្រាកដ​ ទោះជាលោក Biden បានឈ្នះ​ដូច​ដែលការ​ស្ទង់មតិក្នុងពេល​ច្រើន​ខែបានបង្ហាញអំពីជ័យជម្នះ​របស់​លោកក៏​ដោយ។

កាលពី​ឆ្នាំ២០១៦​ ក្រុម​អ្នក​ស្ទង់​មតិបានស្ទង់ប្រមាណ​ទាបអំពី​ការ​គាំទ្រ​ដល់​លោក Trump ​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​ដែល​លោក​បានឈ្នះដោយមិន​បានរំពឹងទុកជាមុន​ដែលនាំ​ឲ្យ​លោក​ចូល​កាន់​តំណែង​បួន​ឆ្នាំក្នុង​សេតវិមាន។ ពួក​អ្នក​ស្ទង់​មតិ​បានសន្និដ្ឋាន​នៅ​ក្រោយការបោះឆ្នោត​នោះថា ​ពួក​គេ​មិន​បានគិត​អំពី​ភាព​ខុសគ្នា​ខាង​ការ​សិក្សា​អប់រំនៅ​ក្នុង​ទម្លាប់​បោះឆ្នោតក្នុងប្រទេសអាមេរិក គឺ​ថាក្រុម​អ្នក​បោះឆ្នោតដែល​មានការ​សិក្សា​អប់រំ​ក្នុង​មហាវិទ្យាល័យទំនងជា គាំទ្រ​គណបក្សប្រជាធិបតេយ្យជាង​គាំទ្រ​ពួក​សាធារណរដ្ឋ។

ពួក​អ្នក​និពន្ធ​ការ​វិភាគនៃការ​ស្ទង់​មតិ​កាល​ពី​ឆ្នាំ២០២០​ និយាយថា ពួក​គេដឹង​មិន​ច្បាស់លាស់​ទេ​ថា​ អ្វី​ដែលបណ្តាលឱ្យ​មាន​ការភ័ន្ត​ច្រឡំកាលពី​ឆ្នាំ​ទៅមិញ តែបាននិយាយថា ការចុះថយ​នៃ​អត្រាឆ្លើយ​តប​សំណួរ​ក្នុងចំណោម​មនុស្សខ្លះ​ ជា​ពិសេសពួកសាធារណរដ្ឋ​ប្រហែលជា​កត្តាសំខាន់​មួយ៕

© រក្សាសិទ្ធិដោយ thmeythmey.com