COVID-19
អន្តរជាតិ
វ៉ាក់សាំង ៣លានដូសរបស់អាមេរិក បានដឹកដល់វៀតណាមហើយ
25, Jul 2021 , 11:27 am        
រូបភាព
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោមជំនួយរបស់អាមេរិក ដឹកមកដល់វៀតណាម។ រូបភាព៖ UNICEF
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោមជំនួយរបស់អាមេរិក ដឹកមកដល់វៀតណាម។ រូបភាព៖ UNICEF
 
វ៉ាក់សាំងក្រុមហ៊ុន Moderna ចំនួន ៣លានដូស ដែលបរិច្ចាគដោយអាមេរិក បានដឹកដល់ក្រុងហូជីមិញ និងក្រុងហាណូយហើយ នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកក្កដា។ ការមកដល់វ៉ាក់សាំងនេះ ធ្វើឡើងស្របពេលវៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ ខ្ពស់បំផុត។


អត្ថបទទាក់ទង


វ៉ាក់សាំងនេះជាជំនួយលើកទីពីរហើយ ពីសំណាក់អាមេរិក ឱ្យមកវៀតណាម ដែលមានចំនួនសរុបទាំងអស់ ៥លានដូស ក្រោមគម្រោងជាង ៨០លានដូសរបស់រដ្ឋបាល លោកចូ បៃឌិន ។ វ៉ាក់សាំងក្រុមហ៊ុន Moderna នេះ ត្រូវបានវៀតណាម អនុម័តឱ្យប្រើប្រាស់បន្ទាន់នៅក្នុងខែមិថុនាមកម្លេះ។

មកទល់ពេលនេះ វៀតណាម ទទួលបានវ៉ាក់សាំងចំនួន ៧,៤៩លានដូស ក្រោមយន្តការCOVAX ដោយក្នុងនោះមាន វ៉ាក់សាំងក្រុមហ៊ុន Moderna ចំនួន ៥លានដូស និងវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ចំនួន ២,៤៩លានដូស។ កន្លងមក ក្រសួងសុខាភិបាលប្រទេសមួយនេះ បានប្តេជ្ញាកម្មង់ទិញវ៉ាក់សាំងឱ្យបាន ១០៥លានដូស សម្រាប់ផ្តល់ឱ្យប្រជាជនខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។

ការមកដល់វ៉ាក់សាំងរបស់អាមេរិកនេះ ធ្វើឡើងស្របពេលវៀតណាម មានករណីឆ្លងហក់ឡើងដល់ ៩,២២៥ករណី នៅថ្ងៃទី២៤ ខែកក្កដា។ នេះជាចំនួនដ៏ច្រើនបំផុតរបស់វៀតណាម គិតចាប់តាំងពីផ្ទុះជំងឺឆ្លងសកលនៅចុងឆ្នាំ២០១៩មក។ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា វៀតណាម បានរាយការណ៍ករណីឆ្លងចំនួន ៣៩២៧៩ករណីបន្ថែមទៀត។

តួលេខជំងឺកូវីដ-១៩ របស់វៀតណាមសរុបមានចំនួន ៩៤៩១៣ករណី​ និងអ្នកស្លាប់មានចំនួន ៣៧០នាក់។ អ្នកជាសះស្បើយមានត្រឹមតែ ១៧៥៨៣នាក់ប៉ុណ្ណោះ។ ស្របករណីឆ្លងហក់ឡើង វៀតណាម បានផ្តល់វ៉ាក់សាំងបង្កជំងឺកូវីដ-១៩ ដល់ប្រជាជនខ្លួន បានចំនួន ៤,៤៨លានដូស ដោយប្រជាជនជាង ៣៥ម៉ឺន បានទទួលវ៉ាក់សាំងពេញលេញ៕


Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com