ជាតិ
សង្គមជាតិ
សត្វត្មាត២ប្រភេទ បានវិលមកទ្រនំក្នុងដែនជម្រកសត្វព្រៃស្រែពកវិញ ក្រោយអវត្តមានច្រើនឆ្នាំ
25, Jul 2021 , 12:01 pm        
រូបភាព
រូបភាពដោយ WWF
រូបភាពដោយ WWF
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ​ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ(WWF) បានកត់ត្រាវត្តមានសត្វត្មាត២ប្រភេទ នៅក្នុងសម្បុកព្រៃធម្មជាតិនៃ ក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។ ដំណើរវិលត្រលប់របស់សត្វត្មាតពីប្រភេទនេះ បានក្លាយជាក្តីសង្ឃឹមរបស់ក្រសួងបរិស្ថាន និងក្រុមអ្នកអភិរក្ស ។



សត្វត្មាតទាំង២ប្រភេទនេះ មានត្មាតត្នោត២ក្បាល និងត្មាតផេះ១ក្បាល ដែលបានវិលត្រលបមកវិញទ្រនំ ក្នុងដែនជម្រកសត្វព្រៃស្រែពក នៅថ្ងៃទៅ២២ ខែកក្កដា។ វត្តមានជាថ្មីរបស់សត្វត្មាតនេះ  បានធ្វើឱ្យភាគីពាក់ព័ន្ធនានា សម្ដែងនូវភាពរីករាយ និងបង្កើនការការពារនិងអភិរក្សពួកវា នៅក្នុងព្រៃធម្មជាតិ។  ​


ប្រធានក្រុមអ្នកស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការ WWF កញ្ញា Milou Groenenberg បានសន្និដ្ឋានថា មូលហេតុដែលបណ្ដាលឱ្យត្មាតទាំងនោះ បាត់វត្តមានពីក្នុងតំបន់ស្រៃពក រយៈពេលយូរឆ្នាំនេះ អាចមកពីពួកវារងគ្រោះដោយសារការបំពុលប្រយោល នៃសារធាតុគីមី ដែលគេបានប្រើប្រាស់ក្នុងគោលបំណងផ្សេង។
សម្រាប់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ការវិលត្រលប់មកទ្រនំចាស់របស់សត្វត្មាតនេះ ក៏ជាផ្នែកមួយដែលបានបង្ហាញថា តំបន់ធម្មជាតិកម្ពុជា នៅតែជាទីសុវត្ថិភាពសម្រាប់ពួកវា ហើយក្រុមឧទ្យានុរក្ស​ ដែលតែងតែរក្សាដែនជម្រកសត្វព្រៃធម្មជាតិ និងប្រឹងប្រែងការពារទីជម្រក អាហារ និងប្រភព សម្រាប់ជីរៈចម្រុះគ្រប់ប្រភេទសម្រាប់ការរស់នៅរបស់ពួកវា។

អ្នកនាំពាក្យរូបនេះ ថ្លែងដូច្នេះ៖« សូមស្នើរគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមក្នុងការការពារនិងអភិរក្សសត្វត្មាត ដែលជាប្រភេទសត្វកម្របន្ថែមទៀត ដើម្បីផលប្រយោជន៍សម្រាប់ជីវៈចម្រុះ និងរក្សាបាននូវកេរតំណែលធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ»។

នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ លោក សេង ទៀក បានថ្លែងដូច្នេះ៖« ដំណឹងដ៏ល្អនេះពិតជាបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ​និងចូលរួមក្នុងការការពារធនធានដ៏កម្រនេះ។ ជាពិសេសក្រុមការងារនៃកម្មវិធីអភិរក្សតំបន់ព្រៃទេសភាពភាគខាងកើតនៃប្រទេសកម្ពុជា ដើម្បីជម្រុងឱ្យចំនួនសត្វបក្សីទាំងនេះ មានចំនួនកើតឡើងវិញក្នុងថ្ងៃខាងមុខ»។

ការធ្វើជំរឿនសត្វត្មាតថ្នាក់ជាតិដោយក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា នៅក្នុងឆមាសឆ្នាំ២០២១ បានបង្ហាញថា មានត្មាតសរុបចំនួន១២១ក្បាល ក្នុងនោះមានត្មាតភ្លើងចំនួន២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល៕


 

Tag:
 ត្មាត
  មណ្ឌលគិរី
  ស្រែពក
  អង្គការWWF
© រក្សាសិទ្ធិដោយ thmeythmey.com