COVID-19
អន្តរជាតិ
ចិន ផ្តល់វ៉ាក់សាំង ១ម៉ឺនដូស ដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា
25, Jul 2021 , 2:00 pm        
រូបភាព
(រូបពី Reuters)
(រូបពី Reuters)
ចិន បានផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនជាង ១ម៉ឺនដូស ទៅក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា ដែលមានវត្តមាននៅភាគខាងជើងប្រទេស ដើម្បីទប់ស្កាត់លំហូរចូលនៃអ្នកជំងឺកូវីដ-១៩ ចូលក្នុងប្រទេសចិន។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែកក្កដា។

 
ក្រុមកងទ័ពឯករាជ្យកាឈិន (Kachin) គឺជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយ ដែលមានវត្តមាននៅភាគខាងជើងមីយ៉ាន់ម៉ា។ ដើម្បីទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងតំបន់របស់ខ្លួនក្រុមជនជាតិភាគតិចមួយនេះ បានស្នើសុំវ៉ាក់សាំងពីចិន។ ជាការឆ្លើយតប ចិន បានផ្តល់វ៉ាក់សាំងច្រើនជាង ១ម៉ឺនដូស ដល់ក្រុមមួយនេះ។ 
 
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោក Col Naw Bu អ្នកនាំពាក្យក្រុមកងទ័ពឯករាជ្យកាឈិន បានអះអាងថា វ៉ាក់សាំងទាំងនោះ ត្រូវបានផ្តល់ដោយអាជ្ញាធរខេត្តYunnan។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ពីពេលវេលា ដែលចិនផ្តល់ឱ្យឡើយ។ 
 
ទន្ទឹមនេះ លោក Col Naw Bu បានបន្តថា ក្នុងចំណោមវ៉ាក់សាំងទាំងនោះ ក្រុមកងទ័ពឯករាជ្យកាឈិន បានទិញមួយចំនួន និងមួយចំនួនទៀត គឺជាជំនួយ។ ក្នុងពេលបច្ចុប្បន្ន ករណីឆ្លងជំងឺកូវីដ-១៩ បានហក់ឡើងយ៉ាងខ្លាំងនៅមីយ៉ាន់ម៉ា។ លើសពីនេះ ប្រជាជនមីយ៉ាន់ម៉ា ជាច្រើនរូប មានផ្ទុកវិជ្ជមានកូវីដ-១៩ នៅខេត្ត Yunnan ប្រទេសចិន។ នាពេលកន្លងទៅចិន បានបិទក្រុង Ruili ដែលមានព្រំដែនជាប់ជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីរកឃើញជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ 
 
មកទល់ពេលនេះ មីយ៉ាន់ម៉ា មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ២៦ម៉ឺននាក់ ខណៈអ្នកស្លាប់មានចំនួនជាង ៦ពាន់នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ១៨ម៉ឺននាក់៕
 
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com