កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ ចិន នាំមុខមេដាយច្រើនជាងគេ តាមពីក្រោយដោយម្ចាស់ផ្ទះ និងអាមេរិក
25, Jul 2021 , 10:30 pm        
រូបភាព

គិតត្រឹមថ្ងៃទី២៥ ខែកក្កដា មេដាយចំនួន៩៤មេដាយ ត្រូវបានបំពាក់ទៅឱ្យអត្តលិកមកពីប្រទេសចំនួន៤០ ក្រោយបើកការប្រកួតកីឡាអូឡាំពិកផ្លូវការរយៈពេល២ថ្ងៃ។ ចិនឈរនៅកំពូលតារាងក្នុងនាមអ្នករកបានមេដាយច្រើនជាងគេបណ្តោះអាសន្ន ខណៈម្ចាស់ផ្ទះជប៉ុនស្ថិតនៅលេខរៀងទី២។



ចំណោមប្រទេសទាំង៤០​ ដែលរកបានមេដាយ ចិនរកបានច្រើនជាងគេចំនួន១១ ក្នុងនោះមាស៦ ប្រាក់១ និងសំរឹទ្ធិ៤។ ជប៉ុននៅចំណាត់ថ្នាក់ទី២ ដោយរកបានមេដាយ៦ ក្នុងនោះមាស៥ និងប្រាក់១ តាមពីក្រោយដោយអាមេរិក ដែលឈ្នះមាស៤ ប្រាក់២ និងសំរឹទ្ធិ៤ សរុប១០។ កូរ៉េខាងត្បូងនៅចំណាត់ថ្នាក់ទី៤ ដោយរកបានមេដាយមាស២ និងសំរឹទ្ធឹ៣ សរុប៥។

ថៃ ជាប្រទេសអាស៊ានដំបូងគេ ដែលអាចរកបានមេដាយមាសពីព្រឹត្តិការណ៍កីឡារដូវកាលក្តៅក្រុងតូក្យូឆ្នាំ២០២០នេះ តាមរយៈការដណ្តើមបានពីកីឡាការិនីតេក្វាន់ដូវិញ្ញាសាក្រោម៤៩គីឡូក្រាម។ ឥណ្ឌូណេស៊ី បើទោះមិនទាន់រកបានមេដាយមាស ប៉ុន្តែពួកគេដណ្តើមបានមេដាយប្រាក់១ សឹរឹទ្ធ១រួចហើយ។

ប្រទេសដែលរកបានមេដាយមាសផ្សេងទៀត គិតចាប់ពីក្រោយការប្រកួតផ្លូវការបាន២ថ្ងៃមានដូចជា រុស្ស៊ី អ៊ីតាលី អូស្រ្តាលី ទុយនីស៊ី អូទ្រីស អេក្វាទ័រ ហុងគ្រី អ៊ីរ៉ង់ បារាំង​ អ៊ូសបេគីស្ថាន​ និងកូសូវូ។៕



Tag:
 Olympic
© រក្សាសិទ្ធិដោយ thmeythmey.com