អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សង្ខេបព្រឹត្តិការណ៍អន្តរជាតិ​សំខាន់ៗប្រ​ចាំសប្តាហ៍
25, Jul 2021 , 9:59 pm        
រូបភាព
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានកើតឡើង។ បញ្ហាការរីកសាយនៃជំងឺកូវីដ-១៩ នៅតែជាប្រធានបទដ៏ក្តៅ ដោយបណ្តាប្រទេសជាច្រើនដូចជា វៀតណាម ថៃ ឡាវ កំពុងមានករណីឆ្លងហក់ឡើង បើទោះបណ្តាប្រទេសនីមួយៗ កំពុងអនុវត្តកម្មវិធីផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនខ្លួនក្តី។ ស្របគ្នានេះ ប្រទេសចិន បានប្រឈមនឹងគ្រោះទឹកជំនន់ ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ មនុស្សមួយចំនួន បានបាត់បង់ជីវិត ខណៈមនុស្សជាច្រើនពាន់នាក់ផ្សេងទៀត ត្រូវជម្លៀសទៅរកកន្លែងមានសុវត្ថិភាព។



ថ្ងៃទី១៩ ខែកក្កដា

ចក្រភពអង់គ្លេស នឹងលើកចោលបម្រាមរឹតត្បិត ដែលទប់ស្កាត់ការរីកសាយជំងឺកូវីដ-១៩ នៅតំបន់មួយចំនួន បើទោះករណីឆ្លងប្រចាំថ្ងៃនៅតែបន្តហក់ឡើងខ្ពស់ និងមានការព្រមានពីការផ្ទុះរលកឆ្លងថ្មីក្ដី។ ចំណាត់ការថ្មីនេះ ក៏រួមមានទាំងការលុបចោលបម្រាមពាក់ម៉ាស់នៅទីសាធារណៈផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន បានសម្រេចមិនទៅ ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡា អូឡាំពិកទីក្រុងតូក្យូ និងជួបនាយករដ្ឋមន្រ្តីជប៉ុនឡើយ ដោយសារ នីតិវិធីបន្ទាប់ ហាក់មិនទាន់គ្រប់គ្រាន់ ដើម្បីបង្ហាញពីការសម្រេចបានលទ្ធផលណាមួយនៅក្នុងជំនួបមេដឹកនាំទាំងពីរ។

ថ្ងៃទី២០ ខែកក្កដា

យោធាចិន បានព្រមានថា ទំនប់វារីអគ្គិសនីមួយ ស្ថិតនៅក្នុងខេត្តហឺណាភាគកណ្តាលប្រទេសចិន អាចនឹងបាក់គ្រប់ពេលទាំងអស់ បន្ទាប់ពីរងការបំផ្លាញដោយព្យុះ និងភ្ញៀងធ្លាក់យ៉ាងខ្លាំងប៉ុន្មានថ្ងៃមកនេះ។

នាយករដ្ឋមន្រ្តីថ្មីហៃទី លោក Ariel Henry នៅថ្ងៃទី២០ ខែកក្កដា បានចូលកាន់តំណែងរបស់ខ្លួន បន្ទាប់ពីឃាតកម្មរបស់លោកប្រធានាធិបតី Jovenel Moise។ លោក Henry បានសន្យារក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងប្រទេស។

ថ្ងៃទី២១ ខែកក្កដា

អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman បានលើកឡើងថាការសម្របសម្រួលដ៏ជិតស្និទ្ធបានផ្ញើសារយ៉ាងច្បាស់ទៅកូរ៉េខាងជើង ដែលធ្វើឱ្យប្រទេសទាំងបីត្រូវប្រកៀកស្មាគ្នាដោះស្រាយ។

ប៉ូលិសប៉េរូ នៅថ្ងៃទី២១ ខែកក្កដា បានចាប់ខ្លួនបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យរដ្ឋមួយពីបទទាមទារ ប្រាក់ពីអ្នកផ្ទុកជំងឺកូវីដ-១៩ ដែលមានស្ថានភាពធ្ងន់ធ្ងរក្នុងម្នាក់ជាង២ម៉ឺនដុល្លារសម្រាប់ការចូល សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ថ្ងៃទី២២ ខែកក្កដា

គិតត្រឹមថ្ងៃទី២២ ខែកក្កដា មនុស្សរាប់ម៉ឺននាក់ កំពុងត្រូវជម្លៀសចេញពីតំបន់រងគ្រោះដោយទឹកជំនន់ដ៏ខ្លាំងក្នុងខេត្តហឺណានដែលសិ្ថតនៅភាគកណ្តាលប្រទេសចិន។ មន្រ្តីចិន បានរាយការណ៍អ្នកស្លាប់កើនឡើងរហូតដល់៣៣នាក់ក្នុងគ្រោះធម្មជាតិជិតមួយសប្តាហ៍មកនេះ។

មន្ត្រីគយចិន ប្រកាសនឹងហាមឃាត់ការនាំចូលគោក្របីពីឡាវ និងផលិតផល ដែលទាក់ទងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែក។ ការហាមឃាត់នេះ ធ្វើឡើងក្រោយឡាវមានករណីជំងឺនេះច្រើនលើសត្វគោក្របី។

ថ្ងៃទី២៣ ខែកក្កដា

ហ្វីលីពីន ហាមឃាត់អ្នកដំណើរមកពីថៃ និងម៉ាឡេស៊ី ព្រមទាំងចាត់វិធានការរឹតត្បិត នៅទីក្រុងម៉ានីល ដើម្បីបង្ការការឆ្លងវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា។

តាមការចុះផ្សាយរបស់ទីភ្នាក់ងាររដ្ឋចិន Xinhua នៅថ្ងៃទី២៣ ខែកក្កដា ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានធ្វើទស្សនកិច្ចដ៏កម្រមួយទៅតំបន់ស្វយ័តទីបេ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកក្កដា។នេះជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកំពូលចិន ទៅតំបន់ទីបេក្នុងពេល៣ទសវត្សរ៍មកនេះ។

ថ្ងៃទី២៤ ខែកក្កដា

វៀតណាម បានប្រកាសបិទខ្ទប់ក្រុងហាណូយរយៈពេល ១៥ថ្ងៃ ដោយផ្តើមអនុវត្តចេញពីថ្ងៃទី២៤ ខែកក្កដា ស្របពេលជំងឺកូវីដ-១៩ កំពុងរីកសាយនៅក្នុងប្រទេស។ ករណីឆ្លងប្រចាំថ្ងៃនៅវៀតណាម មានច្រើនពាន់ករណី។

ចិន បានផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនជាង ១ម៉ឺនដូស ទៅក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា ដែលមានវត្តមាននៅភាគខាងជើងប្រទេស ដើម្បីទប់ស្កាត់លំហូរចូលនៃអ្នកជំងឺកូវីដ-១៩ ចូលក្នុងប្រទេសចិន៕


Tag:
 កូវីដ-១៩
  ចិន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com