អន្តរជាតិ
ប្រធានាធិបតីទុយនីស៊ី ដកតំណែងនាយករដ្ឋមន្រ្តី បន្ទាប់ពីមានបាតុកម្មនៅក្នុងប្រទេស
26, Jul 2021 , 11:59 am        
រូបភាព
ប្រជាជនទុយណេស៊ី ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ រូបភាព៖ AFP
ប្រជាជនទុយណេស៊ី ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ រូបភាព៖ AFP
ប្រធានាធិបតីទុយនីស៊ី លោក Kais Saied នៅថ្ងៃទី២៥ ខែកក្កដា បានដកតំណែងនាយករដ្ឋមន្រ្តី និងផ្អាកសភា រួមទាំងដកអភ័យឯកសិទ្ធិរបស់សមាជិកសភាទាំងអស់។ ការសម្រេចចិត្តរបស់ប្រធានាធិបតីរូបនេះ ធ្វើឡើង ស្របពេលប្រទេសស្ថិតក្នុងតំបន់អាហ្រ្វ៊ិកខាងជើងមួយនេះ មានបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងរដ្ឋាភិបាលដែលគ្រប់គ្រងជំងឺកូវីដ-១៩ មិនបានល្អ។

 
បាតុករទុយនីស៊ីជាច្រើនពាន់នាក់ បានចេញមកបាតុកម្ម បន្ទាប់ពីផ្ទុះកំហឹងចំពោះរដ្ឋាភិបាល ដែលទប់ស្កាត់ជំងឺឆ្លងសកលមិនបានល្អ នៅក្នុងរដ្ឋធានីទុយនីស និងទីក្រុងផ្សេងទៀត។ បាតុកម្មនេះ ក៏បានឈានទៅដល់ប៉ះទង្គិចជាមួយកម្លាំងប៉ូលិសផងដែរ នៅថ្ងៃទី២៥ ខែកក្កដា។ ផ្លូវមួយចំនួន ក្នុងរដ្ឋធានី ដែលឆ្ពោះទៅមហាវិថី Avenue Bourguiba ត្រូវបិទ។ ផ្លូវ Avenue Bourguiba ធ្លាប់ជាកន្លែងដ៏សំខាន់មួយអំឡុងបដិវត្តអារ៉ាប់កាលពីមួយទសវត្សរ៍មុន។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីទុយនីស៊ី លោក Kais Saied បានដកតំណែងនាយករដ្ឋមន្រ្តី លោក Hichem Mechichi  និងសន្យាតែងតាំងនាយករដ្ឋមន្រ្តីថ្មីក្នុងពេលឆាប់ៗខាងមុខ។ យ៉ាងណាមិញ ក្រុមអ្នកប្រឆាំង បានចាត់ទុកចំណាត់ការរបស់លោកប្រធានាធិបតី ជារដ្ឋប្រហារ។ 
 
«យើងបានសម្រេចធ្វើបែបនេះ...រហូតដល់សន្តិភាពសង្គមមាននៅទុយនីស៊ីវិញ និងរហូតដល់អាចជួយសង្រ្គោះប្រទេសបាន»។ លោកប្រធានាធិបតី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ទៅកាន់ប្រជាជនរបស់ខ្លួន។ 
 
ស្របគ្នានឹងការដកតំណែងនាយករដ្ឋមន្រ្តី លោក Kais Saied ក៏បានផ្អាកកិច្ចប្រជុំសភា និងដកអភ័យឯកសិទ្ធិរបស់សមាជិកសភាទាំងអស់ផងដែរ។ បើតាមលោកប្រធានាធិបតី វិធានការនេះ ផ្អែកទៅតាមរដ្ឋធម្មនុញ្ញដែលអាចឱ្យលោកប្រើប្រាស់អំណាចប្រតិបត្តិ ក្នុងរយៈពេលមិនជាក់លាក់មួយរហូតដល់ស្ថានការណ៍មានភាពប្រក្រតីវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ។ 
 
ក្នុងបាតុកម្មថ្ងៃទី២៥ ខែកក្កដា ក្រុមបាតុករ បានស្រែកឱ្យចុះចេញពីតំណែង និងជំរុញឱ្យមានការរំលាយសភា និងរៀបចំការបោះឆ្នោតសភាឡើងវិញ។ ប៉ូលិស ក៏បានចាប់ខ្លួនបាតុករមួយចំនួនផងដែរ។ ការដកតំណែងនាយករដ្ឋមន្រ្តី និងផ្អាកសកម្មភាពសភាបែបនេះ ត្រូវបានប្រធានសភា លោក Rached Ghannouchi ចាត់ទុកថា ជាការធ្វើរដ្ឋប្រហារប្រឆាំងបដិវត្ត និងរដ្ឋធម្មនុញ្ញ។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ ទុយនីស៊ី មានករណីឆ្លងកូវីដ-១៩ ដល់ជាង ៥៦ម៉ឺននាក់ និងអ្នកស្លាប់ជាង ១,៨ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ៤៦ម៉ឺននាក់៕ 
 

Tag:
 ទុយនីស៊ី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com