កីឡាជាតិ
ជាតិ
ខ្សែការពារអង្គរថាយហ្គឺរ ស្រាំង ទិត្យឈី ត្រូវបានព្យួរ៤ប្រកួតពីបទជេរប្រមាថអាជ្ញាកណ្តាល
26, Jul 2021 , 2:09 pm        
រូបភាព
ដោយ: ថ្មីៗ
គណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាថ្ងៃទី២៦ ខែកក្កដា នេះ បានចេញសេចក្តីសម្រេចស្តីពីការព្យួរខ្សែការពារក្លិបអង្គរថាយហ្គឺរ ស្រាំង ទិត្យឈី មិនឲ្យចូលរួមប្រកួតដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) និង FFC ចំនួន៤ប្រកួត។ កីឡាកររូបនេះ ត្រូវបានរកឃើញថា បានជេរប្រមាថអាជ្ញាកណ្តាល នាជំនួបជាមួយក្លិបណាហ្គាវើលដ៍ កាលពីថ្ងៃទី២០ ខែកក្កដា នៅកីឡដ្ឋាន S.R.U ខេត្តសៀមរាប។

 
 
ក្លិបអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅខេត្តសៀមរាប កន្លងមក បានប្តឹងតវ៉ាទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំពោះការសម្រេចរបស់អាជ្ញាកណ្តាល ក្នុងជំនួបក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគជាមួយណាហ្គាវើលដ៍។ ក្នុងចំណោមការតវ៉ាទាំងនោះ មានការលើកទង់បដិសេធគ្រាប់បាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Da Cruz និងការពិន័យបណ្តេញចេញកីឡាករអង្គរថាយហ្គឺរដល់ទៅពីររូបជាបន្តបន្ទាប់ក្នុងនោះមាន ស្រង់ ទិត្យឈី និងឈង់ ប៊ុនណាត។
 
ចំពោះករណីអាជ្ញាកណ្ដាល ប្រើកាតក្រហមបណ្ដេញកីឡាករ ស្រាំង ទិត្យឈី ខ្សែការពារអង្គរថាយហ្គឺរ ពីការប្រកួតនៅនាទី៧៩ នោះ លោក កែវ សារ៉េត អគ្គលេខាធិការ FFC បានបញ្ជាក់ប្រាប់អគ្គលេខាធិការក្លិបអង្គរថាយហ្គឺរថា កីឡាកររូបនេះ ពិតជាបានប្រើពាក្យជេរប្រមាថលើអាជ្ញាកណ្ដាល។ លោកបានអះអាងតាមលិខិតថា FFC បានពិនិត្យវីដេអូ និងសួរដេញដោលអ្នកពាក់ព័ន្ធ មុននឹងវាយតម្លៃលើករណីនេះ។
 
បន្ថែមពីលើនេះ សេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក អេង ពៅទិត្យ ប្រធានគណៈកម្មការវិន័យ FFC បង្ហាញថា កីឡាករ ស្រាំង ទិត្យឈី ពិតជាបានជេរប្រមាថអាជ្ញាកណ្តាល ដោយការពិន័យគឺយោងតាមប្រការ៤៩ ត្រង់ចំណុច «ក» នៃក្រមវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
 
ក្រោយចាញ់ណាហ្គាវើល៍ ២-១ ក្នុងការប្រកួតដ៏ចម្រូងចម្រាស់ អង្គរថាយហ្គឺរ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយអាស៊ីអឺរ៉ុបយូណាយធីត កាលពីថ្ងៃអាទិត្យ ខណៈ ទិត្យឈី ត្រូវអវត្តមានដោយស្វ័យប្រវត្តិដោយសារកាតក្រហម។
 
«សាមីខ្លួនក្លិបកីឡាបាល់ទាត់អង្គរថាយហ្គឺរ មានសិទ្ធិប្តឹងទៅគណៈកម្មការឧទ្ធរណ៍សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេល៥ថ្ងៃ ក្រោយចេញសេចក្តីសម្រេចនេះ។ បើពុំមានប្តឹងឧទ្ធរណ៍ សេចក្តីសម្រេចនេះ ចូលជាធរមាន»។ នេះបើតាមខ្លឹមសារនៃសេចក្តីសម្រេច៕
 

Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com