រថយន្ត
អន្តរជាតិ
រថយន្តគ្មានមនុស្សបើក Nuro R2 បម្រើសេវាកម្មដឹកភីហ្សានៅក្រុង Houston
26, Jul 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
រថយន្តដែលបើកបរដោយស្វ័យប្រវត្តិ ត្រូវបានដាក់ដំណើរការសម្រាប់សេវាកម្មដឹកភីហ្សានៅក្នុងក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ យោងតាមការផ្សាយរបស់ The Verge នេះជាដំណើរការសាកល្បងរបស់ក្រុម Dimino’s Pizza ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនរ៉ូបូត Nuro។

 
រថយន្តដែលគ្មានអ្នកបើកបរ Nuro R2 អាចដឹកជញ្ជូនភីហ្សាទៅដល់ដៃអតិថិជនដែលបញ្ជាទិញពីបណ្តាហាងនៅតំបន់ Woodland Heights ក្នុងក្រុង Houston ប៉ុន្តែសម្រាប់អ្នកដែលបានបង់ប្រាក់មុន ហើយមានទីតាំង និងពេលវេលាជាក់លាក់តែប៉ុណ្ណោះ។
 
ក្រុមហ៊ុន Domino និង Nuro បានសហការគ្នាលើបច្ចេកវិទ្យានេះ ចាប់តាំងពីឆ្នាំ២០១៩មក។ អតិថិជនដែលបានបញ្ជាទិញ និងបង់ប្រាក់តាមអនឡាញរួចរាល់ នឹងទទួលបានលេខកូដសម្ងាត់ ហើយពេលរថយន្តទៅដល់ទីតាំង ពួកគេអាចប្រើលេខកូដនោះ ដើម្បីចុចបើកទ្វាររថយន្ត។


 
Nuro R2 ជារថយន្តដែលគ្មានអ្នកបើកបរលើកដំបូងដែលទទួលបានការអនុញ្ញាតឲ្យដណើរការពីនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០២០។ វាមានបំពាក់បច្ចេកវិទ្យាសុវត្ថិភាពផ្សេងៗ ដើម្បីទប់ស្កាត់ការក្លែងបន្លំផងដែរ។
 
តាមពិតទៅ រថយន្ត Nuro ត្រូវបានប្រើប្រាស់រួចហើយលើករដឹកជញ្ជូនឥវ៉ាន់នានាពីហាង CVS Pharmacy ក្នុងក្រុង Houston ហើយកាលពីខែមេសា វាត្រូវបានប្រើប្រាស់សម្រាប់សម្ភារវេជ្ជសាស្ត្រទៅកាន់កីឡដ្ឋានពីរកន្លែងនៅរដ្ឋ California ដើម្បីព្យាបាលអ្នកកើតកូវីដ-១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com