កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទាត់អូឡាំពិក៖ ម្ចាស់ផ្ទះជប៉ុន កក់កៅអីវគ្គ៨ក្រុម ខណៈអាហ្វ្រិកខាងត្បូង និងអារ៉ាប៊ីសាអូឌីត ហាលអាវ
26, Jul 2021 , 3:47 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជប៉ុនបុរស អាយុក្រោម២៣ឆ្នាំ (U-23) បានសិទ្ធឡើងទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិក្រោយឈ្នះម៉ិកស៊ិក ២-១ នាជំនួបលើកទី២ពូល A ដើម្បីឈានទៅដណ្តើមមេដាយ ពីព្រឹត្តិការណ៍អូឡាំពិក២០២០ ។ ម្ចាស់ផ្ទះរកបាន៦ពិន្ទុពេញ ពីជ័យជម្នះទាំងពីរប្រកួតដំបូង។


ខ្សែបម្រើឆ្នើម Takefusa Kubo ដែលរកបាន១គ្រាប់ ដើម្បីជួយជប៉ុនឈ្នះអាហ្វ្រិកខាងត្បូង ១-០ កាលពីជំនួបបើកឆាក បានបន្តរកគ្រាប់បាល់ឱ្យជាលើកទី២ នៅពេលប៉ះម៉ិកស៊ិក នៅថ្ងៃទី២៥ ខែកក្កដា។ Ritsu Doan រកបានគ្រាប់បាល់ទី២ឱ្យក្រុមម្ចាស់ផ្ទះ មុនពេល Roberto Alvarado តាមបានមួយគ្រាប់វិញ សម្រាប់ម៉ិកស៊ិក។ 
 
ជ័យជម្នះទាំងពីរលើកដំបូងនេះ គ្រប់គ្រាន់ហើយសម្រាប់ក្រុម U-23 ជប៉ុន កក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដើម្បីបន្តដំណើរទៅប្រជែងយកមេដាយពីព្រឹត្តិការណ៍កីឡារដូវក្តៅ ដែលពន្យាមួយឆ្នាំ ដោយសារជំងឺកូវីដ-១៩។ មួយប្រកួតចុងក្រោយជាជំនួបបង្គ្រប់កិច្ច ជប៉ុនត្រូវប៉ះ បារាំងដែលបានវាយបកយកឈ្នះ អាហ្រិកខាងត្បូង ៤-៣ នៅជំនួបលើកទី២ពូល A។
 
ខ្សែប្រយុទ្ធ Andre-Pierre Gignac ធ្វើបាន៣គ្រាប់ម្នាក់ឯង (hat-trick) ឱ្យ U-23 បារាំង ដើម្បីទទួលបាន៣ពិន្ទុលើកដំបូង ក្រោយបរាជ័យនៅជំនួបបើកឆាក។ 
 
អាហ្វិ្រកខាងត្បូង ដែលបរាជ័យពីរលើកអស់ឱកាសទៅវគ្គបន្តទៅហើយ តែត្រូវជួបម៉ិកស៊ិក សម្រាប់ប្រកួតបង្គ្រប់កិច្ចរបស់ខ្លួន។ យ៉ាងណា នេះជាជំនួបសំខាន់សម្រាប់ម៉ិកស៊ិក ដែលត្រូវប្រជែងពិន្ទុ ជាមួយបារាំង ដើម្បីបានមួយកៅអីទៅវគ្គ៨ក្រុមចុងក្រោយ។
ក្រៅពីអាហ្វិ្រកខាងត្បូងនេះ U-23 របស់អារ៉ាប៊ីសាអូឌីត ក៏ត្រូវហាលអាវ ត្រឹមវគ្គសន្សំពិន្ទុដែរ ក្រោយបន្តបរាជ័យជាលើកទី២ ក្រោមថ្វីជើងអាល្លឺម៉ង់ក្នុងលទ្ធផល ៣-២។ ក្នុងពូល D នេះ សល់ក្រុម៣ ត្រូវប្រជែងគ្នាយកពីក្រុមទៅវគ្គបន្ត បន្ទាប់ពីម្ចាស់ការពារជើងឯកប្រេស៊ីលប្រកួតស្មើកូដឌីវ័រ ០-០។ ប្រេស៊ីលដែលឈរកំពូលតារាងមាន៤ពិន្ទុ ត្រូវប៉ះអារ៉ាប៊ីសាអូឌី ខណៈកូដឌីវ័រ ដែលមាន៤ពិន្ទុនៅលេខ២ ត្រូវជួបអាល្លឺម៉ង់ ដែលមាន៣ពិន្ទុ ស្ថិតនៅលេខ៣ក្នុងតារាងពូល D។
 
ដោយឡែកក្រុមដទៃទៀតដូចជា អាហ្សង់ទីន និងអេស្ប៉ាញ សុទ្ធតែរកបានជ័យជម្នះរៀងខ្លួន ក្រោយបរាជ័យនៅជំនួបបើកឆាករួចមក។ អាហ្សង់ទីនយកឈ្នះអេហ្ស៊ីប ១-០ សម្រាប់ការប្រកួតពូល C ខណៈអេស្ប៉ាញ ឈ្នះអូស្ត្រាលី ១-០ ដូចគ្នា។ អេស្ប៉ាញដែលស្មើ១ឈ្នះមួយមាន៤ពិន្ទុ ឈរកំពូលតារាងពូល C តាមពីក្រោយដោយអូស្ត្រាលី និងអាហ្សង់ទីន ដែលមាន៣ពិន្ទុដូចគ្នា ឯអេហ្ស៊ីបនៅបាតតារាងមាន១ពិន្ទុ។
 
ក្រុមទាំង៤ក្នុងពូល C មានឱកាសប្រជែងគ្នា នៅជំនួបចុងក្រោយ ដើម្បីរក២ក្រុមទៅវគ្គខ្វែង ដោយអាហ្សង់ទីន ត្រូវជូបអេស្ប៉ាញ ឯអេហ្ស៊ីប ប៉ះអូស្ត្រាលី។
កូរ៉េខាងត្បូង បានយកឈ្នះរូម៉ានីដល់ទៅ ៤-០ បន្ទាប់ពួកគេចាញ់នូវែលសេឡង់ នៅជំនួបបើកឆាកពូល B។ ក្រោយរកបានដល់ទៅ៤គ្រាប់ ក្រុមអាស៊ីមួយនេះ ឡើងទៅឈរកំពូលតារាងពូល B តាមពីក្រោយដោយហុងឌូរ៉ាស នូវែលសេឡង់ និងរូម៉ានី ដែលមាន៣ពិន្ទុស្មើគ្នាទាំង៤។ ក្រុមទាំង៤សុទ្ធតែប្រកួតចាញ់១ និងស្មើ១ដូចគ្នា ហុងឌូរ៉ាសយកឈ្នះនូវែលសេឡង់ ៣-២។  
 
ប្រកួតចុងក្រោយពូល B រូម៉ានី ទល់ជាមួយនូវែលសេឡង់ និងកូរ៉េខាងត្បូងត្រូវប្រជែងនឹងហុងឌូរ៉ាស។ 
ការប្រកួតចុងក្រោយតាមពូលពី A ដល់ D នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ចាប់ពីម៉ោង ៣:០០នាទីរសៀល [ម៉ោងនៅកម្ពជា] តទៅ៕
 
 

Tag:
 Olympic
  បាល់ទាត់អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com