ជាតិ
បញ្ហាដីធ្លីនៅភូមិតានី ខេត្តសៀមរាប៖ ពលរដ្ឋសុំពន្យារពេលអនុវត្តន៍ដំណោះស្រាយថ្មី តែអាជ្ញាធរបដិសេធ
26, Jul 2021 , 4:09 pm        
រូបភាព
 ក្រុមពលរដ្ឋរងគ្រោះដីធ្លីនៅភូមិតានី ឡើងមកសុំរកដំណោះស្រាយថ្មីនៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១៕
ក្រុមពលរដ្ឋរងគ្រោះដីធ្លីនៅភូមិតានី ឡើងមកសុំរកដំណោះស្រាយថ្មីនៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១៕
សៀមរាប៖ ពលរដ្ឋភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ចំនួន២៣គ្រួសារ បាននាំគ្នាឡើងមកសាលាខេត្ត ក្នុងបំណងជួបអភិបាលខេត្ត ដើម្បីដោះស្រាយរឿងទំនាស់ដីធ្លី។ សកម្មភាពនេះ ធ្វើឡើង បន្ទាប់ពីអាជ្ញាធរបានដាក់កំហិតត្រឹម២សប្ដាហ៍ ដើម្បីឱ្យពួកគេព្រមទទួលយកដំណោះស្រាយគោលយោបាយនៅទីតាំងថ្មី ដែលពលរដ្ឋអះអាងថា មិនសមរម្យចំពោះដីដែលត្រូវអាជ្ញាធរកាត់យកនោះទេ។ 

 
ការព្យាយាមចង់ជួបអភិបាលខេត្ត ដើម្បីស្នើឱ្យពន្យារពេលដោះស្រាយគោលនយោបាយថ្មី របស់ក្រុមប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅភូមិតានី បានបរាជ័យ ដ្បិតថាសំណើពួកគេ ត្រូវបានអាជ្ញាធរខេត្តបដិសេធ។ បន្ថែមពីនេះ ពួកគេត្រូវបានអាជ្ញាធរាគំរាមប្រើហិង្សា ប្រសិនបើពួកគេបន្តទាមទារ តវ៉ា និងមិនព្រមយកគោលនយោបាយបញ្ចប់រឿងនេះ។ 
 
 
តំណាងពលរដ្ឋរងគ្រោះ លោក ហ៊ន់ រ៉ាវុធ បានប្រាប់សារព័ត៌មានថ្មីៗថា លោកមានការសោកស្ដាយជាខ្លាំង នៅពេលអាជ្ញាធរបដិសេធ មិនព្រមដោះស្រាយសមរម្យជូនពលរដ្ឋ ជាជាងប្រកាន់ជំហរបង្ខំពលរដ្ឋឱ្យទទួលយកដីនៅទីតាំងថ្មី។ លោកបន្ថែមថា អាជ្ញាធរខេត្តនៅតែទទូចឱ្យពលរដ្ឋព្រមយកដីទំហំ ២០មx៣០ម នៅទីតាំងដីទំនាស់ ដែលអាជ្ញាធររៀបចំជាភូមិឋានជូនពលរដ្ឋរងគ្រោះ ពីការអភិវឌ្ឍក្នុងក្រុង។ 
 
យ៉ាងណាក៏ដោយ តំណាងពលរដ្ឋភូមិតានីរូបនេះ អះអាងថា ពួកគេនៅតែប្រកាន់ជំហរមិនព្រមទទួលយកគោលនយោបាយដោះដូរនេះ ដ្បិតសម្រាប់លោកទំហំបាត់បង់ធៀបនឹងសំណង មិនសមរម្យ និងយុត្តិធម៌ឡើយ។ លោកបេ្ដជ្ញាមិនរាថយ ឬចាកចេញពីដីធ្លីខ្លួនឡើយ ទោះរងការប្រើហិង្សាពីអាជ្ញាធរក៏ដោយ។
 

ក្រុមពលរដ្ឋរងគ្រោះដីធ្លីនៅភូមិតានី ឡើងមកសុំរកដំណោះស្រាយថ្មីនៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១៕

នាយករដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល បានព្រមានចាត់វិធានការ លើពលរដ្ឋរងគ្រោះទាំងនោះ ប្រសិនបើពួកគេបន្តទាមទារទៀត។ លោក សុខ ថុល៖« អត់ទេ បើទាមទារ ចាប់ហើយ តែទាមទារ ឱ្យតែមានខុសច្បាប់ យើងអនុវត្តច្បាប់ហើយ»។ 
 
នាយករដ្ឋបាលរូបនេះពន្យល់ថា ករណីនេះកើតឡើងយូរហើយ ជំនាន់លោក ស៊ូរ ភារិន្ទ ជាអភិបាលខេត្តមកម្ល៉េះ ដែលកាលណោះ មានការរៀបចំអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ហើយគណៈកម្មការអន្តរក្រសួង ក៏បានដោះស្រាយគោលនយោបាយរួចហើយដែរ តែក្រោយមកក៏លេចចេញពលរដ្ឋប៉ុន្មានគ្រួសារទៀតចេញតវ៉ា។ លោក បន្ថែមថា៖‍«យើងចង់បញ្ចប់រឿងនេះជាមួយអប្សរាទៅ ចែកដីឱ្យគាត់ថា ២០ ៣០ (២០មx៣០ម) ដូចអ្នកមាត់ស្ទឹងដែរទៅដើម្បីបញ្ចប់រឿងហ្នឹង តែ {ពលរដ្ឋ} អត់ព្រម»។
 
មន្រ្តីសិទ្ធិមនុស្ស និងឃ្លាំមើលដីធ្លី អង្គការអាដហុក ប្រចាំខេត្តសៀមរាប លោក សួស ណារិន ដែលបានតាមដានសកម្មភាពពលរដ្ឋរងគ្រោះដីធ្លី នៅព្រឹកថ្ងៃទី២៦ កក្កដា នៅសាលាខេត្តសៀមរាប បានទទូចឱ្យអាជ្ញាធរ ដោះស្រាយបញ្ហានេះដោយស្មារតីយោគយល់ ជាងការប្រើហិង្សាលើប្រជាពលរដ្ឋ។ លោក សួស ណរិន មានប្រសាសន៍ថា៖«សូមឱ្យដោះស្រាយសមរម្យ និងយុត្ដិធម៌។ ពាក្យថាសមរម្យ និងយុត្តិធម៌ គឺមានចែងក្នុងច្បាប់ភូមិបាល។ ចឹងបើការដោះស្រាយអត់សមរម្យ និងយុត្ដិធម៌ និងផ្តល់សំណងសមរម្យឱ្យគាត់ទេ វាជាទង្វើមួយរំលោភលើសិទ្ធិរបស់ពលរដ្ឋក្នុងការកាន់កាប់ដីធ្លី»។


 ក្រុមពលរដ្ឋរងគ្រោះដីធ្លីនៅភូមិតានី ឡើងមកសុំរកដំណោះស្រាយថ្មីនៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១៕

ក្នុងញត្តិដែលបានដាក់ទៅសាលាខេត្តនៅព្រឹកថ្ងៃទី២៦ កក្កដា នេះ បានបញ្ជាក់ថា ពួកគេមានភាពស្របច្បាប់ លើការកាន់កាប់ដីធ្លីទាំងនោះ និងបានអាស្រ័យផលតាំងពីដូនតាមក និងមានការបញ្ជាក់សិទ្ធិកាន់កាប់ត្រឹមត្រូវ ដែលទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ក្រុមប្រជាពលរដ្ឋ សុំឱ្យអាជ្ញាធរ ដោះស្រាយបញ្ហាខាងលើ ស្របតាមសិទ្ធិ និងច្បាប់ ដើម្បីយុត្តិធម៌សង្គម និងយុត្តិធម៌នៃច្បាប់។ 
 
សូមបញ្ជាក់ថា អាជ្ញាធរបានចាប់ផ្តើមអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក នៅអំឡុងឆ្នាំ២០០៥ ដើម្បីរៀបចំសង់លំនៅឋាន ក៏ដូចជាដីចម្ការសម្រាប់អ្នកភូមិនៅតំបន់១ និងតំបន់២ នៃមរណីយដ្ឋានអង្គរ ដែលមានបំណងបំបែកខ្នងផ្ទះ។ ភូមិនេះ មានផ្ទៃដីជាង១ពាន់ហិកតា ហើយកាលណោះ អាជ្ញាធរបានទិញដីពីពលរដ្ឋតម្លៃ៣០០ ទៅ៧០០ដុល្លារ ក្នុងមួយហិកតា តាមភូមិសាស្រ្ដដីជាក់ស្ដែង។ យ៉ាងណា នៅសល់ពលរដ្ឋជាង២០គ្រួសារទៀត ដែលមិនព្រមលក់ដីនេះ ដោយបន្តទាមទារចង់បានការដោះស្រាយនៅនឹងកន្លែង សមរម្យ និងយុត្តិធម៌៕
 

Tag:
 ជម្លោះដីធ្លី
  ភូមិតានី
  រុនតាឯក
  បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com