ជាតិ
សមត្ថកិច្ចឃាត់នាវាមួយគ្រឿងនៅកោះរ៉ុងសន្លឹម ដែលឆ្លងដែនខុសច្បាប់មកពីចិន
26, Jul 2021 , 4:55 pm        
រូបភាព
ជនជាតិចិនដែលឆ្លងដែនខុសច្បាប់មកកម្ពុជាតាមនាវាត្រូវសមត្ថកិច្ចឃាត់នៅថ្ងៃទី២៤កក្កដា ឆ្នាំ២០២១។ (រូបពីទំព័រហ្វេសប៊ុករបស់លោក Huy Bunleng)
ជនជាតិចិនដែលឆ្លងដែនខុសច្បាប់មកកម្ពុជាតាមនាវាត្រូវសមត្ថកិច្ចឃាត់នៅថ្ងៃទី២៤កក្កដា ឆ្នាំ២០២១។ (រូបពីទំព័រហ្វេសប៊ុករបស់លោក Huy Bunleng)
ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់នាវាមួយគ្រឿង ដែលមានមនុស្ស៣៨នាក់ ឆ្លងដែនចូលសមុទ្រកម្ពុជាខុសច្បាប់ នៅភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។


លោក ឆាយ គឹមខឿន អ្នកនាំពាក្យស្នងការនគរបាលជាតិ បញ្ជាក់ថា សមត្ថកិច្ចបានឃាត់នាវាមួយគ្រឿង ដែលមានមនុស្ស៣៨នាក់ កាលពីថ្ងៃទី២៤ កក្កដានេះ ។ ក្នុងនោះមាន ជនជាតិចិន៣៦នាក់ និងជនជាតិខ្មែរ២នាក់។ លោកអះអាងថា នាវានេះ គឺឆ្លងដែនខុសច្បាប់ពីចិន កាលពីថ្ងៃទី១៨ កក្កដា។ 
 
«សមត្ថកិច្ចបានឃាត់នាវានេះហើយ(នាវាដែលឆ្លងខុសច្បាប់ពីចិនកម្ពុជា) យើងកំពុងតែអនុវត្តនីតិវិធី ដោយបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដលដើម្បីធ្វើការងារបន្ត»។ នេះបើតាមលោក ឆាយ គឹមខឿន ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាម WhatsApp។ 
 
ចំណែកអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោកមិនទាន់ទទួលបានរបាយការណ៍ជុំវិញករណីឆ្លងដែនខុសច្បាប់ទាំងនោះទេ។ រីឯ លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ សុំមិនបកស្រាយរឿងនេះ ដោយរុញឲ្យសាកសួរទៅអគ្គនាយកដ្ឋាននគរបាលជាតិ៕ 
 

Tag:
 នាវា
  ឆ្លងដែន
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com