កីឡាអន្តរជាតិ
អន្តរជាតិ
វ័យត្រឹម១៣ឆ្នាំ កីឡាការិនីជប៉ុន Momiji ឈ្នះមេដាយមាសអូឡាំពិក
26, Jul 2021 , 5:29 pm        
រូបភាព
ក្មេងស្រី Nishiya Momiji អាយុ១៣ឆ្នាំ ឈ្នះមេដាយមាសឱ្យម្ចាស់ផ្ទះជប៉ុន លើវិញ្ញាសាជិះបន្ទះក្តាររអិល (Women’s Street) ពីព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូឆ្នាំ២០២០។ មកទល់ពេលនេះ ជប៉ុនកើនមេដាយមាស៦ហើយ ក្នុងចំណោមមេដាយសរុបចំនួន៩។

 
ត្រឹមអាយុ ១៣ ឆ្នាំ Momiji បានក្លាយជាអ្នកឈ្នះមេដាយមាសក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិក ក្រោយរយៈពេល៨៥ឆ្នាំ។ Momiji បានប្រជែងឈ្នះ Rayssa Leal អត្តពលិកវ័យ១៣ឆ្នាំដូចគ្នារបស់ប្រេស៊ីល ខណៈមេដាយសំរឹទ្ធិបានទៅកីឡាការិនីជប៉ុន Nakayama Funa វ័យ១៦ឆ្នាំ ពីកីឡាជិះបន្ទះក្តាររអិលនាកីឡារដូវក្តៅដែលពន្យាមកធ្វើនៅឆ្នាំ២០២១ ដោយសារកូវីដ-១៩។
 
ទោះបីជាយ៉ាងណាក៏ដោយ Momiji ជាកីឡាការីនីវ័យក្មេងទីពីរ​ដែលឈ្នះមេដាយមាសក្នុងអាយុ១៣ឆ្នាំ និង​៣៣០ថ្ងៃ។ កីឡាការិនីដែលជាម្ចាស់កំណត់ត្រាបច្ចុប្បន្ន គឺ​ម្ចាស់មេដាយមាសអូឡាំពិក​ឆ្នាំ​១៩៣៦ កីឡាការិនីអាមេរិក Morjorie Gestring ក្នុងអាយុ​១៣ឆ្នាំ និង​២៦៧ថ្ងៃ។
  


នេះជាមេដាយមាសទីពីររបស់អត្តពលិកជប៉ុនលើវិញ្ញាសាជិះបន្ទះក្តាររអិល ក្រោយមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកីឡាករ Yuto Horigome រកបានមេដាយមាសដំបូងនៅថ្ងៃទី២៥ ខែកក្កដា។ គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ម្ចាស់ផ្ទះរកបានមេដាយមាស៦ ប្រាក់១ និងសំរឹទ្ធិ២ សរុប៩ ឈរនៅចំណាត់ថ្នាក់ទី៣ ក្នុងតារាងបន្ទាប់ពីអាមេរិក និងចិន។
 
អាមេរិក បានឡើងទៅឈរកំពូលតារាងលើការនាំមុខមេដាយច្រើនជាងគេ ក្នុងនោះរកបានមេដាយមាស៧ ប្រាក់៣ និងសំរឹទ្ធិ៤ សរុប១៤ តាមពីក្រោយដោយចិនដែលរកបានមេដាយសរុប១៥ ក្នុងនោះមាស៦ ប្រាក់៣ និងសំរឹទ្ធិ៦។
 
ចក្រភពអង់គ្លេសរកបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធិ១ សរុប៦ ស្ថិតនៅចំណាត់ថ្នាក់ទី៤ ខណៈកូរ៉េខាងត្បូងនៅលេខ៥ មានមេដាយសរុប៦ មាស៣ និងសំរឹទ្ធិ៣។ អូស្ត្រាលី រុស្ស៊ី អ៊ីតាលី កាណាដា និងបារាំង ស្ថិតក្នុងចំណោម Top 10 បណ្តោះអាសន្ន៕


 

Tag:
 Nishiya Momiji
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com