កីឡាអន្តរជាតិ
អន្តរជាតិ
ទូតចិននៅស្រីលង្កា ខឹង Reuters ដែលយករូបថតម្ចាស់មេដាយមាសចិនមិនស្អាតទៅបង្ហោះ...
27, Jul 2021 , 8:29 am        
រូបភាព
ស្ថានទូតចិនប្រចាំស្រីលង្កា តាមរយៈបណ្តាញសង្គមរបស់ខ្លួន បានរិះគន់ទីភ្នាក់ងារព័ត៌មាន Reuters និង CNN ចំពោះការផ្សព្វផ្សាយរូបភាពមិនល្អពីចិនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020) ដោយចោទថា ព័ត៌មានលោកខាងលិចយកនយោបាយឡូកឡំជាមួយកីឡា។

 
«ក្នុងចំណោមរូបថតជាច្រើន Reuters បានជ្រើសរើសយករូបមួយនេះ ដែលត្រឹមតែបង្ហាញឲ្យឃើញថា ពួកគេពិតជាអាក្រក់។ សូមកុំយកនយោបាយ និងមនោគមន៍វិជ្ជាទៅឡូកឡំជាមួយកីឡា ហើយហៅ ខ្លួនឯងថា ជាស្ថាប័នព័ត៌មានឯករាជ្យ។ ពិតជាគួរឲ្យខ្មាស់អៀនណាស់។ សូមគោរពស្មារតី កីឡាអូឡាំពិក»។ 
 
សំណេរនៅលើ Twitter កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងមកនេះ គឺស្ថានទូតចិនប្រចាំស្រីលង្កា សំដៅលើការដាក់រូបកីឡាការិនី Zhihui Hou ដែលបានឈ្នះមេដាយមាសកីឡាលើកទម្ងន់៤៩គីឡូក្រាម ដោយរូបថតដែល Reuters បង្ហាញពីទឹកមុខដ៏អាក្រក់របស់ម្ចាស់មេដាយមាស។
 
ក្រោយមក ស្ថានទូត បានយករូបកីឡាករ Hou ភ្ជាប់ជាមួយជ័យលាភីផ្សេងទៀតដែលមានទឹកមុខ ខុសគ្នា ដោយបានសរសេរថា «ថ្ងៃដូចគ្នា អូឡាំពិកដូចគ្នា រ៉យទ័រដូចគ្នា ប៉ុន្តែមុខផ្សេងគ្នា។ ប្រហែលជាអ្វីៗទាំងអស់ដែលល្អក្នុងជីវិត មានភាពងាយស្រួលជាងសម្រាប់ក្រុមស្បែកសលោកខាងលិច? យើងនិយាយបានថា ប្រព័ន្ធផ្សព្វផ្សាយលំអៀងទាំងនោះ គឺអាក្រក់ណាស់ មិនមែនអត្តពលិកឡើយ។ ពួកគេស្រស់ស្អាត ទោះបីជាពួកគេមានពណ៌សម្បុរ ឬសញ្ជាតិអ្វីក៏ដោយ»។
 
ក្រៅពី Reuters ស្ថានទូតចិននៅស្រីលង្កា ក៏បានរិះគន់ CNN ផងដែរ ការសរសេរចំណងជើងលើព័ត៌មាន Updates អូឡាំពិកថា «មេដាយមាសសម្រាប់ចិន...និងករណីកូវីដ-១៩ បន្ថែមទៀត» (Gold for China…and more Covid-19 cases)។



ទូតស្រីលង្កា បានការពារប្រតិកម្មរបស់ខ្លួនប្រឆាំងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ហើយបានចោទ CNN ថាបានបង្ហាញពីសកម្មភាពប្រឆាំងចិន មនុស្សធម៌ ក្នុងរបាយការណ៍របស់ខ្លួនពីព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ។
 
ទោះបីជាយ៉ាងណាក៏ដោយស្ថានទូតចិននៅស្រីសង្កា បានកត់សម្គាល់ឃើញការកែប្រែរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី២៥ ខែកក្កដា ដែលបានបង្ហោះរូបម្ចាស់មេដាយមាសលើទម្ងន់ម្នាក់ទៀតរបស់ចិន គឺ Li Fabin ជាមួយនឹងស្នាមញញឹម៕
 


© រក្សាសិទ្ធិដោយ thmeythmey.com