កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd យល់ព្រមបង់៤៧លានដុល្លារ ដើម្បីយក Varane ពី Real Madrid
27, Jul 2021 , 10:05 am        
រូបភាព
Raphael Varane ខ្សែការពាររបស់ Real Madrid នឹងចូលរួមជាមួយ Manchester United ក្រោយក្លិបទាំងពីរចរចាត្រូវរ៉ូវគ្នាលើតម្លៃផ្ទេរដំបូងប្រហែល៤៧លានដុល្លារអាមេរិក។


 
បើតាមការផ្សាយរបស់កាសែត BBC ខ្សែការពារសញ្ជាតិបារាំង វ័យ២៨ឆ្នាំរូបនេះបានប្រាប់ក្លិប Real Madrid ថា រូបគេមិនបន្តលើកិច្ចសន្យាដែលនៅសល់បច្ចុប្បន្ន១ឆ្នាំទៀតទេ។ ដោយសារហេតុផលនេះ ទើបក្លិបយក្សអេស្ប៉ាញយល់ព្រមលក់ Varane ទៅឱ្យបិសាចក្រហមតែម្តង។
 
សម្រាប់តម្លៃផ្ទេរបស់ Varane តម្រូវឱ្យ Man Utd បង់ទៅឱ្យ Real លើកដំបូង៤៧លានដុល្លារ និងបន្ថែមនៅពេលក្រោយចំនួន១១លានដុល្លារទៀត។ ការផ្ទេទៅ Old Trafford ក៏តម្រូវឱ្យ Varane បន្ថយប្រាក់ពលកម្មមួយចំនួនដែរបើធៀបជាមួយក្រុម Real Madrid។
 
Varane ដែលផ្ទេពី Lens នៃលីគកំពូលបារាំងកាលពីឆ្នាំ ២០១១ បានជួយក្រុមរហស្សនាមអធិរាជសលើកពាន La Liga ចំនួន៣ដង និង Champions League ៤សម័យ។
ប្រសិនបើកិច្ចព្រមព្រៀមបញ្ចប់ជោគជ័យ នោះ Varane នឹងក្លាយជាកីឡាករទីពីរ បន្ទាប់ពី Man Utd យកបាន Jadon Sancho ពី Borussia Dortmund ក្នុងតម្លៃ ១០០លានដុល្លារ។ Sancho ខ្សែបម្រើអន្តរជាតិអង់គ្លេស វ័យ២១ឆ្នាំ បានបង្ហាញខ្លួនជាផ្លូវការនៅ Old Trafford រួចហើយកាលពីសប្តាហ៍មុន។
 
ការមកដល់របស់ Sancho និង Varane ស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ក្នុងការពង្រឹងតំបន់ការពារ និងបម្រើ ដើម្បីប្រជែងជាមួយក្រុមធំៗដទៃទៀត ទាំងពានរង្វាន់លីគក្នុងស្រុក និង Champions League៕
 

Tag:
 Raphael Varane
  Real Madrid
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com